មនុស្ស​​​បន្ថែម​​​​ទៀត​​​អាច​​​​​​ត្រូវ​​​ចាប់​​​​​​ខ្លួន​​​ក្នុង​​​ករណី​ប្រើ​​​អំពើ​​​ហិង្សា​​​​លើ​​​​​​តំណាង​​​​រាស្ត្រ​​​​​​​គណបក្ស​​​​សង្គ្រោះ​​​​​​ជាតិ

មន្ត្រី​​​តុលាការ​​​មួយ​​​រូប​​​បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ព្រះរាជអាជ្ញា​​​កំពុង​​​បន្ត​​​ពិនិត្យ​​​មើល​​​រូប​​​ភាព​​​​វីដេអូ​​​​នៃ​​​​ហេតុ​​​ការណ៍​​​ប្រើ​​​​អំពើ​​​​​​ហិង្សា​​​​កាល​​​ពី​​​​ខែ​​​មុន​​​​ទៅ​​​​លើ​​​​តំណាង​រាស្ត្រ​​​​គណ​បក្ស​​​ប្រឆាំង​​​​ពីរ​​​រូប គឺ​​​លោក ញ៉យ ​​​ចំរើន ​​​និង​​​ លោក គង់ សុភា ហើយ​​​អា​​​ច​នឹង​​​បង្គាប់​ឲ្យ​​​​ចាប់​​​ខ្លួន​​​មនុស្ស​​​បន្ថែម​​​ទៀត​​​ បន្ទាប់​​​ពី​​​ទាហាន​​​បី​​​នាក់​​​​​​ចូល​​​​​​សារភាព​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​។

ប៉ុន្តែ​ សមត្ថកិច្ច​​​នៅ​​​តែ​​​បន្ត​​​អះ​​​អាង​​​ថា ខ្លួន​មិន​​​ដឹង​​​​​​​​​អង្គ​​​ភាព​​​យោធា​​​របស់​​​ទាហាន​​​ទាំង​​​បី​​​នាក់​​​​នេះ​​ឡើយ ទោះ​​​បី​​​ជា​​​សាធារណជន​​​អំពាវ​​​​​​នាវ​​​ឲ្យ​​​​​​បញ្ចេញ​​​ឈ្មោះ និង​​ស៊ើប​អង្កេត​​​​​​​ថ្នាក់​​​លើ​​​របស់​​​ពួកគេ​ដោយ​សារ​​មាន​​ការ​​​ចោទ​​​ប្រកាន់​​​​​​ថា ការ​​​វាយ​​​ប្រហារ​​​នេះ​​​ត្រូវ​​​បាន​​​រៀប​ចំទុក​យ៉ាង​​​ល្អ​​​ក៏​​​ដោយ​​​។

លោក មាស ច័ន្ទ​​​ពិសិដ្ឋ​​​ ព្រះ​រាជ​អាជ្ញារង​​​​អម​​​សាលាដំបូង​​​រាជ​ធានី​ភ្នំពេញ ដែល​​​ទទួល​​​បន្ទុក​​​សំណុំ​រឿង​​​​នេះ​​​ បាន​​​បញ្ជាក់​​​ម្តង​​​ហើយ​​​ម្តង​​​ទៀត​​​ថា សមត្ថកិច្ច​​​មិន​​​​ប្រាកដ​​ថា ទាហាន​​​ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ទាំង​​​បី​​​នាក់​​​មក​​​ពី​​​ណា​​​ទេ​​​។

លោក​​​ថ្លែង​​​ថា “ខ្ញុំ​​​គ្រាន់​​​តែ​​​ដឹង​​​​​ថា ពួក​​​គេ​​​ជា​​​ទាហាន ប៉ុន្តែ​​​ ខ្ញុំ​​​មិន​​​ដឹង​​​ថា ពួក​​​គេ​​​ធ្វើ​​​ការ​​​នៅ​​​អង្គភាព​​​​ណា​​​ទេ។

យោង​​​តាម​​​វីដេអូ​​​បង្ហាញ​​​ថា “មាន​​​អ្នក​​​ប្រើ​​​អំពើ​​​ហិង្សា​​ច្រើន​​​នាក់​​​ផ្សេង​​​ទៀត ​​​ដូច្នេះ​​​យើង​​​កំពុង​​​​បន្ត​​​សើុប​អង្កេត​​​។ ខ្ញុំ​​​មិន​​​អាច​​​ប្រាប់​​​អស់​​​លោក​​​បាន​​​ទេ​​​ពាក់​​​ព័ន្ធ​​​អ្នក​​​​ផ្សេង​​​​​​ទៀត ពីព្រោះ​​​​នេះ​​​​​ជា​​​​​​ការ​​​សើុប​អង្កេត​​​។ ​​​បើ​​​ខ្ញុំ​​​ប្រាប់​​អស់​​​លោក​​​ពី​​​បញ្ហា​​​នេះ ពួក​​​​​​គេ​​​នឹង​​​ដឹង​​​ខ្លួន  ហើយ​​​រត់​​​គេច​​​ជា​​​មិន​​​ខាន​​​”។

