ភ្នំពេញ​ក្រោ​ន​ពិន័យ​កីឡាករ​៧​រូប និង​មន្ត្រី​៤​រូប​ជុំវិញ​ការកំណត់​លទ្ធផល​

លោក ឬទ្ធី សំណាង ប្រធានក្លិបភ្នំពេញ​ក្រោន​ក្លិប​ភ្នំពេញ​ក្រោ​ន កាលពី​ថ្ងៃទី​៨ ខែវិច្ឆិកា បានចេញ​សេចក្តីថ្លែងការណ៍​ស្តីពី​ការពិន័យ​កីឡាករ​៧​នាក់ និង​មន្ត្រី​៤​នាក់ ដោយ​ក្លិប​បាន​រកឃើញថា ពួកគេ​ប្រព្រឹត្ត​មិន​សមរម្យ និង​ធ្ងន់ធ្ងរ​ចំពោះ​លក្ខន្តិកៈ​នៃ​កិច្ចសន្យា​ដោយមាន​ការកំណត់​លទ្ធ​ផល​បាល់ទាត់ និង​បំផ្លាញ​កេរ្តិ៍ឈ្មោះ​ក្លិប ។​

​នេះ​ជាការ​ពិន័យ​ទ្រង់ទ្រាយ​ធំ​លើក​ទី​បី​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន ខណៈ​ពីរលើក​កន្លងមក ម្ចាស់​ការពារ​តំណែង​ជើងឯក​មួយ​នេះ មិនបាន​ពន្យល់​ហេតុផល​នោះឡើយ​។ យោងតាម​សេចក្តីថ្លែងការណ៍ លោក ឬ​ទ្ធី សំណាង ប្រធាន​ក្លិប បាន​សម្តែង​ការសោកស្តាយ​ចំពោះ​ការពិន័យ​កីឡាករ និង​មន្ត្រី ពី​សកម្មភាព​បាល់ទាត់​ក្នុង​រយៈពេល​មិន​កំណត់​មួយ​។​

​លោក ឬ​ទ្ធី សំណាង បាន​គូសបញ្ជាក់​យ៉ាង​លំអិត​ថា​៖ «“​ខ្ញុំ​ពិតជា​សោកសៅ​ខ្លាំងណាស់ ក្នុងការ​ប្រកាស​នៃ​ការដាក់ពិន័យ​មិនមាន​ពេល​កំណត់​មួយ​ចំពោះ​កីឡាករ​៧​នាក់ និង​មន្ត្រី​៤​នាក់ របស់​ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន​។ ការដាក់ពិន័យ​នេះ​គឺ​មកពី​ការ​ប្រ​ព្រឹ​ត្រ​មិន​សមរម្យ និង​ធ្ងន់ធ្ងរ​ចំពោះ លក្ខន្តិកៈ​នៃ​កិច្ចសន្យាការងារ ដោយមាន​ការកំណត់​ល​ទ្ធ​ផល​បាល់ទាត់ និង​បំផ្លាញ​កេរ្តិ៍ឈ្មោះ​របស់​ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន ដែល​ការ​ប្រ​ព្រឹ​ត្រ​ទាំងនេះ​មានដូចជា ការលេង​មិន​អស់​សមត្ថភាព​ក្នុងការ​ប្រកួត​សំខាន់ៗ​ក្នុង​រយៈពេល​២​ខែ​ចុងក្រោយ មាន​ផែនការ​និង​ធ្វើអោយ​កីឡាករ​បរទេស​សំខាន់ៗ​រងរបួស​ក្នុងកំឡុងពេល​ហ្វឹកហាត់ ហើយ​ជាងនេះទៅទៀត​បាន​ប្រើប្រាស់​គណនី​ក្លែងក្លាយ​ក្នុង​បណ្តាញ​សង្គម facebook ដើម្បី​ដាក់​រឿង​អវិជ្ជមាន និង​បញ្ចេញ​មតិយោបល់​បង្កជម្លោះ​ផ្សេងៗ »​។

