លោក អ៊ូ វីរៈ ស្នើឲ្យ គណបក្សនយោបាយ ធំទាំងពីរ និងគណបក្សតូចៗ ត្រូវយល់ស្របគ្នា ពីគោលនយោបាយ ការបទេស

ភ្នំពេញ ៖ លោក អ៊ូ វីរៈ ប្រធានវេទិកា អនាគតនយោបាយ ស្នើឲ្យគណបក្សនយោបាយធំៗទាំងពីរ គឺគណបក្ស ប្រជាជនកម្ពុជា (CPP) និងគណបក្សសង្រោ្គះជាតិ (CNRP) ព្រមទាំងគណបក្សតូចៗ ឲ្យយល់ស្របគ្នា អំពី គោលនយោបាយការបទេសមួយចំនួនទៀត សម្រាប់ព្រះរាជាណាចក្រកម្ពុជា ។

យោងតាមលិខិតចំហ ដែលចុះហត្ថលេខា ដោយលោក អ៊ូ វីរៈ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ផ្ញើទៅថ្នាក់ដឹក នាំកំពូលទាំងពីរ ព្រមទាំងបក្សតូចៗបានឲ្យដឹងថា គោលនយោបាយការបរទេស គួរត្រូវបានធ្វើឡើង ដើម្បីជាផល ប្រយោជន៍យុទ្ធសាស្រ្ដរយៈពេលវែង របស់ប្រទេស បើទោះបីជាគណបក្សនយោបាយណា ជាអ្នកកាន់អំណាច នៅក្នុងប្រទេសកម្ពុជាក៏ដោយ សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០១៨ខាងមុខ ។

លិខិតបន្តថា គោលនយោបាយ ការបរទេសផ្ដោតទៅលើ ប្រទេសកម្ពុជា ឬអាចថា គាំទ្រប្រទេសកម្ពុជា គោល នយោបាយ នៃការចូលរួមដោយស្មើភាព និងមិនចូលបក្សសម្ព័ន្ធ គឺមានសារៈសំខាន់ សម្រាប់អនាគតប្រទេស កម្ពុជា ។ ប្រទេសកម្ពុជា គួរតែមានការព្រមព្រៀងគ្នា យ៉ាងច្បាស់លាស់ ជាក់ស្ដែងរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ។

លោក អ៊ូ វីរៈ បានសរសេរបន្ថែមថា ការរៀបចំគោលនយោបាយបរទេស ប្រទេសកម្ពុជា ត្រូវតែធ្វើមិត្តជាមួយ ប្រទេសមហាអំណាច និងទ្វេភាគី ដោយបង្កើតឲ្យយន្ដការ សហប្រតិបត្តិការជាមួយគ្នា ដែលផ្ដោតទៅលើការ ពង្រឹង និងឲ្យកាន់តែស៊ីជម្រៅ ដល់ការធ្វើជំនួញទ្វេភាគី និងគាំទ្រដល់កិច្ចប្រឹងប្រែងរបស់កម្ពុជា ៕