​រថយន្ត​ហាំ​ម័​រ បុក​រថយន្ត​ដឹក​អ្នកដំណើរ ចត​ស្ងៀម របួសធ្ងន់​ស្រាល​៣​នាក់​

​កំពង់ឆ្នាំង: មនុស្ស​ប្រុស​ស្រី ៣ នាក់ រងរបួស​ធ្ងន់ និង​ស្រាល ក្នុងករណី​គ្រោះថ្នាក់ បង្កឡើង​ដោយ រថយន្ត​ម៉ាក​ហាំ​ម័​រ បើក​លឿន​ពេក ហើយ​បត់​ស្តាំ យក​ចង្កូត​ខ្លាំងពេក ជ្រុល​ទៅបុក​រថយន្តក្រុង ដឹក​អ្នកដំណើរ ចត​ស្ងៀម​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​ទាំង​២​គ្រឿង ខូច​ផ្នែក​ខាងមុខ​ខ្ទេច តែម្តង​។​

​ហេតុការណ៍​គ្រោះថ្នាក់​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង​ជិត ១២ យប់​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ផ្លូវជាតិ​លេខ​៥ មុខ​មន្ទីរពេទ្យ​ភ្នែក​ខេត្ត ស្ថិតនៅ​ក្នុងភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។​

​តាម​ប្រភពព័ត៌មាន នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្តក្រុង​ដឹក​អ្នកដំណើរ ចំនួន​៤២​នាក់ ពី​ភ្នំពេញ​ទៅ​ប៉ោយប៉ែត របស់​ក្រុមហ៊ុន ថោង ស៊ី​ង ពាក់​ស្លាក​លេខ 3D–0993 បើកបរ​ដោយ​ឈ្មោះ សៀក កុសល អាយុ​២៦​ឆ្នាំ រស់នៅ​ខេត្តកំពង់ស្ពឺ បាន​ឈប់​កៀន​ចិញ្ចើម​ផ្លូវជាតិ​លេខ​៥ ខាងស្តាំ​ដៃ មុខ​មន្ទីរពេទ្យ​ខេត្ត ដើម្បី​ឲ្យ​អ្នកដំណើរ ចុះ​ទិញ​ភេសជ្ជៈ ។ ខណៈនោះ ក៏មាន​រថយន្ត​ហាំ​ម័​រ​១​គ្រឿង ពណ៌​ត្រេអ៊ី ពាក់​ស្លាក​លេខ​ភ្នំពេញ 2Q–9390 បើកបរ​ដោយ​ជន​មិន​ស្គាល់ឈ្មោះ យ៉ាង​លឿន ពី​លិចទៅ​កើត ហើយ​បត់​ស្តាំ​ដៃ មុខ​មន្ទីរ​សុខាភិបាល​ខេត្ត ទៅ​ត្បូង​តាមផ្លូវ​ជាតិ​លេខ​៥ តែដោយសារ​ល្បឿន​លឿន​ពេក កាច់ចង្កូត​មិនទាន់ ក៏​បុក​ក្បាល​រថយន្តក្រុង ពេញទំហឹង បណ្តាល​ឲ្យ​មាន​មនុស្ស​ប្រុស​ស្រី ចំនួន​៣​នាក់ រងរបួស​ធ្ងន់​ស្រាល​។​

​ក្រោយ​កើតហេតុ​ភ្លាម កម្លាំង​សមត្ថកិច្ច បាន​ចុះមក​វាស់វែង និង​ស្ទួ​ច​យក​រថយន្ត​ទាំង​២ ទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាចរ​ក្រុង ដើម្បី​ដោះស្រាយ​គ្នា តាម​នីតិវិធី​។ ជនរងគ្រោះ ត្រូវបាន​បញ្ជូនទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ​៕V/S