ខេត្តបន្ទាយមានជ័យ​ប្រារព្ធ​ពិធីបុណ្យ​រំលឹក​ខួប​លើក​ទី​៦២ ថ្ងៃ​ប្រកា​ឯករាជ្យ​ជាតិ ថ្ងៃទី​៩ ខែវិច្ឆិកា

បន្ទាយមានជ័យ:  នា​ព្រឹក​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​សាលប្រជុំ​សាលាខេត្ត​បន្ទាយមានជ័យថ្នាក់ដឹកនាំ​ខេត្ត ក្រុមប្រឹក្សា​ខេត្ត មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ ព្រះសង្ឃ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ ប្រមាណ​ជាង​៥០០​នាក់ បាន​ជួបជុំគ្នារៀបចំ​ប្រារព្ធ​ពិធីបុណ្យ​រំលឹក​ខួប​លើក​ទី​៦២ ថ្ងៃ​ប្រកា​ឯក​រាជ្យ​ជាតិ ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ និង​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ ហើយ​ពិធី​នេះ​មានការ​ចូលរួមលោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ​។​

​បន្ទាប់ពី​ថ្នាក់ដឹកនាំ​ខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ បានដាក់​កម្រងផ្កា​ដើម្បីរំលឹក​គុណ និង​ព្រះ​ស្វាយ​យា​ជ​ន្តោ​បង្សុកូល​ឧទ្ទិស​កុសល ថ្វា​មហា​កុសល​ដល់​ដួង​វិញ្ញាណក្ខន្ធ​ព្រះមហាវីរក្សត្រ សម្ដេចព្រះ​នរោត្តម​សីហនុ ព្រះបិតា ឯករាជ្យ​ជាតិដែល​ព្រះអង្គ​បាន​សោយ​ទិវង្គត​កាលពី​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២​កន្លងទៅនេះ និង​ដួង​វិញ្ញាណក្ខន្ធ​វីរ​យុទ្ធជន យុទ្ធ​នារី ដែល​បាន​បូជា​អាយុជីវិត​ដើម្បី​ការពារបូរណភាព​ទឹកដី​គ្រប់​ជំនាន់​រួចមក​។​

 លោក គោ​ស៊ុំ សារឿ​ត បាន​ឡើង​អាន​សុន្ទរកថា​ប្រវត្តិ​សង្ខេប​ព្រះរាជ បូជនីយកិច្ចទាមទារ​ឯករាជ្យ​នៅ​កម្ពុជា ដែលមាន​ខ្លឹមសារ​ថា ខួប​លើក​ទី​៦២ ទិវា​បុណ្យឯករាជ្យ​ជាតិ​៩​វិច្ឆិកា​២០១៥ នេះ គឺជា​ថ្ងៃ​រំលឹក​ចងចាំ​ព្រះរាជ​បេសកកម្ម នៃការដឹកនាំ​របស់​សម្ដេច​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះរាជ​បិតា​ឯករាជបូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ​ដែល​ទ្រង់​បាន​លះបង់ព្រះកាយពល និង​ព្រះ​បញ្ញាណ​យ៉ាង​ក្លៀវក្លា​បំផុត ធ្វើការ​តស៊ូ​ក្នុង​ក្របខ័ណ្ឌ​នៃព្រះរាជ​បូជនីយកិច្ច ដើម្បី​ទាមទារ​ឯករាជ្យ​នៅ​កម្ពុជា​ឲ្យ​បាន​រួច​ចាក​ផុតពីអាណានិគមនិយម​បារាំង និង​ប្រកាស​ឯករាជ្យ​៩​វិច្ឆិកា​ឆ្នាំ​១៩៥៣ វីរភាព​ដ៏អង់អាច​ក្លាហាន​នេះ គឺជា​គំរូ​ដ៏​ល្អ​ដល់​កូនចៅ​ជំនាន់​ក្រោយ​ក្នុង​ការកសាង​ការពារបូរណភាព និង​អភិវឌ្ឍន៍​ជាតិ​ឲ្យ​កាន់តែ​មានការ​រីកចម្រើន​ទៅមុខ​៕​

ខេត្តបន្ទាយមានជ័យ​ប្រារព្ធ​ពិធីបុណ្យ​រំលឹក​ខួប​លើក​ទី​៦២ ថ្ងៃ​ប្រកា​ឯករាជ្យ​ជាតិ ថ្ងៃទី​៩ ខែវិច្ឆិកា