ព្រះរាជអាជ្ញា​​​រង​​​រូប​​​នេះ​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​ប​​​ន្ថែម​​​ទៀត​​​ទេ​​​ជុំ​​វិញសំណុំ​រឿង​នេះ ហើយ​​​បាន​​​បង្វែរ​​​សំណួរ​​​ទៅ​​​ចៅ​​​ក្រម​​​សើុប​​​សួរ អីុ ថាវរៈ ដែល​​​បាន​​​បដិ​​​សេធ​​​​​​មិន​​​ឆ្លើយ​​​បំភ្លឺ​​​។

ចំណែក​ឯលោក​​​ សៀង សេន ប្រធាន​​​នាយក​​​ដ្ឋាន​​​សន្តិសុខ​​​ផ្ទៃ​​​ក្នុង​​​នៃ​​​ក្រសួង​​​មហា​​​ផ្ទៃ​​​ និង​​​ជា​​​សមាជិក​​​មួយ​​​រូប​​​នៃ​​​គណៈកម្មការ​​​ដែល​​​មាន​​​សមាជិក​​​ប្រាំ​​​បី​​​រូប​​​ទទួល​​​បន្ទុក​​​សើុប​​​អង្កេត​​​ការ​​​វាយ​​​ប្រហារ​​​នេះ បាន​​​ថ្លែង​​​ថា ពួក​​​លោក​​​កំពុង​​​​​បន្ត​​​សើុប​​​អង្កេត​​​ដោយ​​​ប្រុង​​​ប្រយ័ត្ន​​​។

ឧត្តម​សេនីយ៍​ទោ​​​រូប​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍ថា “គណៈកម្មការ​​​កំពុង​​​បន្ត​​​សើុប​​​អង្កេត​​​” ដោយ​​​ពន្យល់​​ថា ​​​ក្រុម​​​របស់​​​លោក​​​មាន​​​ការ​​​ប្រុង​​​ប្រយ័ត្ន​​​ណាស់​​​ចំពោះ​​​រូប​​​ភាព​​​ដែល​​​​បង្ហោះ​​​តាម​​​បណ្ដាញ​​​ទំនាក់​​​ទំនង​​​សង្គម ​​​ពីព្រោះ​វា​​​អាច​​​​​​ត្រូវ​​​គេ​​​កែ​​។

លោក​​​លើក​ឡើង​​​​​​​បន្ត​​​ថា ​​​​​”​វីដេអូ​​​នៅ​​​តាម​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​មិន​​​អាច​​​យក​​​​​​ធ្វើ​ជា​ផ្លូវ​ការ​​​​បាន​​​ទេ​​​ក្នុង​​​​សម័យ​​​ទំនើប​​​នេះ”។

បណ្តា​គេ​​​ហទំព័រ​​​​​​បណ្តាញ​​​ទំនាក់​​​ទំនង​​​សង្គម ជា​​​ពិសេស​​​ហ្វេស​ប៊ុក​​​ មាន​​​​​​ពេញ​​​ទៅ​​​ដោយ​​​វីដេអូ​​​ឃ្លីប និ​​​ងរូប​​​ថត​​​នៃ​​ការ​​​​​វាយ​​​​ប្រហារ​នោះ​​​ចាប់​​​តាំង​​​ពី​​​ហេតុ​​​ការណ៍​​​នោះ​​​បាន​​​កើត​​​ឡើង​​​កាល​​​ពី​​​ថ្ងៃ​​​២៦ ​​​ខែ​​​តុលា​​​មក ​​​ដោយ​​​បណ្ដា​​​អ្នក​​​ប្រើ​​​ប្រាស់​​​បណ្តាញ​​​ទំនាក់​​​ទំនង​​​សង្គម​​​បាន​ព្យាយាម​​​កំណត់​​​អត្ត​​​សញ្ញាណ​​​ក្រុម​​​បុរស​​ដែលគេ​​​មើល​​​ឃើញ​​​​ធ្វើ​សកម្ម​ភាព​ទាត់ធាក់ និង​​​ជាន់​​​តំណាង​​​រាស្ត្រ​​​គណ​បក្ស​សង្គ្រោះ​​ជាតិ។

