សោកនាដកម្ម​នៃ​ការបាញ់សម្លាប់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​មន្ត្រីនគរបាល​នៅ​ខេត្តព្រះវិហារ

​ប្រជាពលរដ្ឋនៅក្នុង​ខេត្តព្រះវិហារ និង​បណ្ដា​ខេត្ត​នានា​ទូទាំងប្រទេស បាន​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​ជនដៃដល់​ដែល​បាញ់សម្លាប់​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​មន្ត្រីនគរបាល​នៅ​ស្រុក​ជាំ​ក្សាន្ត យកទៅ​ផ្តន្ទាទោស​តាមច្បាប់​។ ដោយហេតុថា​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​មន្ត្រីនគរបាល​ដែល​ស្លាប់បាត់​បង់ជីវិត ព្រមទាំង​មន្ត្រី​ដែល​រងរបួស​ពួកគាត់​រងគ្រោះ​នៅពេលដែល​បំពេញ​តួនាទី​ល្បាត​ត្រួតពិនិត្យ​ក្នុង​តំបន់​ព្រៃ​អភិរក្ស​។ ដូច្នេះ​រដ្ឋាភិបាល​និង​ក្រសួង​ពាក់ព័ន្ធ​គួរ​ចាត់វិធានការ​វែកមុខ​ឃាតក​យកទៅ​ផ្តន្ទាទោស​តាមច្បាប់​ឲ្យ​ខាងតែបាន​ក្នុង​ការផ្តល់​យុត្តិធម៌​ជូន​ជនរងគ្រោះ និង​ក្រុមគ្រួសារ​ជនរងគ្រោះ​។

​សូមបញ្ជាក់ថា កាលពី​វេលា​ម៉ោង​២​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ មន្ត្រីរដ្ឋបាល​ព្រៃឈើ​ម្នាក់​និង​មន្ត្រីនគរបាល​ម្នា​ក់នៅ​ខេត្តព្រះវិហារ ត្រូវ​ជន​មិន​ស្គាល់មុខ​បាញ់ប្រហារ​ស្លាប់​នៅនឹងកន្លែង ចំណែក​មន្ត្រី​យោធា​ការពារ​ព្រំដែន​គោក​កងពល​លេខ​៩​ម្នាក់​បាន​រងរបួស​ក្នុងខណៈ​ចុះ​ល្បាត​បង្ក្រាប​ក្រុម​ជនល្មើស​អារឈើ និង​បរបាញ់​សត្វព្រៃ​។ ហេតុការណ៍​នេះ​បានកើត​នៅ​ចំណុច​អណ្តែត​ស្នប់ ក្នុងភូមិ​របុញ ឃុំ​មរកត ស្រុក​ជាំ​ក្សាន្ត ហើយ​ក្រោយពេល​បាញ់ប្រហារ​រួច​ក្រុម​ឃាតក​បានគេច​ខ្លួន​ដោយ​សុវត្ថិភាព​។ ព័ត៌មាន​នេះ​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុងស្រុក​ជាំ​ក្សាន្ត មានការ​ភ័យខ្លាច​យ៉ាងខ្លាំង ហើយ​ជំរុញ​ឲ្យ​សមត្ថកិច្ច​តាម​វែកមុខ​ក្រុម​ជនដៃដល់​យកទៅ​ផ្តន្ទាទោស​តាមច្បាប់​ឲ្យ​បាន​ឆាប់រហ័ស​។

តាម​សេចក្ដីរាយការណ៍​ពី​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ក្រុម​ជន​មិន​ស្គាល់មុខ​បាន​បាញ់ស្រោច​មកលើ​សមត្ថកិច្ច​ចម្រុះ បន្ទាប់ពី​ក្រុម​សមត្ថកិច្ច​ចាប់បាន​ម៉ាស៊ីន​អារឈើ​ចំនួន​២​កន្លែង​ផ្សេងគ្នា​នៅក្នុង​តំបន់​ព្រៃ​អភិរក្ស​។ នៅក្នុង​គោលដៅ​ទី​១​សមត្ថកិច្ច​បង្ក្រាបបាន​ម៉ាស៊ីន​អារឈើ​ចំនួន​៦​គ្រឿង និង​កាំភ្លើង​ម៉ាក​កាប៊ីន​១​ដើម ហើយ​នៅ​គោលដៅ​ទី​២​សមត្ថកិច្ច​ចាប់បាន​ម៉ាស៊ីន​អារឈើ​៥​គ្រឿង និង​កាំភ្លើង​កាប៊ីន​១​ដើម​ផងដែរ​។ លុះដល់​វេលា​ម៉ោង​២​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្រាប់តែ​ក្រុម​ជន​មិន​ស្គាល់មុខ​បាញ់ស្រោច​លើ​សមត្ថកិច្ច​ចម្រុះ​បណ្ដាល​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ ឈ្មោះ សៀង ណា​រ៉ុង ស្លាប់ និង​មន្ត្រីនគរបាល​ស្រុក ឈ្មោះ សាប់ យស ស្លាប់​នៅនឹងកន្លែង​។ ចំណែក​មន្ត្រី​យោធា​ការពារ​ព្រំដែន​គោក​កងពល​លេខ​៩ ឈ្មោះ សុ​ភ័​ណ្ឌ ត្រូវបាន​ជន​មិន​ស្គាល់មុខ​បាញ់​ឲ្យ​របួស ហើយ​បច្ចុប្បន្ន​សមត្ថកិច្ច​ខេត្តព្រះវិហារ កំពុងបើក​ប្រតិបត្តិការ​តាម​ចាប់​ក្រុម​ជន​មិន​ដៃដល់​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

v_0111 v_0110 v_0106 W@t-071121