មនុស្សមួយចំនួន ត្រូវបានសមត្ថកិច្ច ហៅយកទៅសួរនាំជុំវិញករណី បាញ់សម្លាប់ក្រុម អភិរក្សសត្វព្រៃ

ព្រះវិហារ : ស្នងការនគរបាលខេត្តព្រះវិហារ លោកឧត្តមសេនីយ៏ ស៊ី គីរី បានប្រាប់មុននេះថា មនុស្សមួយចំនួន ត្រូវបានសមត្ថកិច្ច របស់លោក សហការជាមួយមន្រ្តី រដ្ឋបាលព្រៃឈើ ហៅមកសួរនាំ នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ជុំវិញករណី បាញ់សម្លាប់ ក្រុមអភិរក្សសត្វព្រៃ បណ្តាលឲ្យស្លាប់២នាក់ របួសម្នាក់ និងរត់រួចម្នាក់ នៅឃុំមរកត ស្រុកជាំក្សាន្ត កាលពីចុងសប្តាយហ៌មុននេះ។

យ៉ាងណាក៏ដោយ លោកឧត្តមសេនីយ៏ស្នងការ មិនទាន់អាចបញ្ជាក់ឲ្យបានលំអិតនោះទេ ចំពោះការហៅអ្នកទាំងនេះ មកសួរនាំ គ្រាន់តែលោកអះអាងថា ពួកគេមិនទាន់ជាជនសង្ស័យ ឫមានទោសនោះឡើយ ពោលគ្រាន់សួរនាំ លើករណីនេះប៉ុណ្ណោះ។

កាលពីម្សិិលមិញ ខណ:អញ្ជើញចូលរួមបុណ្យសព មន្រ្តីនគរបាល អគ្គស្នងការរងនគរបាលជាតិ ប្រចាំទិសប្រាសទព្រះវិហារ នាយឧត្តមសេនីយ៏ ខេង សុមេធ បានបញ្ជាឲ្យកម្លាំងនគរបាលខេត្តព្រះវិហារ សហការជាមួយ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវតាមចាប់ខ្លួន ឲ្យខាងតែបាន ចំពោះក្រុមខ្មាន់កាំភ្លើង ដែលបើកការបាញ់ប្រហារមកលើក្រុមអភិរក្សសត្វព្រៃ ។

សូមបញ្ជាក់ថា មានការបាញ់ប្រហារមួយ បង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណមួយក្រុម មកលើកម្លាំងអភិរក្សសត្វព្រៃ ស្ថិតនៅចំណុចអណ្តើក១០ ខាងក្រោយវរយោធា៣៩១ ប្រហែល ២គីឡូម៉ែត្រ ភូមិសែនរុងរឿង៣ ឃុំមរតក ស្រុកជាក្សាន្ត ខេត្តព្រះវិហារ បណ្តាលឲ្យស្លាប់ ២នាក់ ម្នាក់ជាប្រធានក្រុមល្បាតរដ្ឋបាលព្រៃឈើ ឈ្មោះ សៀង ណារ៉ុង និងម្នាក់ទៀត ជាមន្រ្តីនគរបាលស្រុកឆែប ឈ្មោះ សាប់ យស់ ហើយមានម្នាក់ឈ្មោះ ភេទ សុភាន់ មន្រ្តីនគរបាលវរសេនាតូច ការពារព្រំដែនគោកលេខ១០៥ រងរបួស ខណៈដែលមន្រ្តីយោធា នៅវរសេនាតូចលេខ៣៩៤ នៃកងពលតូចលេខ៩ បានរត់រួចខ្លួនមកដល់បន្ទាយ។

អំពើបាញ់ប្រហារខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ខណៈដែលក្រុមអភិរក្សកំពុងចុះល្បាត ហើយចាប់ម៉ាស៊ីនអារឈើចំនួន ២គោលដៅ ដោយគោលដៅទី១ ដកហូតបាន ៦គ្រឿង និងកាំភ្លើងកាប៊ីនកែច្នៃ ១ដើម ហើយគោលដៅទី២ ចាប់បានម៉ាស៊ីន ៥គ្រឿង កាំភ្លើងកាប៊ីន ១ដើម ផងដែរ ៕

មនុស្សមួយចំនួន ត្រូវបានសមត្ថកិច្ច ហៅយកទៅសួរនាំជុំវិញករណី បាញ់សម្លាប់ក្រុម អភិរក្សសត្វព្រៃ

មនុស្សមួយចំនួន ត្រូវបានសមត្ថកិច្ច ហៅយកទៅសួរនាំជុំវិញករណី បាញ់សម្លាប់ក្រុម អភិរក្សសត្វព្រៃ