ព្រះ​មហាក្សត្រ​មិន​មាន​ព្រះ​រាជបន្ទូល​អ្វី​ទេ​ក្នុង​ពិធី​ខួប​លើក​ទី៦២​នៃ​បុណ្យ​ឯករាជ្យជាតិ

ព្រះមហាក្សត្រ​ខ្មែរ សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី យាង​ចូលរួម​ពិធី​ខួប​អនុស្សាវរីយ៍​លើក​ទី៦២ នៃ​បុណ្យ​ឯករាជ្យ​ជាតិ​៩ វិច្ឆិកា ២០១៥ រួម​នឹង​មន្ត្រី​កំពូលៗ​ថ្នាក់​ជាតិ មន្ត្រី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ សិស្ស​និស្សិត និង​ពលរដ្ឋ​ប្រមាណ​៥​ពាន់​នាក់។

នៅ​ម៉ោង​ប្រមាណ​៨​ព្រឹក នា​វិមានឯករាជ្យ រាជធានី​ភ្នំពេញ ព្រះមហាក្សត្រ​យាង​ប្រទាន​ព្រះរាជ​ភ្លើង​ជ័យ និង​សំណេះសំណាល​ជាមួយ​អ្នក​ចូលរួម​ទាំង​អស់ ប៉ុន្តែ​ទ្រង់​មិន​បាន​មាន​ព្រះរាជ​បន្ទូល​ជា​ផ្លូវ​ការ​អ្វី​ទេ ក្នុង​ឱកាស​នៃ​ព្រះ​រាជពិធី​នេះ។

ចំណែក​ចរាចរណ៍​ត្រូវ​បាន​សម្រួល​ជា​បណ្ដោះអាសន្ន ដោយ​គ្មាន​យាន​ជំនិះ​គ្រប់​ប្រភេទ ឆ្លង​កាត់​ផ្លូវ​ដែល​នៅ​ក្បែរ​ទីតាំង​វិមាន​ឯករាជ្យ ដូចជា​កំណាត់​វិថី​ព្រះសីហនុ វិថី​សម្ដេច​សុធារស ផ្លូវ​សម្ដេច​ព្រះសុរាម្រិត និង​កំណាត់​ផ្លូវ​មួយ​ចំនួន​ទៀត​ដែល​នៅ​ក្បែរៗ​នោះ។

ថ្ងៃ​៩ វិច្ឆិកា ១៩៥៣ ជា​ថ្ងៃ​ដែល​កម្ពុជា​ដឹកនាំ​ដោយ ព្រះមហាវីរៈក្សត្រ ព្រះបរមកោដ្ឋ ព្រះបាទ​នរោត្ដម សីហនុ បាន​ទទួល​ឯករាជ្យ​ពី​អាណានិគម​និយម​បារាំង ដែល​បាន​គ្រប់គ្រង​កម្ពុជា​អស់​រយៈពេល ៩០​ឆ្នាំ តាំងពី​ឆ្នាំ​១៨៦៣​មក។

ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​១៩៥៣-៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ក៏​ជា​ខួប​លើ​ទី​៦២​ឆ្នាំ នៃ​ទិវា​កំណើត​កង​យោធពល​ខេមរភូមិន្ទ។ កន្លង​មក ក្រសួង​ការពារ​ជាតិ​កម្ពុជា ក៏​តែង​ប្រារព្ធ​ពិធី​នេះ​ផ្លូវ​ការ​ជា​រៀង​រាល់​ឆ្នាំ​ផង​ដែរ។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​របស់​យើង...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។