ក្រុមហ៊ុន អ៊ុក​ឃុន បំពាន​លើដី​ធ្លី​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ត្រែងត្រយឹង ស្រេច​តែ​អំពើ​ចិត្ត​

​មន្ត្រី​តុលាការខេត្ត​កំពង់ស្ពឺ និង​ក្រុមហ៊ុន អ៊ុក​ឃុន ត្រូវបាន​ប្រជាពលរដ្ឋ​រងគ្រោះ​ចោទប្រកាន់ថា ឃុបឃិត​គ្នា​ធ្វើបាប​ពួកគាត់​ដើម្បី​រំលោភ​យក​ដីធ្លី​យ៉ាង​កំរោល​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ជាក់ស្តែង​សាលាដំបូង​ខេត្តកំពង់ស្ពឺ បាន​កោះហៅ​តំណាង​ប្រជាពលរដ្ឋ​៣​រូប​ឲ្យ​ចូល​បំភ្លឺ​ពាក់ព័ន្ធ​ទៅនឹង​ការចោទប្រកាន់ថា ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើហិង្សា​ប្រឆាំងនឹង​រាជការ​សាធារណៈ ក្រោយពី​ប្រជាពលរដ្ឋ​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន អ៊ុក​ឃុន​។ តំណាង​ប្រជាពលរដ្ឋ​ទាំង​៣​រូប​ដែល​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ ចេញ​ដីកា​កោះហៅ​នោះ គឺ​អ្នកស្រី រ៉ែ​ម ផល​ចាន់​លី លោក កង ភិ​រុណ និង​លោក មៀ​ច លាង​សេង ហើយ​ពួកគាត់​ត្រូវ​ចូល​បំភ្លឺ​ក្នុង​តុលាការ​នៅវេលា​ម៉ោង​២​រសៀល​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥​។​

​តំណាង​ប្រជាពលរដ្ឋ​រង​ការចោទប្រកាន់​បាន​ចោទថា មន្ត្រី​តុលាការ​ឃុបឃិត​ជាមួយ​មន្ត្រី​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ធ្វើបាប​ពួកគាត់​ទាក់ទង​ទៅនឹង​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន អ៊ុក​ឃុន​។ អ្នកស្រី រ៉ែ​ម ផល​ចាន់​លី បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា កន្លងមក​អាជ្ញាធរ​និង​ក្រុមហ៊ុន អ៊ុក​ឃុន បាន​ចុះមក​បង្ខំ​អ្នកស្រី​និង​ប្រជាពលរដ្ឋ​ផ្សេងទៀត​ឲ្យ​ផ្តិតមេដៃ​ប្រគល់​ដីធ្លី​ឲ្យ​ក្រុមហ៊ុន ប៉ុន្តែ​ពួកគាត់​មិន​ព្រម​ហើយ​បានដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​និង​មន្ត្រី​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ប៉ុន្តែ​តុលាការ​និង​មន្ត្រី​អាជ្ញាធរ​មិន​ដោះស្រាយ​ឲ្យ​ឡើយ​។ មិនតែប៉ុណ្ណោះ​ក្រោយមក​ភាគី​ក្រុមហ៊ុន បាន​ប្រើប្រាស់​តុលាការ​គំរាមកំហែង​ពួកគាត់​ទៅវិញ ដើម្បី​បំបាក់ស្មារតី​របស់​ពួកគាត់​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​ជាច្រើន​គ្រួ​សារបាន​កាន់កាប់​ដី​ជាច្រើន​ហិកតា នៅក្នុង​ភូមិ​១ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ តាំងពី​ឆ្នាំ​១៩៩៩ និង​បាន​ដាំ​ដំណាំ​អាស្រ័យ​ផល​ដូចជា ដូង ស្វាយ និង​ចេក​ជាដើម​រហូតមក​។ ប៉ុន្តែ​ក្រោយមក​ស្រាប់តែ​ក្រុមហ៊ុន អ៊ុក​ឃុន ដែល​ទទួលបាន​ដី​សម្បទាន​អភិវឌ្ឍន៍​ដាំ​ដំណាំ​ឧស្សាហកម្ម​នៅក្នុង​តំបន់​នេះ បាន​ប្រើ​អំណាច​ឆក់​ប្លន់​ដីធ្លី​របស់​ពួកគាត់​តាម​អំពើ​ចិត្ត ហើយ​ថែមទាំង​ប្រើប្រាស់​ប្រព័ន្ធ​តុល​ការគំរាមកំហែង​ប្រជាពលរដ្ឋ​រងគ្រោះ​យ៉ាង​កំរោល​។ ក្នុងនោះ​លោក ពេជ្រ ចន្ថា អភិបាលស្រុក​ភ្នំស្រួច ទំនងជា​ទទួលបាន​ផលប្រយោជន៍​ពី​ក្រុមហ៊ុន អ៊ុក​ឃុន ទើប​ព្យាយាម​ចេញមុខ​ការពារ​ផលប្រយោជន៍​ក្រុមហ៊ុន​នេះ​យ៉ាង​ទទឹងទិស​។ លើស​នេះ​ទៅទៀត​សូម្បីតែ​ស​.​ជ​.​ណ របស់លោក ហ៊ុន សែន ដែល​កាត់​ដី​ពី​ក្រុមហ៊ុន អ៊ុក​ឃុន ឲ្យ​ប្រជាពលរដ្ឋ​ក៏​មន្ត្រី​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​មិន​ទទួលស្គាល់ ស​.​ជ​.​ណ របស់​រដ្ឋាភិបាល​ឡើយ​។ ប្រការនេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​ចាត់វិធានការ​ដោះស្រាយ​ជាបន្ទាន់ ព្រោះ​ក្រុមហ៊ុន អ៊ុក​ឃុន កំពុង​ឃុបឃិត​ជាមួយ​តុលាការ​ពុករលួយ​ដើម្បី​ឆក់​ប្លន់​ដីធ្លី​ប្រជាពលរដ្ឋ​យ៉ាង​កំរោល​៕

kampong-speu1-2015-11-09 kampong-speu-2015-11-09