​កីឡាករ ត្រូវបាន​ពិន័យ​ក្នុង​រយៈពេល​មិន​កំណត់​មួយ​ពី​សកម្មភាព​បាល់ទាត់​រួមមាន យោគ អៈ​អា​រី​, ថោង ដា​, សារី ម៉ាត់​ណូ​រ៉ូ​ទីន​, ទូច សុខ​ហេង​, ង៉​យ ស្រ៊ី​ន​, សុះ ស៊ូ​ហា​ណា និង​សាន ឧសភា​។ រីឯ​មន្ត្រី​រួមមាន​លោក ងួន ចាន់​សុធា លោក ប៊ួ​យ ដា​រី លោក ស៊ឺ សីហា និង លោក ទេស សុផាត​។​

​ប្រធាន​ក្លិប​ភ្នំពេញ​ក្រោ​ន បាន​បន្ថែម​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា ភាពស្មោះត្រង់ និង​ភាព​សុច្ចរិត គឺជា​សសរទ្រូង​នៃ​បាល់ទាត់​អាជីព និង​យើង​មិន​អត់ឱន​ដល់​សកម្មភាព​ណា ឬ​ហេតុផល​អ្វី​ក៏ដោយ ដែល​ទាក់ទង​និង​ការចាត់ចែង​លទ្ធផល​នៃ​ការប្រកួត​បាល់ទាត់ និង​ធ្វើអោយមាន​ការប៉ះពាល់​ដ​ល់​លទ្ធផល​នៃ​ការប្រកួត​។ បញ្ហា​ពុករលួយ និង​ការចាត់ចែង​លទ្ធផល​គឺជា​ថ្នាំពុល​ក្នុង​វិស័យ​កីឡា​ទូទៅ និង​ជាពិសេស​ក្នុង​វិស័យ​បាល់ទាត់​។​

​លោក​បាន​អះអាងថា​៖«​យើង​ចង់អោយ​បាល់ទាត់​ត្រូវបាន​លេង​ដោយ​បរិយាកាស ដែល​អ្នកគាំទ្រ​អាច​ជឿទុកចិត្ត ចំពោះ​ភាព​សុច្ចរិត របស់​កីឡាករ និង​ភាព​ពិតប្រាកដ​នៃ​លទ្ធផល​។ កីឡាករ និង​មន្ត្រី​ដែល​បាន​ប្រ​ព្រឹ​ត្រ​ល្មើស ចំពោះ​គោលការន៍​នៃ​ការជឿទុកចិត្ត ភាពស្មោះត្រង់ និង​ភាពជា​អ្នកកីឡា គឺ​យើង​ពិតជា​មិនអាច​ទទួលយក​បានឡើយ​ចំពោះ​ការ​ប្រ​ព្រឹ​ត្រ​នេះ​។ នេះ​ជា​បញ្ហា​ផ្ទៃក្នុង​របស់​ក្លឹប​ភ្នំពេញ​ក្រោ​ន និង​មិនមាន​ជាប់​ពាក់ព័ន្ធ​ក្លឹប កីឡាករ ឬ​មន្ត្រី​របស់​ក្លឹប​ផ្សេងទៀត គឺ​មិន​ទាក់ទង​ក្នុង​សកម្មភាព​នេះឡើយ​។  សកម្មភាព​នេះ​បានធ្វើ​ឡើង​ដោយមាន​ការសហការ​ណ៍​យ៉ាង​ពេញលេញ និង​ត្រឹមត្រូវ​ដោយ​អាជ្ញាធរ​ផ្សេងៗ » ។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក ប៊ួ​យ ដា​រី មន្ត្រី​ម្នាក់​ដែល​ទទួលរង​នូវ​ការពិន័យ​មាន​គម្រោង​ធ្វើការ​បកស្រាយ​តប​ទៅនឹង​ការចោទប្រកាន់​ទៅលើ​រូបលោក កីឡាករ និង​មន្ត្រី​ដទៃទៀត​៕