ដោយ​ឡែក​លោក ឆៃ​​​ ស៊ីណារិទ្ធ អគ្គស្នង​​​ការ​​​រង​​​នគរ​​​បាល​​​ជាតិ​​​ និង​​​ជា​​​អនុប្រធាន​​​គណៈ​កម្មការ​​​សើុប​​​អង្កេត​​​​នេះ មិន​​​អាច​​​ទាក់ទង​​​បាន​​ទេ​​​។

ទោះ​​​ជា​​​យ៉ាង​ណា​ លោក ​​​ខៀវ​​​​ សុភ័គ អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា គណៈកម្មការ​​​ត្រៀម​​​ខ្លួន​​​រួច​​​ជា​​​ស្រេច​​​ដើម្បី​​​អនុវត្ត​​​តាម​​​ដីកា​​​បង្គាប់​​​របស់​​​សាលា​ដំបូង​រាជ​ធានី។លោក​​​​លើក​ឡើង​​​​​ថា​​​ “យើង​​​កំពុង​​​រង់​​​ចាំ​​​ដីកា​​​បង្គាប់​​​ពី​​​តុលាការ​​​ រង់​ចាំ​​​មើល​​​ថា តើ​​​តុលាការ​​​​​បញ្ជា​ឲ្យ​ធ្វើ​អី”។ ដោយ​លោក​​​គូស​បញ្ជាក់​ថា លោក​​​ក៏​​​មិន​​​ដឹង​​​ដែរ​ថា​ទាហាន​​​ទាំង​​​នោះ​​​មក​​​ពី​​​ណា ប៉ុន្តែ​លោក​​​​ប្រាកដ​​​ថា​​​ ពួក​​​គេ​​​មិនមែន​​​មក​​​ពី​​​អង្គ​ភាព​អង្គរក្ស​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ឡើយ។

លោក​មាន​ប្រសាសន៍​​​​ថា ​​​”[អង្គភាព​​​អង្គរក្ស​​​] ​​​​​​​​​បាន​​​ប្រកាស​​​បដិសេធ​​​ហើយ​​​ថា ពួកគេ​​​​មិន​​​មែន​​​ជា​​​មន្ត្រី​​​យោធា​​​ចេញ​​​ពី​​​អង្គភាព​​​អង្គរក្ស​​​ទេ​​​”។

លោក សម រង្ស៊ី ប្រធាន​​​គណបក្ស​​​ប្រឆាំង​​​ដែល​​​បាន​​​ធ្វើ​​​ដំណើរ​​​ទៅ​​​កាន់​​​ប្រទេស​​​ម៉ុង​​​ហ្គោ​លី​ ​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​មាន​​​ការ​​​សើុប​​​អង្កេត​​​ទូលំទូលាយ ហើយ​​​បាន​​​ចោទ​​​ប្រកាន់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន ​​​សែន ថា​ជា​​​អ្នក​​​រៀប​​​ចំ​​​ការ​​​វាយ​​​ប្រហារ​​​តំណាង​​​ រាស្ត្រ​​​​របស់​លោក​។

កាល​​​ពី​​​សប្តាហ៍​​​មុន​​​ លោក ​​​ខៀវ ​​​សុគ័ក ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ជឿ​​​ថា ទាហាន​​​ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ទាំង​​​បី​​​នាក់​​​ដែល​​​មាន​​​ឈ្មោះ ចាយ​​​ សារិទ្ធ អាយុ​​​៣៣​​​ឆ្នាំ ​​​ម៉ៅ ​​​ហឿន ​​​ អាយុ​​​៣៤​​​ឆ្នាំ និង​​ សុត វណ្ណនី អាយុ​​​៤៥​​​ឆ្នាំ ​បាន​ធ្វើ​​​សកម្ម​​​ភាព​​​​​​ដោយ​​​ខ្លួន​​​ឯង ​​​មិន​​​​​​មែន​​​ធ្វើ​តាម​​​បទ​​​បញ្ជា​​​របស់​​​នរណា​​​ឡើយ។

លោក ហ៊ុន សែន បាន​​​មានប្រសាសន៍​​ថា លោក​​​ជឿ​​​ថា ទាហាន​​​ទាំង​​​នេះ​​​គ្រាន់​​​តែ​​​ប្រតិកម្ម​​​ទៅ​​​នឹង​​​ពាក្យ​​​ប្រមាថ​​​មាក់​​​ងាយ​​​ពី​​​សំណាក់​​​តំណាង​​​រាស្ត្រ​​​ទាំង​​​ពីរប៉ុណ្ណោះ​​​ ​​​​ខណៈ​​​ តំណាង​រាស្ត្រ​ទាំង​ពីរ​​​​ចាក​​​ចេញ​​​ពី​​​វិមាន​​​រដ្ឋ​​​សភា​ ហើយ​​បាន​ប្រើ​អំពើ​ហិង្សា​ដោយ​​​សារ​​​តែ​​​កំហឹង​​​។

