រូងភ្នំ​ស្តេច​គង់​បន្ទាយមាស ក្លាយជា​កន្លែង​ក្រុម​ស្ទាវ ប្រុស​ស្រី​ជក់​ថ្នាំ​ញៀន

រូងភ្នំ​ស្តេច​គង់​បន្ទាយមាស ក្លាយជា​កន្លែង​ក្រុម​ស្ទាវ ប្រុស​ស្រី​ជក់​ថ្នាំ​ញៀន

ខេត្តកំពត ៖ អ្នកស្រុក​នៅ​ភូមិ​ស្ដេច​គង់ ឃុំ​ស្ដេច​គង់​ខាងត្បូង ស្រុក​បន្ទាយមាស បានឱ្យ​ដឹង​ថា ក្រុម​ក្មេង​ស្ទាវ​មាន​ស្រី​-​ប្រុស​តែង​នាំ​គ្នា​ពពាក់ពពូន​ជិះ​ម៉ូតូឌុប​គ្នា​មក​ពួន​ជក់​ថ្នាំ​ញៀននៅ​ក្នុង​រូងភ្នំ​ស្ដេច​គង់​នេះ​ជា​ប្រចាំ ។

បើ​តាម​ការ​អះអាង​ពី​អ្នក​ភូមិ​ម្នាក់​ឈ្មោះ កែវ ណាត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ស្ដេច​គង់ ហៅ​ក្រៅ​ភូមិ​ថ្មី ឃុំ​ស្ដេច​គង់ ស្រុក​បន្ទាយមាស បាន​និយាយ​ថា ដំបូង​ឡើយ​អ្នក​ភូមិ​ស្មាន​តែ​ក្រុម​ក្មេង​ៗ​ទាំងនោះ​មក​លេង​កម្សាន្ត​នៅ​ក្នុ​ុ​ង​រូងភ្នំ ។ គិត​យូរ​ៗ​ទៅ​អ្នក​ភូមិ​នាំ​គ្នា​ទៅ​ពិនិត្យ​ដល់​ក្នុង​រូង​ទើប​ឃើញ​សំបក​ដប​ក្នុង​រូង ឃើញ​សំបក​ដប​ទឹក​សុទ្ធ បំពង់​បើ​ត កញ្ចប់​បារី ហើយ​ក្រុម​ក្មេង​ៗ​ទាំងនោះ​ជា​ក្រុម​ដែល​អ្នក​ភូមិ​មិន​ដែល​ស្គាល់​ទេ ច្រើន​តែ​មក​ពី​ឆ្ងាយ​ៗ​ណាត់គ្នា​មក​ជក់​នៅ​ក្នុង​រូងភ្នំ​នេះ ។ 

អ្នក​ភូមិ​ស្ដេច​គង់​ឧស្សាហ៍​ចេញ​មក​ឃ្វាលគោ​នៅ​ជើងភ្នំ​បាន​និយាយ​ថា ដោយសារ​តែ​ក្រុម​ក្មេង​ស្ទាវ​មាន​ម៉ូតូ​តូច​ធំ​ជិះ​ចេញ ជិះ​ចូល​នៅ​ក្បែរ​ភ្នំ​ស្ដេច​គង់​នោះ គាត់​ក៏​រើស​បាន​ថ្នាំ​ញៀន​មួយ​កញ្ចប់​តូច​ដូច​ជា សាច់ជូ​ស ប៉ុន្តែ​ថ្នាំ​ញៀន​១​កញ្ចប់​នោះ​គាត់​ក៏​បាន​បោះចោល​បាត់​ទៅ​វិញ​ហើយ ។

លោក ទ​ន ភ​ន ប្រធាន​ភូមិ​ដើម​ចំរៀក ឃុំ​ស្ដេច​គង់​ខាងលិច ស្រុក​បន្ទាយមាស បាន​ប្រាប់​ឱ្យ​ដឹង​ថា ទោះជា​មាន​ភូមិ​ឃុំ​ខុស​គ្នា​បែប​នេះ​ក្ដី ប៉ុន្តែ​ភូមិសាស្ដ្រ​នៅ​កៀក​កិត​គ្នា​បង្កើយ អាច​ដឹង​ព័ត៌មាន​ក្រុម​ក្មេង​ស្ទាវ​នេះ នាំ​គ្នា​មក​ជក់​ថ្នាំ​ញៀន​ប្រាកដ​ហើយ នៅ​ក្នុង​រូងភ្នំ ។ លោក​ប្រធាន​ភូមិ​បាន​និយាយ​ថា នៅ​ក្នុង​រូងភ្នំ​ស្ដេច​គង់​នោះ​គេ​ឃើញ​មាន​ដាន​កង់​ម៉ូតូ​តូច​ធំ ចេញចូល​ទក់​ដី​អស់ ហើយ​និង​វត្ថុ​តាង​មួយ​ចំនួន​ត្រូវ​បាន​គេ​ជក់ ហើយ​ពួក​គេ​បោះចោល​ទៅ​ក្នុង​ទឹក ក្នុង​ល្អាង​ភ្នំ​នោះ ។

គេ​បាន​សម្គាល់​ឃើញ​ថា នៅ​ក្នុង​ឆ្នាំ​២០១៥ នេះ​បន្ទាប់​ពី​លោក ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ឡើង​កាន់​តំណែង​ជា​ស្នងការ​នគរបាល​ខេត្ត​មក មានការ​បង្ក្រាប​យ៉ាង​ម៉ឹ​ង​ម៉ាត់​បំផុត បញ្ហា​អ្នក​ចែកចាយ​គឿ​ង​ញៀន​និង​អ្នក​ជក់ និង​ឃាត់ខ្លួន​បានជា​ហូរហែ​រួម​ទាំង​ព្រះរាជអាជ្ញា​រង សាលាដំបូង​ខេត្ត​ផង បាន​សហការ​ចុះ​បង្ក្រាប ៕