បទល្មើស​រំលោភ​កាន់កាប់​ដី​បឹង​ព្រែក​ទប់​ក្រុងព្រះសីហនុ នៅតែ​កើតមាន​ដដែល​

​វិធានការ​របស់លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ក្នុងការ​ទប់ស្កាត់​បទ​ល្មើស​រំលោភ​កាន់កាប់​ដី​បឹង​ព្រែក​ទប់ គឺ​ទទួលបាន​លទ្ធផល​សូន្យ ព្រោះ​រហូតមក​ដល់ពេលនេះ​បទល្មើស​នៅតែ​បន្ត​កើតឡើង​ដូច​មុន​ដដែល​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា អាជ្ញាធរខេត្ត​ព្រះសីហនុ និង​អាជ្ញាធរ​ក្រុងព្រះសីហនុ មិនអាច​ទប់ស្កាត់​បទ​ល្មើស​ចាក់ដី​ចូល​បឹង​ព្រែក​ទប់ ដែលជា​បឹង​ស្តុក​ទឹង​ស្អាត​បានទេ ហើយ​សំរាម​ក៏ត្រូវ​គេ​ចាក់​ចូលក្នុង​បឹង​នេះដែរ​។ ប្រជាពលរដ្ឋ​សម្តែង​សេចក្តី​ព្រួយបារម្ភ​ថា នៅពេល​អនាគត​បឹង​ព្រែក​ទប់​នឹងត្រូវ​បាត់​រូបរាង​ទាំងស្រុង​ជាមិនខាន ព្រោះ​វិធានការ​របស់លោក យន្ត មីន ពុំមាន​ប្រសិទ្ធភាព​ឡើយ​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​ប្រជាពលរដ្ឋ​ក្នុង​ក្រុងព្រះសីហនុ បាន​លើកឡើងថា អ្នកមាន​លុយ អ្នកមានអំណាច នៅតែ​រំលោភ​កាន់កាប់​ដី​ចំណី​មាត់បឹង​ព្រែក​ទប់​និង​ចាក់ដី​ចូល​បឹង​នេះ​ជា​បន្តបន្ទាប់​។ អាជ្ញាធរខេត្ត​ព្រះសីហនុ មិន​យកចិត្តទុកដាក់​អនុវត្តន៍​តាម​អនុសាសន៍​របស់លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការ​ថែរក្សា​បឹង​ព្រែក​ទប់​ដែលជា​កន្លែង​ស្តុក​ទឹកស្អាត​សម្រាប់​ប្រើប្រាស់​ក្នុង​ក្រុងព្រះសីហនុ​នោះទេ​។ ផ្ទុយទៅវិញ​អ្នកមាន​លុយ អ្នកមានអំណាច និង​មន្ត្រីជាន់ខ្ពស់​មួយចំនួន​នៅតែ​ចាក់ដី​ចាក់សំរាម​ចូល​បឹង​ព្រែក​ទប់ ហើយ​បន្តសកម្មភាព​ទន្ទ្រាន​កាន់កាប់​ដី​ចំណី​បឹង​ព្រែក​ទប់​តាម​អំពើ​ចិត្ត​។

ប្រជាពលរដ្ឋ​រស់នៅ​ក្បែ​រ​តំបន់​បឹង​ព្រែក​ទប់​បាន​ឲ្យ​ដឹងថា នៅ​ដើមខែ​វិច្ឆិកា ឆ្នាំ​២០១៥​នេះ មាន​សកម្មភាព​រថយន្ត​ដឹក​ដី​និង​ដឹក​សំរាម​ចាក់​ចូល​បឹង​ព្រែក​ទប់​ជា​បន្តបន្ទាប់ ជាពិសេស​នៅពេល​យប់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មន្ត្រី​អាជ្ញាធរ​ក្រុងព្រះសីហនុ និង​មន្ត្រីខេត្ត​ព្រះសីហនុ បានត្រឹមតែ​ដាក់ចេញ​នូវ​ផែនការ​ទប់ស្កាត់​ប៉ុណ្ណោះ ហើយ​ជាក់ស្តែង​បទល្មើស​រំលោភ​កាន់កាប់​ដី​ចំណី​បឹង​ព្រែក​ទប់​នៅតែ​កើតមាន​ដូច​មុន​ដដែល​។ ហេតុនេះហើយ​ទើប​មន្ត្រី​អង្គការ​សមាគម​នៅក្នុង​ខេត្ត​ព្រះសីហនុ ឬ​ហៅថា​បណ្ដាញ​តស៊ូ​មតិ​ប្រចាំខេត្ត​ព្រះសីហនុ ដែលមាន​សមាជិក​ជិត​២០​ស្ថាប័ន​គ្រោង​ចូលជួប​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ដើម្បី​រួមគ្នា​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ប្រកបដោយ​ប្រសិទ្ធភាព​៕

៣៥លោក យន្ត មីន អភិបាលខេត្តព្រះសីហនុlake620 69