មុននេះបន្តិច​ បុរសម្នាក់អះអាងថា​ទើបមកពីធ្វើការ​នៅម៉ាឡេស៊ីត្រូវចោរប្លន់​នៅប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ ​៖ បុរសម្នាក់បានយំនិង​អំពាវនាវឲ្យសមត្ថកិច្ច​និងសប្បុរសជននានាជួយ​ ដោយអះអាងថា ​ខ្លួនត្រូវចោរមួយក្រុម​វាយប្លន់យកលុយ​អស់៦ពាន់បាត ប៉ាស្ព័រមួយ និងទូរស័ព្ទដៃមួយគ្រឿង ។

ហេតុការណ៍នេះ​ បានកើតឡើង​នៅម៉ោងជាង១០ព្រឹកថ្ងៃទី០៩​ វិច្ឆិកា ២០១៥​ ប្លុករ៉ារថភ្លើងចាស់ ​ស្ថិតនៅសង្កាត់-​ក្រុងប៉ោយប៉ែត ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានឲ្យដឹងជំហានដំបូងទៀតថា ​បុរសខាងលើឈ្មោះ​ ខៀវ លុន ​អាយុ២៦ឆ្នាំ ​អះអាងថា​ខ្លួនជាកម្មករនេសាទនៅប្រទេស​ម៉ាឡេស៊ី ​មានទីលំនៅក្នុងភូមិស្លាបពារ​ ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ​ខេត្តព្រៃវែង ​ហើយថាខ្លួនចូលមកតាម​ច្រកទ្វារអន្តរជាតិប៉ោយប៉ែតនេះ ​ដើម្បី​ធ្វើដំណើរទៅស្រុក​កំណើត ។

បុរសរូបនោះបន្តថា ​មុនពេលកើតហេតុ ​ខ្លួនបានទៅទិញសំបុត្រ​រថយន្តក្រុងនិងបាននិយាយ​ទូរស័ព្ទជាមួយក្រុមគ្រួសារ​ ស្រាប់​តែលេចមុខជនសង្ស័យ៣-​៤នាក់មកវាយ​ប្លន់​យកលុយ និងសម្ភារដូចរៀបរាប់​ខាងលើអស់តែម្តង ។

ជាការគួរឲ្យកត់សម្គាល់​នៅក្រុងប៉ោយប៉ែតនេះ​​ អំពើចោរកម្ម​លួច ​ឆក់ ​និងវាយប្លន់យកលុយនិង​សម្ភារពីអ្នកដំណើរមិនថាជនជាតិខ្មែរ ​ឬជនបរទេសនោះទេ ​តែងតែ​កើតមាន​ជាញឹក​ញាប់ ​ដោយអាជ្ញាធរ​និងកងកម្លំាងពាក់ព័ន្ឋហាក់ពុំ​អើរពើនិងមានវិធានការ​រឹតបន្តឹងសន្តិសុខសុវត្ថិភាព​សម្រាប់ជនបរទេស និងពលរដ្ឋខ្មែរនោះឡើយ ៕