ប្រធាន​សាខាគយ​ខេត្តកោះកុង កំពុងតែ​ប្រឹងប្រែង​ស្រង់ដើម​តាម​គ្រប់​វិធី​

​គេ​មិនដឹងថា​លោក សំ កុសល ចំណាយលុយ​អស់​ប៉ុន្មាន​ដើម្បី​ទទួល​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តកោះកុង​នោះទេ ទើប​បន្ទាប់ពី​ទទួលបាន​តំណែង​នេះ លោក សំ កុសល ខំប្រឹង​ប្រមូល​ផលប្រយោជន៍​តាម​គ្រប់​វិធី​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។ សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា​រយៈពេល​ប្រមាណ​៣​ខែ​កន្លងមកនេះ បទល្មើស​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ពី​ប្រទេស​សៀម​កើតឡើង​យ៉ាង​អនាធិបតេយ្យ​ទាំង​តាម​ផ្លូវទឹក​និង​តាម​ផ្លូវគោក​។ មន្ត្រី​គយ​តូចតាច​ក្នុង​ខេត្តកោះកុង ក៏បាន​ឲ្យ​ដឹង​ដែរ​ថា លោក សំ កុសល និង​បក្ខពួក​មួយ​ក្តាប់​តូច​កំពុង​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​ផលប្រយោជន៍​យ៉ាង​សុខ​ស្រួល​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

​សេចក្តីរាយការណ៍​ពី​មន្ត្រី​គយ​តូចតាច​ក្នុង​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា រយៈពេល​ប្រមាណ​៣​ខែ​កន្លងទៅនេះ​បទល្មើស​នាំចូល​ម៉ូតូ​ទំនើបៗ​គេចពន្ធ​តាម​ច្រក​អន្តរជាតិ​ចាំ​យាម និង​ច្រក​ផ្លូវ​សមុទ្រ​មួយចំនួនទៀត​យ៉ាង​គគ្រឹកគគ្រេង​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ ជាងនេះទៅទៀត​លោក សំ កុសល បាន​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​យ៉ាង​ពេញបន្ទុក ហើយ​ថែមទាំង​ដាក់​កុងត្រូលជជុះ​នៅ​ចំណុច​អណ្ដូងទឹក ដើម្បី​ជំរិត​យកលុយ​ពី​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​ទៀតផង​។

​ប្រភពពី​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​ក្នុង​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា​ការដែល​ឈ្មួញ​អាច​នាំចូល​ម៉ូតូ​អត់​ពន្ធ ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​តាម​ច្រក​អន្តរជាតិ​ចាំ​យាម​យ៉ាង​ពេញបន្ទុក គឺមាន​ការបើក​ដៃ​ពី​លោក សំ កុសល ប្រធាន​សាខាគយ​ខេត្តកោះកុង ជាមួយ​លោក ថេ​ង ម៉ុង​ហួន ដែលជា​មេ​គយ​ប្រចាំ​ច្រក​នេះ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ទំនិញគេចពន្ធ​គ្រប់​ប្រភេទ​ដូចជា ប្រេងសាំង ទំនិញ​ចាប់ហួយ គ្រឿងសំណង់ ម៉ូតូ​គេចពន្ធ​ជាដើម គឺជា​ប្រភព​ចំណូល​ដ៏​ធំ​របស់លោក សំ កុសល ហើយ​មេ​គយ​រូបនេះ​មាន​ជំនាញ​ខាង​អង្គុយ​រាប់​ក្បាល​រថយន្ត​យកលុយ​យ៉ាង​រលូន​។ អ្វីដែល​អាក្រក់​បំផុត​នោះ គឺ​លោក សំ កុសល រក្សាទុក​ប៉ុស្តិ៍​ជជុះ​របស់​សមត្ថកិច្ច​គ​យ​នៅ​ចំណុច​អណ្តូងទឹក ដើម្បី​ជំរិត​យកលុយ​ពី​ឈ្មួញ​ដែល​ដឹកជញ្ជូន​ទំនិញ​ពី​ច្រក​ចាំ​យាម និង​ពី​ច្រក​នានា​ឆ្លងកាត់​គោលដៅ​នេះ បើទោះបី​ពុំមាន​ការអនុញ្ញាត​ពី​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ យ៉ាងណាក៏ដោយ​៕

1488150_413522845469235_4339751423067069054_nលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ W@t-07119 W@t-07117ម៉ូតូគេចពន្ធចូលតាមច្រកអន្តរជាតិចាំយាម