ការ​ស៊ើប​អង្កេត​ក្តៅ​គគុក ជុំវិញ​ការ​រំលោភ​ប៉ង​សម្លាប់ ចាប់ខ្លួន​ស្ត្រី​សង្ស័យ​ពាក់ព័ន្ធ

ការ​ស៊ើប​អង្កេត​ក្តៅ​គគុក ជុំវិញ​ការ​រំលោភ​ប៉ង​សម្លាប់ ចាប់ខ្លួន​ស្ត្រី​សង្ស័យ​ពាក់ព័ន្ធ

ខេត្តកំពង់ឆ្នាំង ៖ សំណុំរឿង​ដែល​កំពុង ស៊ើបអង្កេត​យ៉ាង​ក្តៅ​គគុក របស់​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្ម​ទណ្ឌ​​ក​ម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ក្នុង​រឿង​ចាប់រំលោភក្មេង​ស្រី​អាយុ​១៤​ឆ្នាំ បាន​ស​ម្រ​ច រួច​វាយ​ប៉ង​សម្លាប់​បំបិទមាត់ ហើយ​ប្រឌិត​ជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដែល​កំពុង​ធ្វើ​ឱ្យ​ម​ជ្ឍ​ដ្ឋា​ន​នានា​ថ្កោលទោស និង​រង់ចាំ​មើល​ស្នាដៃ​របស់​សមត្ថកិច្ច​នោះ ពេល​នេះ​បាន​ឃាត់ខ្លួន​នារី​ជា​ជនសង្ស័យ​ម្នាក់​ហើយ ។

ក្រោយ​ពេល​សួរ​ចម្លើយ ក៏​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ «​ឃាតកម្ម ដោយ​មាន​អំពើ​រំលោភ​សេពសន្ថវៈ​» ហើយ​ក៏​ត្រូវ​បាន​តុលាការខេត្ត ស​ម្រ​ច​ឃុំខ្លួន​នារី​សង្ស័យ​រូប​នេះ ដាក់​ពន្ធនាគារ​រួច​ហើយ​ដែរ កាលពី​ព្រឹក​ថ្ងៃ​ទី​៧ វិច្ឆិកា បន្ទាប់​ពី​លោក ព្រះរាជអាជ្ញា និង​លោក​ចៅក្រម​សាកសួរ រយៈពេល​២​ថ្ងៃ​រួច​មក ។

ក្នុង​របាយការណ៍​យ៉ាង​វែង​របស់​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បានឱ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​កើតហេតុ ថ្ងៃ​ទី​២១ កញ្ញា ឆ្នាំ​២០១៥ នារី​ជា​ជនសង្ស័យ​ឈ្មោះ ស៊ី​ន ស្រី​ភាស់ អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង បាន​បបួល កុមារី​រង​គ្រោះ​អាយុ​១៤​ឆ្នាំ​ម្នាក់ និង​កុមា​រា​១១​ឆ្នាំ​ម្នាក់​ទៀត ទៅ​មើល​ការ​ប្រគំ​តន្ត្រី​ពាណិជ្ជកម្ម កម្ពុជា -​ថៃ នៅ​ក្នុង​ស្តា​ត​ចាស់ ស្ថិត​ក្នុងភូមិ​ធម្មយុត្តិ សង្កាត់​ប្អេ​រ ។

ពេល​នោះ​ឈ្មោះ ស៊ី​ន ស្រី​ភាស់ បាន​ជួប​និង​មនុស្ស​ប្រុស​៣​នាក់ ក្នុង​នោះ មាន​ម្នាក់​គឺជា សង្សា​របស់​នាង ។ ក្រោយ​​ពី​មើល​ការ​ប្រគំ​តន្ត្រី​រួច ទាំងអស់​គ្នា​មាន​៦​នាក់ គឺ​កុមារី​រង​គ្រោះ ឈ្មោះ ស៊ី​ន ស្រី​ភាស់​, ក្មេង​ប្រុស អាយុ​១១​ឆ្នាំ (​ឈ្មោះ​ណូ​) ដែល​ទៅ​ជាមួយ និង​មនុស្ស​ប្រុស​៣​នាក់ ក៏​បាន​នាំ​គ្នា​មក​អង្គុយ​លេង​នៅ​សួនច្បារ​ក​ង្រី ។ បន្ទាប់​មក មនុស្ស​ប្រុស​៣​នាក់​ដែល​មក​ជាមួយ បាន​ដើរ​ចូល​ទៅ​ក្នុង​ម​តេ្ត​យ្យ​សាលា​គំរូ​ក្រុង​បាត់​ទៅ ។ បន្ទាប់​មក​ឈ្មោះ ស៊ី​ន ស្រី​ភាស់ បាន​អូស​ដៃ​កុមារី​រង​គ្រោះ​ចូល​តាម​ក្រោយ ទោះបី​នាង​ប្រកែក​ក៏​ដោយ ចំណែក​កុមារ​អាយុ​១១​ឆ្នាំ មិន​បាន​ទៅ​ជាមួយ​ទេ ។