ប៉ុន្តែ បណ្តា​​​អង្គការ​​​សង្គម​​​ស៊ីវិល និង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ធ្វើ​​​ការ​​​កត់​​​សម្គាល់ថា ការ​​​វាយ​​​ប្រហារ​​​ដែល​​​បាន​​​​​​កើត​​​ឡើង​​អំឡុង​​​​​​បាតុកម្ម​​​ប្រឆាំង​​​លោក កឹម ​​​សុខា ​​​អនុ​​​ប្រធាន​​​គណ​បក្ស​​​​ប្រឆាំង ដែល​​​​​​លោក ហ៊ុន ​​​សែន ​​បាន​ជំរុញ​នៅ​​​យប់​​​មុន​​​នោះ​​ហាក់​ដូច​ជា​មាន​ការ​រៀបចំ​​ទុក​មុន​​យ៉ាង​ល្អ។

ពួក​​​គេ​​​​​​​និយាយ​​​ថា សន្តិសុខ​​​នៅ​​​រដ្ឋ​​​សភា​​​បាន​​​បញ្ជា​​​ឲ្យ​រថ​យន្ត​របស់​​​​តំណាង​​​រាស្ត្រ​​​ទាំង​​​ពីរ​​​បើក​​​ឆ្ពោះ​​ទៅ​​​កន្លែង​​​​​​ដែល​​​កើត​​​មាន​​​អំពើ​​​​ហិង្សា​​​លើ​​​ពួក​​​លោក​​​ បន្ទាប់​​​ពី​​​​ពួក​​​គេ​​​​​​មិន​​​អនុ​​​ញ្ញាត​​​ឲ្យ​រថ​យន្ត​របស់​​​​ពួក​​​លោក​​​​បើក​ចេញ​​​តាម​​​​​​​ច្រកទ្វារចេញ​​​​ដូច​​​សព្វមួយដង​​ ហើយ​ថា ​​​នគរ​​​បាល​​​ដែល​​​ឈរ​​​ជើង​​​នៅ​ក្បែរ​​​នោះ ​​​បាន​​​បណ្តោយ​​​ឲ្យ​​​ហេតុ​​​ការណ៍​​​នោះ​​​កើត​​​ឡើង​​​។

លោក សម រង្ស៊ី អះអាង​​​ថា ការ​​​វាយ​​​ប្រហារ​​​​​នេះ​ធ្វើ​​​ឡើង​​​ដើម្បី​​​តប​​​ត​​​ទៅ​​​នឹង​​​បាតុ​​​កម្ម​​​ដែល​​​បាន​​​ស្វាគមន៍​​​លោក ​​​ហ៊ុន ​​​សែន នៅ​​​បរទេស ហើយ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ដែល​​​​បាន​ថ្កោល​​​ទោស​​​ការ​​​វាយ​​​ប្រហារ​​​នេះ បាន​​​មាន​​​ប្រសាសន៍​​​ថា ពិត​ណាស់ ​បាតុកម្ម​​​ដែល​​​បាន​​​កើត​​​ឡើង​​​គឺ​​​ត្រូវ​​​បាន​​​រៀប​​​ចំ​​​ឡើង​​​ដើម្បី​​​សង​​​សឹក​​​។

លោក​​​ ហ៊ុន សែន បាន​​​លើក​​​ឡើង​​​ក្នុង​​​សុន្ទរកថា​​​កាល​​​ពី​​​ថ្ងៃព្រហស្បតិ៍​​​ថា “បើ​​​គ្មាន​​​ភ្លើង ​​​វា​​​ក៏​​​គ្មាន​​​ផ្សែង​​​ដែរ​​​ បើ​​​គ្មាន​​​បាតុកម្ម​​​នៅ​​​ញូវយ៉ក និង​​​បាតុកម្ម​​​នៅ​​​ប៉ារីស ក៏អត់​​​មាន​​​បាតុកម្ម​​​នៅ​​​ភ្នំពេញ​​​ដែរ​​​”៕សុខុម​​​​​​​​​​​​​​

The post មនុស្ស​​​បន្ថែម​​​​ទៀត​​​អាច​​​​​​ត្រូវ​​​ចាប់​​​​​​ខ្លួន​​​ក្នុង​​​ករណី​ប្រើ​​​អំពើ​​​ហិង្សា​​​​លើ​​​​​​តំណាង​​​​រាស្ត្រ​​​​​​​គណបក្ស​​​​សង្គ្រោះ​​​​​​ជាតិ appeared first on ខេមបូឌា ដេលី.