គណបក្សលោកស្រី អ៊ុងសាន ស៊ូជី រំពឹងថាទទួល បានសម្លេងគាំទ្រ លើសលប់

រ៉ងហ្គូន ៖ វាជាការបោះឆ្នោត ប្រកបដោយលទ្ធិប្រជាធិបតេយ្យ ពេញលេញបំផុតសម្រាប់ ប្រទេស មីយ៉ាន់ម៉ា ក្នុងរយៈពេល ២៥ឆ្នាំមកនេះ ហើយបន្ទាប់ពីការបញ្ចប់ ការបោះឆ្នោត ដែលមាន ប្រជាជនភូមា ៩០ ភាគរយបាន ទៅចូលរួម កាលពីថ្ងៃអាទិត្យ ទី០៨ ខែវិច្ឆិកា ឆ្នាំ ២០១៥ មកនេះ គ្រប់គ្នាកំពុងរង់ចាំលទ្ធផលយ៉ាងអន្ទះសារ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយនៅថ្ងៃចន្ទ នេះទៀតថា មុនពេលនៃការបោះ ឆ្នោត ក្រុមបណ្តាញ សារព័ត៌មាន ជាតិ និង អន្តរជាតិចំនួន ១១ ស្ថាប័ន បានចុះធ្វើការស្រង់ មតិនៅ គ្រប់ច្រកល្ហក ទូទាំងប្រទេស មីយ៉ាន់ម៉ា ដោយក្នុងនោះគេ បាន សាកសួរមនុស្សជាង ១.៣០០ នាក់។ ជាលទ្ធផល អ្នកគាំទ្ររដ្ឋាភិបាល ដែលមានយោធានៅពីក្រោយខ្នង ដូចសព្វ ថ្ងៃនោះមានមិនដល់ ៥ភាគរយនោះទេ។

យ៉ាងណាក៏ដោយ ការបោះឆ្នោតនៅភូមា ក្នុងឆ្នាំ ២០១៥ នេះ ត្រូវបានគេមើលឃើញថា ប្រកបដោយភាព សេរី និង ត្រឹមត្រូវ ជាងពេលណាៗទាំងអស់  ប៉ុន្តែភាពអសកម្ម និង បញ្ហារកាំរកុះមួយចំនួន ពាក់ព័ន្ធនឹង កំណែទម្រង់ នៃការបោះឆ្នោត, ការគម្រាមកំហែង, និង ការរំពឹងលទ្ធផលដែលចេញមក អាចមានការគោរព ឲ្យបានពេញ លេញដែរ ឬ អត់នោះ។

បើទោះបីជា លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានច្បាប់កំណត់ថា មិនអាចគ្រងតំណែងជា ប្រធានាធិបតីក៏ដោយ ក៏គណបក្សសម្ព័ន្ធភាពជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ របស់លោកស្រី ត្រូវបានគេរំពឹងទុកថា នឹងឈ្នះឆ្នោត យ៉ាងភ្លូកទឹក ភ្លូកដីផងដែរ។ សម្រាប់លទ្ធផលនៃការ បោះឆ្នោត នឹងត្រូវប្រកាសនៅម៉ោង ៩ ព្រឹកថ្ងៃចន្ទ នេះ ជាផ្លូវការតែម្តង៕

គណបក្សលោកស្រី អ៊ុងសាន ស៊ូជី រំពឹងថាទទួល បានសម្លេងគាំទ្រ លើសលប់