​រដ្ឋមន្ត្រី​ការពារជាតិ​៖ ឆ្លើយតប​គុណូបក្ការៈ​របស់​ព្រះ​បរម​រតន​កោដ្ឋ ត្រូវការពារ​បូរណភាព​ទឹកដី​ឲ្យ​បាន​ដាច់ខាត​

ភ្នំពេញ: បុណ្យ​ឯករាជ្យ​ជាតិ ថ្ងៃ​៩​វិច្ឆិកា ខួប​ទី​៦២ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​ប្តេជ្ញាចិត្ត​ឆ្លើយតប ចំពោះ​គុណូបក្ការៈ ដ៏​ធំធេង​របស់​សម្តេចព្រះ នរោត្តម សីហនុ ដែល​ទាមទារ​ឯករាជ្យ​ជាតិ យ៉ាង​ពេញលេញ ពី​នឹម​ត្រួតត្រា​របស់​បារាំង​ថា ត្រូវតែ​ការពារជាតិ ការពារ​អធិបតេយ្យ និង​បូរណភាព​ទឹកដី របស់​យើង ឲ្យ​បាន​ពេញលេញ តទៅ​ថ្ងៃ​អនាគត​។​

​ក្នុងឱកាស​អញ្ជើញ​ចូលរួម ក្នុង​ពិធីបុណ្យ​ឯករាជ្យ​ជាតិ ថ្ងៃ​៩​វិច្ឆិកា ខួប​ទី​៦២ នា​ព្រឹក​ថ្ងៃនេះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​មានប្រសាសន៍ថា ទិវា​ឯករាជ្យ​ជាតិ​នេះ មាន​អត្ថន័យ​ធំធេង​ណាស់ សម្រាប់​ប្រជាជាតិ​ខ្មែរ​ទាំងមូល នៅ​គ្រប់ទិសទី​ទាំងអស់ មិន​ថា​នៅទីណា​កន្លែង​ណា​ទេ​។ ការទទួលបាន​ឯករាជ្យ បានផ្តល់​អត្ថន័យ​យ៉ាង​ធំធេង​បំផុត ចំពោះ​មនុស្ស​យើង ដែល​ស្ថិតនៅក្រោម ការត្រួតត្រា​របស់ អាណានិគមនិយម​បារាំង​។

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ បាន​មានប្រសាសន៍​បន្តថា "​ជា​រៀងរាល់ឆ្នាំ យើង​ត្រូវតែ​រំលឹក​នូវ ថ្ងៃជា​ប្រវត្តិសាស្ត្រ ថ្ងៃ​ដ៏​មាន​សារសំខាន់​នេះ ហើយ​ថ្ងៃនេះ ក៏​ជា​ថ្ងៃកំណើត នៃ​កងយោធពល​ខេមរភូមិន្ទ​ផងដែរ ដូច្នេះ​កងទ័ព ក៏មាន​តួនាទី​មួយ​ដ៏​សំខាន់បំផុត ក្នុងការ​បំពេញភារកិច្ច​របស់ខ្លួន ក្រោយ​ពេលដែល​ទទួលបាន​ឯករាជ្យ​ហើយ​នោះ ក៏​រិត​តែ​ត្រូវ​ការពារជាតិ ការពារ​អធិបតេយ្យ និង​បូរណភាព​ទឹកដី របស់​យើង ឲ្យ​បាន​ពេញលេញ​"​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ បាន​បន្ថែមថា ជាការ​ឆ្លើយតប ចំពោះ​គុណូបក្ការៈ​ដ៏​ធំធេង​នេះ យើង​បានទទួល​ភារកិច្ច​ដំ​ធំធេង ជាពិសេស​គុណូបក្ការៈ​ទាំងនេះ យើង​បាន​បំពេញ ទាំង​ប្រជាជន ទាំង​មន្ត្រីរាជការ និង​សំខាន់បំផុត​កងកម្លាំង​ប្រដាប់អាវុធ បាន​ឆ្លើយតប​យ៉ាង​សក្តិសម​បំផុត ការពារ​ឲ្យ​បាន​ដាច់ខាត នូវ​ឯករាជ្យ អធិបតេយ្យ និង​បូរណភាព​របស់ខ្លួន​។​

​លោក​បាន​លើកឡើងថា ការទាមទារ​ឯករាជ្យ​ជាតិ មកវិញ​នេះ មិនមែនជា​ភាពងាយស្រួល​នោះទេ  ដូច្នេះ​ការ​បានមក ដោយ​ពេញលេញ​បែបនេះហើយ ត្រូវ​ប្តូរផ្តាច់ និង​ឆ្លើយតប​ចំពោះ​គុណូបក្ការៈ​ទាំងនេះ ត្រូវការពារ​ឲ្យ​បាន ជាដាច់ខាត ហើយ​ភារកិច្ច​នេះ ត្រូវបាន​បំពេញ​ជា​បន្តបន្ទាប់​។​

​ក្នុងឱកាស​នោះដែរ លោកប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា ថ្ងៃនេះ ក្នុងនាម​ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជា​ក្រុមប្រឹក្សា​រាជធានី គណៈ​អភិបាល​រាជធានី មាន​ក្តី​មោទនភាព និង​រីករាយ ដែល​បាន​ចូលរួម​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា នេះ​។ នេះ​គឺជា​ព្រឹត្តិការណ៍​ថ្មី​មួយទៀត ដែល​ប្រជាពលរដ្ឋ ទូទាំង​ព្រះរាជា​ណ​ចក្រ​កម្ពុជា បាន​អបអរសាទរ ចូលរួម​បង្កើត​ស្នាដៃ  ដើម្បី​នឹងចូលរួម នៅក្នុង​ទិវា​ឯករាជ្យ​ជាតិ​នេះ​។ ជា​ការពិតហើយ​ថា ឯករាជ្យ​ជាតិ ពិត​ជាមាន​អត្ថន័យ សម្រាប់​ប្រទេសជាតិ​មួយ ដែល​រង​នូវ​ការគ្រប់គ្រង​ពី​បរទេស អាណានិគមនិយម ដែល​បានដាក់​នឹម​ត្រួតត្រា នៅលើ​កម្ពុជា​។ ខួប​នេះហើយ​ដែល​បានធ្វើ ឲ្យ​មាន​សិទ្ធិ​ស្វ័យ​សម្រេច ក្នុងការ​ការពារ​បូរណភាព​ទឹកដី ការពារ​សិទ្ធិសេរីភាព រួមជាមួយ​នឹងមាន​សិទ្ធិ ក្នុងការ​អភិវឌ្ឍន៍​ប្រទេសជាតិ តាម​បំណងប្រាថ្នា​របស់ខ្លួន​។​

​លោក​អភិបាល បាន​បន្តថា "​ខ្ញុំ​គិតថា ទិវា​នេះ ពិត​ជាមាន​អត្ថន័យ​ណាស់ ហើយ​យើង​ក៏បាន​តែង​ផ្សារភ្ជាប់ ទៅនឹង​អត្ថន័យ ទិវា​ឯករាជ្យ​ជាតិ ទៅនឹង​ជាមួយ​ស្នា​ព្រះហស្ត​របស់​ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះអង្គ បាន​ពលិកម្ម​គ្រប់បែប​យ៉ាង ដើម្បី​បព្វ​ហេតុ​ឯករាជ្យ​ជាតិ​នេះ​។ ឥឡូវនេះ មានតែ​ប្រជាពលរដ្ឋ​យើង ខិតខំ​ប្តេជ្ញាចិត្ត ដើម្បី​ការពារ​ឯករាជ្យ​ជាតិ​នេះ ក៏​មានន័យថា ការការពារ​បូរណភាព​ទឹកដី ឲ្យ​បាន​រុងរឿង​តទៅ អនាគត​ទៀត​"​។​

​សូមបញ្ជាក់ថា ជា​រៀងរាល់ឆ្នាំ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ថ្ងៃ​៩​វិច្ឆិកា ត្រូវបាន​ប្រារព្ធ​ឡើង ដើម្បី​រំលឹក​ដល់​វិញ្ញាណក្ខន្ធ យុទ្ធជន យុទ្ធ​នារី ដែល​បាន​ពលី​ជីវិត ពិសេស​រំលឹក​ដល់​ស្នា​ព្រះហស្ត​របស់​ព្រះបាទ នរោត្តម សីហនុ ដែល​ព្រះអង្គ បាន​ដឹកនាំ​ធ្វើ​ព្រះរាជ​បូជនីយកិច្ច ទាមទារ​ឯករាជ្យភាព​ពេញលេញ ពី​ប្រទេស​បារាំង​។ បារាំង បាន​ធ្វើជា​អាណាព្យាបាល លើ​ប្រទេស​កម្ពុជា ចាប់តាំងពី​ឆ្នាំ​១៨៦៣ ដល់​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣៕V   

​រដ្ឋមន្ត្រី​ការពារជាតិ​៖ ឆ្លើយតប​គុណូបក្ការៈ​របស់​ព្រះ​បរម​រតន​កោដ្ឋ ត្រូវការពារ​បូរណភាព​ទឹកដី​ឲ្យ​បាន​ដាច់ខាត​

​រដ្ឋមន្ត្រី​ការពារជាតិ​៖ ឆ្លើយតប​គុណូបក្ការៈ​របស់​ព្រះ​បរម​រតន​កោដ្ឋ ត្រូវការពារ​បូរណភាព​ទឹកដី​ឲ្យ​បាន​ដាច់ខាត​

​រដ្ឋមន្ត្រី​ការពារជាតិ​៖ ឆ្លើយតប​គុណូបក្ការៈ​របស់​ព្រះ​បរម​រតន​កោដ្ឋ ត្រូវការពារ​បូរណភាព​ទឹកដី​ឲ្យ​បាន​ដាច់ខាត​

​រដ្ឋមន្ត្រី​ការពារជាតិ​៖ ឆ្លើយតប​គុណូបក្ការៈ​របស់​ព្រះ​បរម​រតន​កោដ្ឋ ត្រូវការពារ​បូរណភាព​ទឹកដី​ឲ្យ​បាន​ដាច់ខាត​

​រដ្ឋមន្ត្រី​ការពារជាតិ​៖ ឆ្លើយតប​គុណូបក្ការៈ​របស់​ព្រះ​បរម​រតន​កោដ្ឋ ត្រូវការពារ​បូរណភាព​ទឹកដី​ឲ្យ​បាន​ដាច់ខាត​