លោក អ៊ា​វ ចំរើន គួរ​បង្ក្រាប​ល្បែងស៊ីសង​ក្នុងស្រុក​កៀនស្វាយ​ខ្លះ​ផង​

​ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​កៀនស្វាយ បាន​ឲ្យ​ដឹងថា ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ល្បែង​គ្រប់​ប្រភេទ​កំពុង​រាលដាល​គួរ​ឲ្យ​ព្រួយបារម្ភ ជាពិសេស​ល្បែងភ្នាល់​បាល់ទាត់ កន្ទុយលេខ បញ្ជល់មាន់ និង​បៀ​អាប៉ោង ជាដើម​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា សមត្ថកិច្ច​នគរបាល​និង​កងរាជអាវុធហត្ថ ក៏ដូចជា​មន្ត្រី​អាជ្ញាធរ​មិន​យកចិត្តទុកដាក់​បង្ក្រាប​ល្បែងស៊ីសង​ប្រកបដោយ​ប្រសិទ្ធភាព​ឲ្យ​ស្របទៅតាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​នោះទេ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្ដាល ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ក្នុងស្រុក​កៀនស្វាយ​ខ្លះ​ផង ដើម្បី​កុំ​ឲ្យ​រាលដាល​កាន់តែខ្លាំង​ថែមទៀត​។

​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​គគីរ ស្រុក​កៀនស្វាយ បាន​ឲ្យ​ដឹងថា​នៅក្នុង​មូលដ្ឋាន​របស់​ពួកគាត់​មាន​ល្បែងភ្នាល់​បាល់​ជាច្រើន​កន្លែង​នៅតាម​ហាង​កាហ្វេ ផ្ទះល្វែង ហាង​អ៊ី​ន​ធឺ​ណេ​ត ហើយ​មាន​ដាក់​យីហោ​ទៀតផង ប៉ុន្តែ​មិនដែល​ឃើញ​មាន​សមត្ថកិច្ច​និង​មន្ត្រី​អាជ្ញាធរ​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ ប្រជាពលរដ្ឋ​សង្ស័យថា មេ​ប៉ុស្តិ៍នគរបាល​ឃុំ​គគីរ និង​អធិការនគរបាល​ស្រុក​កៀនស្វាយ ទំនងជា​ទទួលបាន​ផលប្រយោជន៍​ទើប​បណ្ដោយ​ឲ្យ​ល្បែងភ្នាល់​បាល់​និង​ល្បែង​ផ្សេងៗ​ទៀត​រាលដាល​ពេញ​ឃុំ​គគីរ​។

ប្រភពពី​ប្រជាពលរដ្ឋ​ដែលមាន​កូនចៅ​ងុប​នឹង​ល្បែងស៊ីសង​បាន​ឲ្យ​ដឹងថា ឈ្មោះ ធឿន បាន​បើក​កន្លែង​ចាក់​ភ្នាល់​បាល់ទាត់​ក្នុង​ហាង​មួយ​ឈ្មោះថា គគីរ​ណេ​ត ហើយ​តែងតែមាន​អតិថិជន​ចូល​លេង​យ៉ាងច្រើន​កុះករ​។ នៅក្នុង​ហាង​អ៊ី​ន​ធឺ​ណេ​តរបស់​ឈ្មោះ​ធឿន ក្រៅពី​ភ្នាល់​បាល់ទាត់​ក៏មាន​ទូរ​ហ្គេម​បាញ់​ត្រី​រៀបចំ​យ៉ាង​មាន​របៀប​មិន​ខុសពី​កាស៊ីណូ​នោះទេ​។ បញ្ហា​នេះ​លោក ប៉ា សំអិត អធិការនគរបាល​ស្រុក​កៀនស្វាយ និង​លោក វេ​ង កុសល នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល ឃុំ​គគីរ បានដឹង​យ៉ាងច្បាស់ ប៉ុន្តែ​ពួកគេ​មិនទាន់​ទប់ស្កាត់​នោះទេ​។ ប្រជាពលរដ្ឋ​លើកឡើងថា ពួកគាត់​អស់ជំនឿ​លើ​នគរបាល​ថ្នាក់ឃុំ​និង​ថ្នាក់ស្រុក ក្នុងការ​បង្ក្រាប​ល្បែងស៊ីសង​ក្នុង​ឃុំ​គគីរ ហេតុនេះហើយ​ទើប​អំពាវនាវ​ឲ្យ​លោក អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ក្នុង​មូលដ្ឋាន​ពួកគាត់​ជាបន្ទាន់ ព្រោះ​បច្ចុប្បន្ននេះ​អំពើចោរកម្ម​និង​បទល្មើស​ផ្សេងៗ​រាលដាល​កាន់តែខ្លាំង​ឡើងៗ​គួរ​ឲ្យ​ភ័យខ្លាច​៕

148082733597873 art18.1 art18.2