មន្ត្រីរដ្ឋបាល​ព្រៃឈើ​ម្នាក់ និង​នគរបាល​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់មុខ​បាញ់​ស្លាប់​នៅ​ស្រុក​ជាំ​ក្សាន្ត

ខេត្តព្រះវិហារ​៖​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ម្នាក់ និង​មន្ត្រីនគរបាល​ម្នាក់​ស្លាប់ គ្រា​ដែល​ជន​មិន​ស្គាល់មុខ​លួច​ឆ្មក់​បាញ់ប្រហារ​មកលើ​ក្រុម​ល្បាត​ក្នុង​តំបន់​ការពារ​ព្រៃឈើ​នៅលើ​ចំណុច​អូរ​បាក់កក្នុងភូមិ​សាស្ត្រ​នៃ​ភូមិ​មរកត ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ កាលពី​​រំលងអធ្រាត្រ​ថ្ងៃទី​៦វិច្ឆិកា ឈានចូល​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៥​។ 

​    ​មន្ត្រីនគរបាល ការពារ​ព្រំដែន​គោក​វរ​សេនា​តូច​លេខ​១០៥ ដែលជា​អ្នករងរបួស​កំពុង​ស​ម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​១៦​មករា ខេត្តព្រះវិហារ បាន​ឲ្យ​ដឹង​នា​រសៀល​ថ្ងៃទី​០៨ វិច្ឆិកា​ថា ហេតុការណ៍​បាញ់ប្រហារ​នេះ​បាន​កើតឡើង​ក្រោយ​ពេលដែល​ក្រុម​ល្បាត​របស់ខ្លួន ជួបប្រទះ​ឃើញ​ក្រុម​ល្មើស​២​ក្រុម​ធ្វើ​សកម្មភាព​អារឈើ​ក្នុងព្រៃ​នៅ​ចំណុច អូរ​បាក់​.​ក​នោះ ហើយ​រឹបអូស​បាន​ម៉ាស៊ីន​ដៃ​អារឈើ​(​ដង់​ស៊ឺ​ន័​រ​)​ជាច្រើន​គ្រឿង រួមទាំង​អាវុធ​កែច្នៃ​២​ដើម​ផងដែរ ។ 

​     មន្ត្រីនគរបាល​នោះបាន​បន្ត​ឲ្យ​ដឹងថា ដោយសារតែ​ពេលយប់​ឈាន​មកដល់​ក្រុម​របស់ខ្លួន​ក៏បាន​បោះតង់​សម្រាក​កណ្តាល ព្រៃ លុះដល់​រំលងអធ្រាត្រ ក៏មាន​ហេតុការណ៍​នេះ​កើតឡើង​តែម្តង ។ 

​    ​លោកនាយ ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​មេបញ្ជាការ​នគរបាលជាតិ​ប្រចាំ​ទិស​ទី​៤ និង​ទិស​ទី​៥ នា​រសៀល​ថ្ងៃទី​០៨ វិច្ឆិកា បាន​ដឹកនាំ​ប្រតិភូ​មន្ត្រី​នគរបាលជាតិ​ប្រចាំ​ទិស​ទី​៤ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ បំពាក់​កម្រងផ្កា និង​បំពាក់​ឋានន្តរសក្តិ​កិច្ច​ប​ច្ឆា​មរណៈ​ជូន​ដល់​សព ពលបាលឯក សាប់ យស់ នាយរង​ផ្នែក​សន្តិសុខ​នៃ​អធិការដ្ឋាន​ស្រុក​ឆែប ដែល​បាន​ពលី​ជីវិត​នៅក្នុង​ព្រឹត្តិ​ហេតុ​នោះ ។ 

​    ​សព អនុសេនីយ៍ត្រី សាប់ យស់ ត្រួវបាន​ក្រុមគ្រួសារ និង​មានការ​ជ្រោមជ្រែង​ពី​គណៈបញ្ជាការ​នគរបាល​ជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៤ រៀបចំ​ពិធីបុណ្យ​ទក្ខិណានុប្បទាន នៅ​ទីរួមស្រុក​ឆែប ខេត្តព្រះវិហារ តែម្តង និង លោក សៀង ណា​រ៉ុង មន្ត្រីរដ្ឋបាល​ព្រៃឈើ ជា​ប្រធាន​ក្រុម​ល្បាត (​ស្លាប់​) ។ 

​    ​នៅក្នុង ដំណើរ​ចូលរួម​កាន់​មរណទុក្ខ​នេះ ក្នុងនាម​តំណាង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ បាន​នាំយក​ថវិកា​ជូន​ដល់​សព​អនុសេនីយ៍ត្រី សាប់ យស់ ៤​លាន​រៀល ជួយ​រំលែក​នូវ​ការខ្វះខាត​ដល់​គ្រួសារ​សព និង​ភ្ជាប់​ជាមួយ​ថវិកា​របស់​សមាគម​មិត្ត​នគរបាលជាតិ​៤​លាន​រៀល​បន្ថែមទៀត និង​មាន​អំណោយ​ជា​ស្បៀងអាហារ​មួយចំនួនទៀត​ផងដែរ​៕

មន្ត្រីរដ្ឋបាល​ព្រៃឈើ​ម្នាក់ និង​នគរបាល​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់មុខ​បាញ់​ស្លាប់​នៅ​ស្រុក​ជាំ​ក្សាន្ត
មន្ត្រីរដ្ឋបាល​ព្រៃឈើ​ម្នាក់ និង​នគរបាល​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់មុខ​បាញ់​ស្លាប់​នៅ​ស្រុក​ជាំ​ក្សាន្ត
មន្ត្រីរដ្ឋបាល​ព្រៃឈើ​ម្នាក់ និង​នគរបាល​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់មុខ​បាញ់​ស្លាប់​នៅ​ស្រុក​ជាំ​ក្សាន្ត