លោក ជៀង អំ រួម​ជា​មួយ​មន្ត្រីរាជការ ដង្ហែ​​អង្គ​កឋិន​ទាន​ចូល​​វត្ត​ប្រជុំ​អង្គ ​

​ខេត្ត​ស្វាយ​រៀង ៖ ​​លោក ជៀង អំ​ អភិបាល​​​ខេត្ត​ តំណាង​​​លោក​ជំទាវ ម៉ែ​ន សំ​អន​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ ព្រឹទ្ធសភា​ និង​អធិ​ការ​កិច្ច​ និង​អភិបាលរង​ខេត្ត​ មន្ត្រីរាជការ ​ព្រមទាំង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​បាន​ឯកភាព​ផ្ដើម​ធ្វើបុណ្យ​កឋិនទាន​ ដើម្បី​ប្រមូល​បច្ច័យ​យក​ទៅ​កសាង​វត្ដ​ប្រជុំ​អង្គ​ ស្ថិត​នៅ​ភូមិ​បាក់​រនាស់​ សង្កាត់​សង្ឃ័រ ​ក្រុង​ស្វាយ​រៀង ដែល​​មាន​ការ​​ខ្វះខាត ​​​​។

​ពិធី​​បុណ្យ​អង្គកឋិន​ទាន​​នេះ​បាន​ប្រព្រឹត្ត​ទៅ​នៅ​រសៀល​ថ្ងៃ​ទី​៨ ​វិច្ឆិកា ​២០១៥ ត្រូវ​នឹង​ថ្ងៃអាទិត្យ ​១២​រោច ខែអស្សុជ ឆ្នាំមមែ​ បញ្ច​ស័ក ​ពុទ្ធសករាជ២៥៥៩​ ​សូត្រ​មន្ត​នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ ​លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​៩ ​វិច្ឆិកា ​​២០១៥ ​ត្រូវ​នឹង​ថ្ងៃ​១៣​រោច​ ខែអស្សុជ ​ដង្ហែ​អង្គ​កឋិនទាន​ទៅ​កាន់​វត្ត​ប្រជុំ​អង្គ​ឆ្លង​ជា​កិច្ច​បង្ហើយ​បុណ្យ​ ​។​

អង្គ​កឋិន​ទាន​​នៅ​វត្ត​ប្រជុំ​អង្គ​ មាន​អង្គ​កឋិនទាន​​១២​ត្រ័យ ​ហើយ​ដង្ហែ​វេរ​ប្រគេន​ព្រះសង្ឃ​ចំនួន​១២​អង្គ​ ដែល​គង់​ចាំ​ព្រះ​វស្សា​អស់ត្រីមាស​នៅ​វត្ត​នេះ ​ប្រមូល​បច្ច័យ​បាន​សរុប​​ចំនួន​ ៥៦​លាន​ ២០.០០០​រៀល​ ។ ​អង្គ​កឋិនទាន កើតឡើង​ពី​សទ្ធា​ជ្រះថ្លា​ពី​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ ​ដើម្បី​ប្រមូល​បច្ច័យ​យក​ទៅ​កសាង​សមិទ្ធផល​នានា​នៅ​ក្នុង​វត្ដ​ ​៕​