លទ្ធភាព​ចំណេញ​របស់​ធនាគារ​ក្នុងស្រុក​វៀតណាម​ធ្លាក់​ចុះ ព្រោះ​ហានិភ័យ​ទុនបម្រុង

ប្រទេស​វៀត​ណាម​​ ៖ ​យោង​តាម​របាយ​ការណ៍​​របស់​គណៈកម្មការ​សម្របសម្រួល​ហិរញ្ញ​វត្ថុ​ជាតិ (NFSC) ឲ្យ​ដឹង​ថា លទ្ធភាព​រក​ប្រាក់​​ចំណេញ​របស់​បណ្តា​ធនាគារ​ក្នុងស្រុកបច្ចុប្បន្ន​​នេះ​​ បាន​ថយ​ចុះបើ​​ធៀប​នឹង​ឆ្នាំ​មុន​ ​​ដោយ​សារ​ការ​​កើនឡើង​នៃ​ហានិភ័យ​​ទុនបម្រុង​សម្រាប់​ឥណ​ទាន​​ក្រៅ​ប្រតិបត្តិ​ការ ។

ចំណែក​របាយការណ៍​​ក្នុង​ខែតុលា​​បង្ហាញ​ថា​ ហិរញ្ញវត្ថុ​​រដ្ឋាភិបាល​របស់​គណៈកម្មការ​ខាងលើ​​ ក្នុង​អំឡុង​ពេល​១០​ខែ​ដំបូង​នៃ​ឆ្នាំ​នេះបាន​វិល​ត្រឡប់​ទៅ​រក​សមភាព​នៃ​ទុន​របស់​ធនា​គារពាណិជ្ជ​ក្នុង​ឆ្នាំ​២០១៥ ​។​ គិត​ត្រឹម​​​ថ្ងៃ​​ទី​៣១ ​តុលា​ នៅ​តែ​រំកិល​ចុះ​៤,១៦%​ដដែល បើ​​ធៀប​នឹង​អត្រា​៤,៦%​ក្នុង​ឆ្នាំ​២០១៤ ​និង​៦,៤% ​ក្នុង​ឆ្នាំ​២០១៣​ ។
ចំណែក​ការ​វិល​ទៅ​រក​ទ្រព្យសកម្ម​របស់​ធនាគារ​ ​ក៏​បាន​កាត់​បន្ថយ​០,៣២% ​ពី​អត្រា​០,៣៦%​​ក្នុង​ឆ្នាំ​២០១៤​ និង​០,៦%​ក្នុង​ឆ្នាំ​២០១៣​​​ផង​ដែរ​ ។

លោក Tran Du Lich សមាជិក​ក្រុមប្រឹក្សា​សម្របសម្រួល​គោលនយោបាយ​ហិរញ្ញវត្ថុ​ និង​​រូបិយ​វត្ថុ​ ​បាន​​ទទួល​ស្គាល់​​ថា ៖ «​ហានិភ័យ​​​ទុនបម្រុង​​ទុក​សម្រាប់​​ប្រាក់​បំណុល​ពិបាកនឹង​​​ទាម​ទារ​ នាំ​ឱ្យ​ធនា​គារពាណិជ្ជ​ទទួល​បាន​ប្រាក់​ចំណេញ​​​​ទាប ​ស្រប​ពេល​ដែល​ពួក​គេ​ចាំបាច់​ត្រូវ​ផ្តល់​វិភា​ជន៍​ក្នុង​ប្រភព​​សមរម្យ​​មួយ​ដើម្បី​ដោះ​ស្រាយ​​​បំណុល​ដែល​​ពិបាក​ទារ​វិញ​​​នោះ​» ។

​​គេ​​​ព្យាករ​ទុក​ថា​ មូលនិធិ​បម្រុង​ទុក​នឹង​មាន​តម្លៃ​ស្មើនឹង​ជិត​ពាក់កណ្តាល​នៃ​ប្រាក់​​ចំណេញ​មុន​គិត​ទុនបម្រុង ​ដែល​បណ្តា​ធនា​គារ​ពាណិជ្ជ​រៀបចំ​រក​ចំណូល​ក្នុង​ឆ្នាំ​២០១៥ ​។
ដោយសារ​តែ​ការ​កើនឡើង​នៃ​ហានិភ័យ​​ទុន​បម្រុង​​ ​​ទើប​ធ្វើ​ឱ្យ​​លទ្ធភាព​ចំណេញ​របស់​​ធនាគារ​នានា​​​ធ្លាក់​ចុះ​ក្នុង​ឆ្នាំ​២០១៥ បើ​ទោះ​ជា​កំណើន​ឥណទាន​មាន​កម្រិត​ខ្ពស់ និង​​​កើនឡើង​បន្តិច​បន្តួច​​ក្នុង​ផ្នែក​ការ​ប្រាក់សុទ្ធ​យ៉ាង​ណា​ក្តី​ ។

