បទល្មើស​នេសាទ​ក្នុងស្រុក​ជល​គិរី ខេត្តកំពង់ឆ្នាំង កំពុង​រាលដាល​យ៉ាង​ពេញបន្ទុក​

ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​ក្បាល​កន្លង់ ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គិរី ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក ហើយ​មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ មិន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ប្រជាពលរដ្ឋ​នៅ​ឃុំ​ពាម​ឆ្កោក បាន​អំពាវនាវ​ឲ្យ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល ចាត់វិធានការ​បង្ក្រាប​បទល្មើស​នេសាទ ក្នុង​មូលដ្ឋាន​ពួកគាត់​ជាបន្ទាន់ ដើម្បី​ទប់ស្កាត់​វិនាសកម្ម​ធនធាន​មច្ឆជាតិ​។ ប្រជាពលរដ្ឋ​ក៏បាន​រិះគន់​ដែរ​ថា មន្ត្រីរដ្ឋបាល​ជលផល​ស្រុក​ជល​គិរី ប្រហែល​ទទួលបាន​ផលប្រយោជន៍​ទើប​បណ្ដោយ​ឲ្យ​បទល្មើស​កើតឡើង​ដូច​សព្វថ្ងៃ​។

​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ក្នុងភូមិ​ក្បាល​កន្លង់ ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គិរី បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ ថា​យ៉ាងហោចណាស់​មាន​របាំង​ស្បៃ​មុង​១៥០​របាំង កំពុង​ត្រូវបាន​ជនល្មើស​ដាក់​ចាប់​ត្រី​ទាំង​ធំ​ទាំង​តូច​នៅ​ចំណុច​មេទឹក​ក្បាល​កន្លង់ មេទឹក​អន្លង់​ត្រី កោះ​រកា សំពៅ​សំ​ពាក់ ព្រែក​អញ្ចាញ និង​ចំណុច​បឹង​ក្រចាប់​ដំរី​ច្រេះ​ជាដើម​។ បទល្មើស​នេសាទ​កើតឡើង​តាំងពី​រដូវ​បិទ​នេសាទ​រហូតមក​ដក់​បច្ចុប្បន្ន ហើយ​មិនដែល​ឃើញ​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ជលផល​ចាត់​វិធា​នា​ការបង្ក្រាប​នោះទេ ជាពិសេស​បទល្មើស​ប្រើ​ស្បៃ​មុង​ក្រឡា​ញឹក​រាលដាល់​ខ្លាំងជាងគេ​។ ដោយសារតែ​បទល្មើស​នេសាទ​កើតឡើង​ច្រើនពេក ទើប​ប្រជាពលរដ្ឋ​ដែល​នេសាទ​ជា​លក្ខណៈ​គ្រួសារ មិនអាច​រកត្រី​យកទៅ​លក់ដូរ​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​បាន​ដូច​កាលពីមុន​ឡើយ​។

​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹង​ទន្លេសាប​នៃ​ស្រុក​ជល​គិរី ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា លោក សុង សារឿន នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​បង្ក្រាប​បទល្មើស​បាន​តិចតួច​បំផុត​ក្នុងខណៈដែល​បទល្មើស​នៅតែ​បន្ត​កើតឡើង​យ៉ាង​អនាធិបតេយ្យ​។ ចំណែក​លោក សោម ភិ​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង បានត្រឹមតែ​ដាក់ចេញ​នូវ​ផែន​ការណ៍​បង្ក្រាប​បទល្មើស​ប៉ុណ្ណោះ ហើយ​ជាក់ស្តែង​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ក្នុងស្រុក​ជល​គិរី ស្រុក​កំពង់លែង និង​បណ្ដា​ស្រុក​មួយចំនួនទៀត​នៅតែ​កើតមាន​ឥតឈប់ឈរ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ដោយសារតែ​មន្ត្រីរដ្ឋបាល​ជលផល​គ្រប់លំដាប់​ថ្នាក់​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោន​ជន៍ ទើប​បណ្ដោយ​ឲ្យ​បទល្មើស​នេសាទ​កើតឡើង​យ៉ាង​គគ្រឹកគគ្រេង ហើយ​យូរៗ​ម្តង​ទើប​មានការ​បង្ក្រាប​យក​ស្នាដៃ​បង្ហាញ​ថ្នាក់លើ​៕

17067850055_39071c4abf_oលោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល image