លោក ខៀវ កាញារីទ្ធ ជំរុញ​ឲ្យ​ស្ថាប័ន​ទាំងអស់​ត្រូវ​ផ្ដល់​ព័ត៌មាន​ដល់​អ្នក​សារព័ត៌មាន

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល មាន​ប្រសាសន៍​ថា អាជ្ញាធរ​ត្រូវ​ផ្តល់​ព័ត៌មាន​ដល់​អ្នក​សារព័ត៌មាន​គ្រប់​រូប មិន​ថា​អ្នក​កាសែត​អាជីព និង​ពលរដ្ឋ​អ្នក​សារព័ត៌មាន​នោះ​ឡើយ ព្រោះ​ជា​សិទ្ធិ​សេរីភាព​នៃ​ការ​ទទួល​បាន​ព័ត៌មាន​ក្នុង​សង្គម​ដែល​ប្រកាន់​ភ្ជាប់​លទ្ធិប្រជាធិបតេយ្យ។ ប៉ុន្តែ​អ្នក​សារព័ត៌មាន​អាជីព និង​ប្រជាពលរដ្ឋ​អ្នក​សារព័ត៌មាន អះអាង​ថា ពួក​គេ​នៅ​តែ​រង​ការ​គំរាម​កំហែង​ពី​អាជ្ញាធរ និង​ឈ្មួញ​អ្នក​រក​ស៊ី​ធំៗ នៅ​ពេល​ដែល​ចុះ​ទៅ​យក​ព័ត៌មាន​នៅ​នឹង​កន្លែង​កើត​ហេតុ​ម្តងៗ។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ថ្លែង​ថា ជន​ដៃ​ដល់​សម្លាប់​អ្នក​សារព័ត៌មាន ក្រសួង​មាន​សមត្ថកិច្ច​ត្រូវ​តែ​ចាប់​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់។ ទន្ទឹម​នឹង​នេះ​ដែរ លោក​ក៏​ជំរុញ​ឲ្យ​ស្ថាប័ន​ទាំងអស់ ត្រូវ​ផ្ដល់​ព័ត៌មាន​ដល់​អ្នក​សារព័ត៌មាន។

ការ​ថ្លែង​របស់ លោក ខៀវ កាញារីទ្ធ នេះ ស្ថិត​នៅ​ក្នុង​វេទិកា​ប្រចាំ​ឆ្នាំ​ស្ដីពី​ការ​ផ្សារភ្ជាប់​ទំនាក់ទំនង​រវាង​អ្នក​សារព័ត៌មាន​អាជីព ពលរដ្ឋ​អ្នក​សារព័ត៌មាន និង​និស្សិត​អ្នក​សារព័ត៌មាន ដែល​រៀបចំ​ដោយ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​ក្រុង​ភ្នំពេញ។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ មាន​ប្រសាសន៍​ថា មន្ត្រី​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់ ត្រូវ​តែ​ផ្តល់​ព័ត៌មាន​ដល់​អ្នក​កាសែត​អាជីព និង​ពលរដ្ឋ​អ្នក​សារព័ត៌មាន នៅ​ពេល​ដែល​មាន​រឿង​អ្វី​មួយ​កើត​ឡើង ដោយ​មិន​ត្រូវ​មើលងាយ និង​ជេរ​ប្រមាថ​អ្នក​សារព័ត៌មាន​នោះ​ទេ។ ដើម្បី​ឲ្យ​ព័ត៌មាន​មាន​តម្លាភាព​ត្រឹមត្រូវ និង​ភាព​សុចរិត​នៅ​ពេល​ចេញ​ផ្សាយ​ជា​សាធារណៈ គឺ​ទាមទារ​ឲ្យ​មាន​អ្នក​ពាក់ព័ន្ធ ត្រូវ​ផ្តល់​កិច្ច​សម្ភាសន៍ ជាពិសេស​អាជ្ញាធរ​មាន​សមត្ថកិច្ច៖ «អ្នក​ដែល​ត្រូវ​សម្លាប់ និយាយ​រួម​មិន​ថា​តែ​អ្នក​កាសែត​ទេ នរណា​ក៏ដោយ ឲ្យ​សម្លាប់​មនុស្ស គឺ​ត្រូវ​មាន​ទោស ប៉ុន្តែ​រាល់​ថ្ងៃ​នេះ យើង​មិន​ទាន់​បិទ​សំណុំ​រឿង​ទាំង​នោះ​ទេ»

លោក​អះអាង​ថា ក្រសួង​ព័ត៌មាន និង​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​នៅ​កម្ពុជា កំពុង​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ដើម្បី​ការពារ​អ្នក​សារព័ត៌មាន និង​ដាក់​ទោស​មន្ត្រី​អាជ្ញាធរ​ទាំងឡាយ​ណា ដែល​បដិសេធ​មិន​ព្រម​ផ្តល់​ព័ត៌មាន​ដល់​អ្នក​សារព័ត៌មាន។

ពលរដ្ឋ​អ្នក​សារព័ត៌មាន​នៅ​ខេត្ត​ពោធិ៍សាត់ លោក ម៉ាប់ សុយ និយាយ​ថា កាល​ពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​ថ្មីៗ​នេះ លោក​ត្រូវ​បាន​មន្ត្រី​ប៉ូលិស​ចរាចរណ៍​ក្រុង​ពោធិ៍សាត់ គំរាម​ធ្វើ​បាប និង​គំរាម​ចាប់​ដាក់​គុក នៅ​ពេល​ដែល​លោក​បាន​ឈរ​ថត​សកម្មភាព​មិន​ប្រក្រតី​នៃ​ការ​ផាក​ពិន័យ​របស់​មន្ត្រី​ប៉ូលិស​ចរាចរណ៍​លើ​អ្នក​បើកបរ​ក្នុង​ពេល​ធ្វើ​ដំណើរ៖ «ពេល​ដែល​ខ្ញុំ​មក​ហ្នឹង គឺ​មាន​ការ​ផាក​ខុស​ប្រក្រតី ផាក​លើស​ចំនួន​កំណត់។ ខ្ញុំ​ក៏​លួច​ថត​បាន ចឹង​ហើយ​គេ​ក៏​ចាប់​យក​ទូរស័ព្ទ​ដៃ​ទារ​លុប​រូប​ថត ហើយ​បើ​យើង​មិន​លុប​ទេ គេង​នឹង​ប្ដឹង​ខ្ញុំ ហើយ​អាច​ចាប់​ដាក់​គុក​បាន»

ជុំវិញ​បញ្ហា​នេះ នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ លោក ប៉ា ងួនទៀង មាន​ប្រសាសន៍​ថា ពលរដ្ឋ​គ្រប់​រូប​មិន​ត្រូវ​បាន​រឹតត្បិត​សេរីភាព​នៃ​ការ​ផ្សាយ​ព័ត៌មាន​ដោយ​ច្បាប់​នោះ​ទេ ប៉ុន្តែ​ការ​ប្រឈម​មុខ​នឹង​អាជ្ញាធរ គឺ​ជា​រឿង​ដែល​ពលរដ្ឋ​អ្នក​សារព័ត៌មាន​តែង​ជួប​ប្រទះ និង​រង​នូវ​ការ​មាក់ងាយ​ពី​មន្ត្រី​អ្នក​មាន​អំណាច​មួយ​ចំនួន ដែល​មិន​សូវ​យល់​ពី​តម្លៃ​ព័ត៌មាន និង​សិទ្ធិ​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន៖ «ប្រឈម​ពិបាក​ដែរ​ជាមួយ​នឹង​អាជ្ញាធរ ពេល​គាត់​ទៅ​សម្ភាស​ទៅ​យក​ព័ត៌មាន​ចឹង​ទៅ គេ​និយាយ​ថា ស្អី​ហា! មក​ពី​ណា? មាន​លិខិត​សម្គាល់​ទេ? តាម​ពិត​ចឹងៗ​មិន​ចាំបាច់​មាន​លិខិត​ទេ ព្រោះ​ជា​សិទ្ធិ​សេរីភាព​នៃ​ការ​យក​ព័ត៌មាន»

នៅ​ទីក្រុង​ភ្នំពេញ មាន​អង្គការ​សង្គម​ស៊ីវិល​ជាង ២០​ស្ថាប័ន (២២​ស្ថាប័ន) បាន​រួម​គ្នា​ធ្វើ​យុទ្ធនាការ​បញ្ឈប់​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍​នៅ​កម្ពុជា រយៈពេល ៧​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា និង​ស្នើ​ដល់​រដ្ឋាភិបាល ត្រូវ​ចាត់​វិធានការ​ចំពោះ​ជន​សង្ស័យ​ដែល​សម្លាប់​អ្នក​កាសែត​កន្លង​មក។

អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា អ្នក​សារព័ត៌មាន​តែង​ប្រឈម​នឹង​ការ​គំរាម ការ​ប្រើ​អំពើ​ហិង្សា​ដោយសារ​វិជ្ជាជីវៈ​របស់​ពួក​គេ។ អ្នក​សារព័ត៌មាន​ចំនួន ១៣​នាក់ ត្រូវ​ឃាតក​បាញ់​សម្លាប់​តាំង​ពី​ឆ្នាំ​១៩៩៤។ ជុំវិញ​ករណី​សម្លាប់​អ្នក​កាសែត​នេះ មាន​តែ ២​ករណី​ប៉ុណ្ណោះ​ដែល​តុលាការ​លើក​មក​កាត់​ក្ដី។

កាល​ពី​ថ្ងៃ​ទី​៣០ តុលា កន្លង​ទៅ អ្នក​យក​ព័ត៌មាន​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ ចំនួន ២​រូប ដែល​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​អះអាង​ថា ពួក​គេ​ត្រូវ​បាន​មន្ត្រី​ប៉ូលិស​ការពារ​ព្រំដែន​ម្នាក់​ឈ្មោះ លោក ប្រុស ហៅ ម៉ាប់ ប្រចាំ​ការ​នៅ​ច្រក​របៀង​ចំបក់ ស្រុក​ម៉ាឡៃ យក​កាំបិត​ផ្គាក់​ដេញ​កាប់ និង​បោក​កាមេរ៉ា​ថត​រូប​ខូច​អស់​មួយ​គ្រឿង នៅ​ពេល​ចុះ​យក​ព័ត៌មាន។

អ្នក​កាសែត​នោះ បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ ឲ្យ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ទៅ​លើ​អ្នក​ប្រព្រឹត្តិ ប៉ុន្តែ​មក​ទល់​ពេល​នេះ ពុំ​ទាន់​មាន​ដំណោះស្រាយ​ទេ។

អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា រយៈពេល​ចុង​ក្រោយ​នេះ អ្នក​សារព័ត៌មាន​អាជីព និង​ពលរដ្ឋ​អ្នក​សារព័ត៌មាន​មួយ​ចំនួន ត្រូវ​បាន​គេ​មើល​ឃើញ​ថា រង​ការ​គំរាម​កំហែង​ពី​អាជ្ញាធរ​អ្នក​មាន​អំណាច និង​មាន​លុយ​មួយ​ចំនួន ប៉ុន្តែ​រដ្ឋាភិបាល​ហាក់​មិន​មាន​ចេតនា​ណា​មួយ​ជាក់លាក់​ក្នុង​ការ​ដោះស្រាយ និង​ចាប់​ជន​សង្ស័យ​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។