យោង​តាម​ស្ថិតិ​ពី​ធនាគារ​រដ្ឋ​វៀតណាម​ឱ្យ​​ដឹង​ថា​ ឥណ​ទាន​គិត​ត្រឹម​ថ្ងៃ​​ទី​២៦ ​តុលា​ បាន​កើន​ឡើង​​១២,៥១%​ ធៀប​នឹង​ខែធ្នូ​​​ ឆ្នាំ​២០១៤​ កើន​ឡើង​១៩,០៩% ​។​ ធនា​គារ​កណ្តាល​​បាន​ព្យាករ​ទុក​​ថា ​ការ​ផ្តល់​កម្ចី​នឹង​កើនឡើង​យ៉ាង​ខ្លាំង​ប្រមាណ​ជា​១៧% ​សម្រាប់​អំឡុង​ពេល​ពេញ​មួយ​ឆ្នាំ​២០១៥ ទៀត​ផង​ ។

ចំណែក​នៅ​ដំណាច់​ខែតុលា អត្រា​ការ​ប្រាក់​សុទ្ធ​បាន​កើនឡើង​២,៨%​ ធៀប​នឹង​២,៧%​ ក្នុង​ឆ្នាំ​២០១៤​ ។​ អត្រា​នេះ​​ស្មើនឹង​ឆ្នាំ​២០១៣​ដែរ ​។

ទោះជា​យ៉ាងណា ​អ្នកជំនាញ​ធនាគារ ​លោក Can Van Luc ​មាន​ប្រសាសន៍​ថា ​៖ «អត្រា​ការ​ប្រាក់សុទ្ធ​បច្ចុប្បន្ន​​មាន​ចំនួន​២,៧% គឺ​នៅតែ​មាន​កម្រិត​ទាប​​ដដែល​ ។​ កម្រិត​ការ​ប្រាក់សុទ្ធ​គួរ​តែ​ស្ថិត​ក្នុង​ចន្លោះ​៣% ​និង​​៣,៥%​ សម្រាប់​ធនាគារពាណិជ្ជ ​ដើម្បី​រក​ប្រាក់​ចំណេញ​​សម​ហេតុផល​​មួយ​អាច​​ទទួលយក​បាន​» ។

លោក Le Xuan Nghia អគ្គនាយក​​គ្រឹះ​​ស្ថាន​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​​​ ​​មាន​ប្រសាសន៍​ថា​​​ ​៖ «លទ្ធភាព​ចំណេញ​នៃ​ប្រព័ន្ធ​ធនាគារ​បច្ចុប្បន្ន​​​ស្ថិត​ក្នុង​កម្រិត​ទាប​នៅ​ឡើយ​ ​គឺ​ស្ថិត​នៅ​ពាក់​កណ្តាល​នៃ​កម្រិត​មុន ។​ ​លោក​​បារម្ភ​ថា​ ប្រសិនជា​សមត្ថភាព​ហិរញ្ញវត្ថុ​​ធនាគារ​មាន​កម្រិត​ខ្សោយ​នោះ​ ពួក​គេ​នឹង​មិន​អាច​ទិញ​សម្ភារ​​បច្ចេកទេស​ដែល​ចាំបាច់​បាន​ឡើយ ​ហើយ​​​នឹង​មាន​ហានិភ័យ​​ក្នុង​ការ​ដើរ​តាម​ក្រោយ​​គូប្រជែង​​​​​ថែម​ទៀត​​» ។

ក្នុង​របាយការណ៍​​ក្នុង​ខែតុលា គណៈកម្មការ​សម្របសម្រួល​ហិរញ្ញវត្ថុ​ជាតិ​ ​បាន​ប៉ាន់​ប្រមាណ​ថា ​ប្រព័ន្ធ​ធនាគារ​តាំងពី​ដើមឆ្នាំ​ រហូត​មក​ដល់​ពេល​នេះ​មាន​ស្ថិរ​​ភាព​ជា​ធម្មតា​ ជាមួយ​នឹង​សន្ទ​និយ​​ភាព​ដ៏​ប្រសើរ​សម្រាប់​​រូបិយប័ណ្ណ​ក្នុង​ស្រុក​ ​និង​ក្រៅ​ស្រុក​​ ។ ​​ចំណែក​​អត្រា​ឥណទាន​ធៀប​​នឹង​​ប្រាក់​បញ្ញើ​ (LDR) ​ជា​លុយ​ដុ​ង​វៀត​ណាម ​នៅ​តែ​រក្សា​កម្រិត​តិច​ជាង​៨០%​ដដែល​ ខណៈ LDR ជា​ប្រាក់​ដុល្លារ ​ក៏​ស្ថិត​ក្នុង​កម្រិត​តិច​ជាង​៨៥%​ដែរ​ ​​។

ការ​កែសម្រួល​ហេដ្ឋារចនាសម្ព័ន្ធ​ឥណទាន​ឡើង​វិញ​ក្នុងអំឡុងពេល​នោះ​ ក៏​បង្ហាញ​ពី​សញ្ញា​វិជ្ជ​មាន​ជាមួយ​​ការ​កើនឡើង​នៃ​ឥណទាន​រយៈ​ពេល​​​​ខ្លី​ដែរ ​ពោល​គឺ​អត្រា​ឥណទាន​រយៈពេល​ខ្លី​និង​​ឥណទាន​មិន​ទាន់​ទូទាត់​សង​សរុប​​​បាន​ថយ​ចុះ​៤៥,៦២%​​ បើ​​ធៀប​នឹង​អត្រា​៤៩,៧៤% ​ក្នុង​ឆ្នាំ​២០១៤ ​និង​លើស​ពី​៥០%​ ក្នុង​ឆ្នាំ​២០១១​ ដល់​២០១៣ ៕​