ពេល​ចូល​ដល់​ក្នុង​បរិវេណ​សាលារៀន​ស្រាប់តែ​ឃើញ​មនុស្ស​ប្រុស​២​នាក់ បាន​ចាប់​កុមារី​រង​គ្រោះ​រំលោភ ។ ចំណែក​មនុស្ស​ប្រុស​ម្នាក់​ទៀត បាន​ទៅ​ជួប​ជាមួយ​នារី ឈ្មោះ  ស៊ិ​ន ស្រី​ភាស់ ជា​សង្សារ  ដែល​នៅ​មិន​ឆ្ងាយ​ពី​កុមារី​រង​គ្រោះ​ដែល​កំពុង​ត្រូវ​គេ​ចាប់រំលោភ​នោះ ហើយ​ទោះ​ក្មេង​ស្រី​រង​គ្រោះ​ស្រែក​ឱ្យ​ជួយ ក៏​ពួក​គេ​២​នាក់​ជា​សង្សារ​នឹង​គ្នា​នោះ ធ្វើ​មិនដឹង​ដែរ ។

របាយការណ៍​ដដែល​បញ្ជាក់​ថា ក្រោយ​ពេល​ចេញពី​ក្នុង​បរិវេណ​សាលា​វិញ កុមារី​រង​គ្រោះ​ដោយ​ការ​ឈឺចាប់​ពេក ដើរ​បណ្តើរ ជេរ​បណ្តើរ ស្រាប់តែ​ត្រូវ​ជនសង្ស័យ​ទាំង​២​នាក់​នោះ វាយ​នឹង​វត្ថុ​រឹង​ពីក្រោយ បណ្តាល​ឱ្យ​ដួល​សន្លប់​នៅ​ដី ហើយ​មាន​អ្នក​ទូរស័ព្ទ ទៅ​ឪពុក​ម្តាយ​នាង​ថា​នាង​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ត្រូវ​ម៉ូតូ​បុក និង​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។

របាយការណ៍​ដដែល​បាន​បន្ត​ដោយ​ស្រង់​សម្តី​របស់​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ថា ពេល​បន្ត​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត រាជធានី​ភ្នំពេញ ដោយសារ​រង​របួសធ្ងន់​ផ្នែក​ក្បាល គ្រូពេទ្យ​បាន​ធ្វើការ​សុង​ប្រដាប់​ភេទ​នាង ក៏​ឃើញ​ប្រដាប់​ភេទ​នាង​មាន​របួស​ដោយសារ​ការ​រំលោភ ហើយ​ស្ត្រី​ជា​ម្តាយ​ក៏​កាន់តែ​សង្ស័យ បើ​គ្រោះថ្នាក់​ចរាចរណ៍ ម៉េច​ទៅ​ជា​របួស​ប្រដាប់​ភេទ​បែប​នេះ ។ លុះ​រយៈពេល​៩​ថ្ងៃ កុមារី​រង​គ្រោះ​ដឹងខ្លួន​វិញ  បាន​និយាយ​ប្រាប់​រឿងរ៉ាវ​ទាំងអស់​ប្រាប់​ឪពុក​ម្តាយ​នាង ទើប​ឪពុក​ម្តា​យមក​ដាក់​ពាក្យបណ្តឹង​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​តែ​ម្តង ។

ក្នុង​របាយការណ៍​ដដែល​បានឱ្យ​ដឹង​ទៀត​ថា នារី​ជា​ជនសង្ស័យ​មិន​បាន​ឆ្លើយ​សារភាព​ទេ តែ​មាន​ចម្លើយ​ខ្លះ​អាច​ដាក់បន្ទុក​បាន រួម​ផ្សំ​នឹង​មាន​សាក្សី​ធ្លាប់​ឮ​នារី​សង្ស័យ ធ្លោយ​ប្រាប់​គេ​ថា កុមារី​រង​គ្រោះ មិនមែន​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ទេ គឺ​គេ​វាយ​ព្រោះ​ខឹង​វា​ជេរ​ម្រា​យ​គេ ។

ដោយសារ​តែ​នារី​សង្ស័យ​មិន​ព្រម​សារភាព​បែប​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​មានការ​លំបាក​ដល់​ការ​ស្រាវជ្រាវ​ចាប់​ជន​ដៃដល់ ។ ប៉ុន្តែ​ពេល​នេះ សមត្ថកិច្ច​កំពុង​ស៊ើបអង្កេត​យ៉ាង​យកចិត្តទុកដាក់​បំផុត ។ ចាំ​មើល​តើ​បុរស​២​នាក់ ដែល​ចាប់​នាង​រំលោភ​នោះ ជា​អ្នក​ណា បានជា​សមត្ថកិច្ច​ពិបាក​វែកមុខ​ម្ល៉េះ ៕