​បញ្ហានយោបាយ​នៅ​កម្ពុជា​ត្រូវបាន​លោក សម រង្ស៊ី លើក​យកទៅ​ពិភាក្សា​ជាមួយ​មេដឹកនាំ​ជប៉ុន​

ប្រធាន​ក្រុមតំណាងរាស្ត្រ​សំឡេង​ភាគតិច​ក្នុង​សភា និង​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​សរសេរ​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក របស់លោក​ឲ្យ​ដឹងថា ចាប់ពី​ថ្ងៃទី​០៩ ដល់​ថ្ងៃទី ១៣ ខែ វិច្ឆិកា ២០១៥ រូបលោក​និង លោក កឹម​សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​នឹង​ជួប​ជាមួយ​អ្នកតំណាងរាស្ត្រ មន្ត្រី​រដ្ឋាភិបាល និង​ជនជាតិខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​។​

​លោក អេង ឆៃអ៊ាង តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌលកណ្តាល និង​ជា​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា នៅក្នុង​ជំនួប​ជាមួយ​មន្ត្រី​ជប៉ុន លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ទំនង​នឹង​អាច​លើកយក​បញ្ហានយោបាយ​នៅ​កម្ពុជា​ទៅ​ជជែក​គ្នា ។  លោក អេង ឆៃអ៊ាង បាន​ពន្យល់ថា ជា​ការពិតហើយ​ព្រោះថា​កាលណា​យើង​ធ្វើ​អ្វីមួយ យើង​ត្រូវយក​រឿង​ពិត​មក​និយាយ​ពី​បច្ចុប្បន្នភាព និង​ស្ថានការណ៍​ទូទៅ បើ​អ្នកនយោបាយ​គឺ​ច្បាស់​ជា​និយាយ​ក្នុង​បែប​នយោបាយ​ហើយ​។ គួរ​បញ្ជាក់ថា ក្រោយពី​ទៅ​ចូលរួម​កិច្ចប្រជុំ​នៅក្នុង​ប្រទេស​ម៉ុង​ហ្គោ​លី លោក សម រង្ស៊ី នឹង​បន្តទៅ​ជួបពិភាក្សា​ជាមួយ​មន្ត្រីការទូត​ជប៉ុន មុននឹង​បញ្ចប់​ជំនួប​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េខាងត្បូង​នៅក្នុង​សប្តាហ៍​នេះ​។​

​គួរ​បញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​រប​ស់​ប្រធាន​ក្រុមតំណាងរាស្ត្រ​សំឡេង​ភាគតិច​ក្នុង​សភា និង​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ក្នុងអំឡុង​ខែវិច្ឆិកា​នេះ​នៅ​ប្រទេស​ម៉ុង​ហ្គោ​លី ប្រទេស​ជប៉ុន និង ប្រទេស​កូរ៉េ រួមមាន ៖ ពីថ្ងៃ​ទី​០៦ ដល់​ថ្ងៃទី​០៩ វិច្ឆិកា នៅ​ប្រទេស ម៉ុង​ហ្គោ​លី គណៈប្រតិភូ គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ចូលរួម​ស​ន្និសិទ​អន្តរជាតិ​ស្តីពី​គោលដៅ​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព រៀបចំ​ដោយ​ក្រុមប្រឹក្សា​អ្នក​សេរីនិយម និង អ្នកប្រជាធិបតេយ្យ​ក្នុង​ទ្វីបអាស៊ី​។ ពីថ្ងៃ​ទី​០៩ ដល់​ថ្ងៃទី ១៣ វិច្ឆិកា នៅ​ប្រទេស​ជប៉ុន លោក សម រង្ស៊ី ជាមួយ​លោក កឹម សុខា នឹង​ជួប​ជាមួយ អ្នកតំណាងរាស្ត្រ មន្ត្រី​រដ្ឋាភិបាល និង​បងប្អូន​ជនជាតិខ្មែរ​យើង ដែល​រស់នៅ​ប្រទេស​ប្រទេស​ជប៉ុន​។ ពីថ្ងៃ​ទី ១៣ ដល់​ថ្ងៃទី ១៦ វិច្ឆិកា នៅ​ប្រទេស​កូរ៉េខាងត្បូង លោក សម រង្ស៊ី ជាមួយ​លោក កឹម​សុខា នឹង​ជួប​ជាមួយ បងប្អូន​ខ្មែរ​ដែល​រស់នៅ​ប្រទេស​កូរ៉េខាងត្បូង​៕

1463455_627247233998680_1592021611_n 12063586_989939954396071_4008587714180326059_n 12191389_989366497786750_4753225623821699685_n 12191920_990028624387204_8117153704774892514_n