មន្ត្រីជាន់ខ្ពស់ លើកឡើង​ពី​ស្នា​ព្រះ​ហ​ស្ថ​របស់​ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ​

ភ្នំពេញ: ​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល ដែល​បាន​ចូលរួម​ក្នុង​ពិធីបុណ្យ​ឯករាជ្យ​ជាតិ បានលើកឡើង​ពី​ស្នា​ព្រះ​ហ​ស្ថ​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ក្នុង​ព្រះរាជ​បូជនីយកិច្ច​ទាមទារ​ឯករាជ្យ​ពី​អាណានិគម​បារាំង​។​

​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា នេះ​គឺជា​ព្រឹត្តិការណ៍​ថ្មី​មួយទៀត ដែល​ប្រជាពលរដ្ឋ​ទូទាំងប្រទេស បាន​អបអរសាទរ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ជា​ការពិតហើយ​ថា ឯករាជ្យ​ជាតិ ពិត​ជាមាន​អត្ថន័យ​សម្រាប់​ប្រទេសជាតិ​មួយ ដែល​ធ្លា​ប់រង​នូវ​ការគ្រប់គ្រង​ពី​បរទេស អាណានិគមនិយម ដែល​បានដាក់​នឹម​ត្រួតត្រា​នៅលើ​កម្ពុជា ពីព្រោះ​នេះហើយ ដែល​បានធ្វើ​ឲ្យ​កម្ពុ​ជាមាន​សិទ្ធិ​ស្វ័យ​សម្រេច ក្នុងការ​ការពារ​បូរណភាព​ទឹកដី ការពារ​សិទ្ធិសេរីភាព រួមជាមួយ​នឹង​ការ​មាន​សិទ្ធិ​នៅក្នុង​ការអភិវឌ្ឍន៍​ប្រទេសជាតិ តាម​បំណងប្រាថ្នា​របស់ខ្លួន​។​

​លោក​បាន​បញ្ជាក់ថា ទិវា​នេះ ពិត​ជាមាន​អត្ថន័យ​ណាស់ ហើយ​យើង​តែងតែបាន​ផ្សា​រប​ភ្ជាប់​ទៅនឹង​អត្ថន័យ​ទិវា​ឯករាជ្យ​ជាតិ  ទៅ​ជាមួយនិង​ស្នា​ព្រះ​ហត្ថ​របស់​ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះអង្គ​បាន​ពលិកម្ម​គ្រប់បែបយ៉ាង ដើម្បី​បុព្វហេតុ​ឯករាជ្យ​ជាតិ​នេះ ឥឡូវនេះ គឺ​មានតែ​ប្រជាពលរដ្ឋ ខិតខំ​ប្តេជ្ញាចិត្ត​ដើម្បី​ការពារ​ឯករាជ្យ​ជាតិ ក៏​មានន័យថា ដើម្បី​ការពារ​បូរណភាព​ទឹកដី​ឲ្យ​បាន​គង់វង្ស​តទៅ​អនាគត​ទៀត​។​

​ចំណែក​លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​មាន​ប្រសាសន៍ថា ជា​រៀងរាល់ឆ្នាំ នៅ​ថ្ងៃទី​៩ វិច្ឆិកា គឺ​រាជរដ្ឋាភិបាល​កម្ពុជា បានរៀបចំ​ប្រារព្ធ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​នេះ​ឡើង គឺ​រម្លឹក​នូវ​បូរ​នី​យ​កិច្ច​របស់​ព្រះ​បរម​រតន​កោដ្ឋ ដែល​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ព្រះអង្គ​ក្នុងការ​ទាមទារ​ឯករាជ្យ​។ ទន្ទឹមនឹង​ការ​ទាមទារ​ឯករាជ្យ​នេះ ក៏​បណ្តា​កម្លាំង​ទាំងឡាយ​ក៏បាន​បង្កើតឡើង​ផងដែរ​។

​ការ​ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​នេះ គឺជា​ព្រឹត្តិការណ៍​មួយ​សំខាន់​ណាស់ ដែល​ធ្វើ​ឲ្យ​កម្ពុជា​ទទួលបាន​នូវ​ឯករាជ្យ​ពេញបរិបូរណ៍​នៅ​ថ្ងៃទី​៩ វិច្ឆិកា ឆ្នាំ​១៩៥៣ ហើយ​ទាំងអស់គ្នា​ទៅ​នៅ​ទីកន្លែង​ណាក៏ដោយ តែងតែ​នឹង​ឃើញ​អំពី​គុណ​នូ​បការៈ និង​ស្នា​ព្រះ​ហត្ថ​ដ៏​ធំធេង​របស់​ព្រះ​បរម​រតន​កោដ្ឋ​។​

​រីឯ​លោក អៀង ម៉ូ​លី ប្រធាន​អាជ្ញាធរ​ប្រយុទ្ធប្រឆាំង​ជំ​អឺ​អេដស៍ បាន​មាន​ប្រសាសន៍​ថា នេះ​គឺជា​ស្នា​ព្រះ​ហត្ថ​ដ៏​ធំធេង​របស់​ព្រះ​បរម​រតន​កោដ្ឋ ព្រោះ​ការទាមទារ​ឯករាជ្យ​ជាការ​លំបាក ហើយ​ព្រះអង្គ​បានទាមទារ​ឯករាជ្យ​ពី​បារាំង ដោយ​មិន​មានការ​បង្ហូរ​ឈាម ហើយ​ក៏បាន​ធ្វើជា​សម្ព័ន្ធ​មិត្ត​ជាមួយ​បារាំង បន្ទាប់មក​បាន​កសាង​ប្រទេស​បាន​សុខសន្តិភាព​។ លក្ខណៈពិសេស​របស់​ព្រះ​បរម​រតន​កោដ្ឋ គឺ​ទាមទារ​បាន​ឯករាជ្យ​ជាតិ​ប្រទេស​កម្ពុជា កសាង​សន្តិភាព​ជូន​ជាតិ ហើយ​ជាពិសេស​ព្រះអង្គ បាន​ផ្ទេរ​រាជសម្បត្តិ​ទៅ​ព្រះវររាជបិតា​របស់​ព្រះអង្គ ដែល​ពុំដែល​ឃើញ​ក្នុង​ប្រវត្តិសាស្ត្រ​។ ព្រះអង្គ​​បាន​នាំ​សន្តិភាព ដោយមាន​ការរួបរួម​កម្លាំង​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​នាំ​សន្តិភាព និង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​៕​