ទាហាន​ព្រំដែន​ថៃ​ប្រុង​ជើងការ ខ្លាចក្រែង​ផ្ទុះ​សង្គ្រាម​ពេល​បក្ស​លោកស្រី​ស៊ូ​ជី​ឈ្នះឆ្នោត​

​ខណៈ​ដំណើរការ​នៃ​ការរាប់​សន្លឹកឆ្នោត​មី​យ៉ាន់​ម៉ា កំពុងតែបន្ត​ធ្វើតាម​មណ្ឌល​នីមួយៗ​ដែល​គេ​ឃើញថា បក្សប្រឆាំង​លោកស្រី​អ៊ុង​សាន សូ​ជី​កំពុងតែ​នាំមុខ​នោះ អាជ្ញាធរ​ថៃ ក៏​កំពុងតែ​ប្រុង​ជើងការ​ជា​ស្រាប់​នៅតាម​ព្រំដែន​ជាមួយនឹង​មី​យ៉ាន់​ម៉ា​ផងដែរ​។ ដោយ​ក្នុងនោះ អាជ្ញាធរ ខ្លាចក្រែង​ក្រុម​ទាហាន​ព្រំដែន​មី​យ៉ាន់​ម៉ា នឹង​ប៉ះ​បោរ​នៅតាម​ព្រំដែន​នៅពេលដែល​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់លោក​ស្រី​អង់​សាន​ស៊ូ​ឈ្នះ​ការបោះឆ្នោត​សភា​។

​ថ្វី​ដ្បិត​អ្នក​អង្កេត​ការណ៍​អន្តរជាតិ បាន​ស្វាគមន៍​ចំពោះ​ការបោះឆ្នោត​មី​យ៉ាន់​ម៉ា​ថា​បាន​ប្រព្រឹត្ត​ដោយ រលូន សុវត្ថិភាព និង សន្តិសុខ​ក៏ដោយ អាជ្ញាធរ​ថៃ មិន​ព្រងើយកន្តើយ​ចំពោះ​បញ្ហា​សន្តិសុខ​របស់​ប្រជាជន​នៅតាម​ព្រំដែន​ជាមួយនឹង​មី​យ៉ាន់​ម៉ា​នោះទេ​។

​បើ​យោងតាម​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍ ទាហាន​ភូមិភាគ​៩​ថៃ​ដែល​ទទួលបន្ទុក​ព្រំដែន​ថៃ​-​មី​យ៉ាន់​ម៉ា​ក្នុង​ភូមិភាគ Kanchanaburi បាន​កោះប្រជុំ​កងកម្លាំង​ចម្រុះ​ដូចជា​ប៉ូលីស មន្ត្រី​អន្តោប្រវេសន៍ និង​មន្ត្រី​សុខាភិបាល​ដើម្បី​ខ្លួន​សម្រាប់​ការចេញ​វិធាន​បន្ទាន់ ក្នុងករណី​ដែលមាន​ហេតុការណ៍​អាក្រក់​ផ្ទុះឡើង​នៅតាម​ព្រំដែន​។​

​កន្លងមក​ស្ថានភាព​តាម​ច្រកចេញចូល​ព្រំដែន​ថៃ និង មី​យ៉ាន់​ម៉ា បាន​ដំណើរ​ដូច​ធម្មតា​ពោលគឺ ទាហាន អាច​ដើរល្បាត​នៅតាម​ព្រំដែន​។ ក៏ប៉ុន្តែ​កាលពី​ថ្ងៃ​បោះឆ្នោត​ម្សិលមិញ អាជ្ញាធរ​មិនបាន អនុ​ញ្ញ​ត​ឲ្យ​ភ្ងៀ​វ​បរទេស​ឆ្លងកាត់​តាម​ព្រំដែន​នោះទេ ពោលគឺ​មានតែ​ប្រជាជន​ថៃ​តែប៉ុណ្ណោះ​អាចធ្វើ ដំណើរ​ឆ្លងកាត់​នៅតាម​ព្រំដែន​បាន​។

​យ៉ាងណា​ក៏​តាម​ការអះអាង​របស់​ម​ន្ត្រី​អន្តោប្រវេសន៍​ភូមិភាគ Kanchanaburi លោក Pol Col Weerayos Karunyathon មន្ត្រី​សន្តិសុខ​និង ភ្ងា​ក់​ងារ​ជាតិ​ថៃ បានរៀបចំ​នូវ​ចំណាត់ការ​ដើម្បី​ឆ្លើយតប​នូវ​ហិង្សា​ដែល​អាច​ផ្ទុះឡើង​នៅតាម​ព្រំដែន​។ តាម​ការគ្រោងទុក អាជ្ញាធរ​បាន​ត្រៀម​កង​កម្លាំង​ដើម្បី ជម្លៀស​ប្រជាជន​ថៃ និង មី​យាន់​ម៉ា ក្នុងករណី​ដែល​អាចមាន​ហិង្សា​ផ្ទុះឡើង​ក្រោយ​ការ​បើ​ឆ្នោត​ហើយ រាលដាល​ដល់​ព្រំដែន​។

​ក្តីបារម្ភ​ពិតប្រាកដ​នោះ​គឹ នៅពេល​បក្ស​លោកស្រី​អ៊ុង​សាន ស៊ូ​ជី ទទួល​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត នោះ​ក្រុម​ទាហាន​ព្រំដែន​នឹង​ប៉ះ​បោរ​ដ្បិត​ពួកគេ​មិន​ពេញចិត្ត​ឲ្យ​លោកស្រី​ស៊ូ​ជី​ឡើងកាន់​អំណាច​ឡើយ​។ ហើយ​ការ​ប្រុង​ជើងការ​បែបនេះ ក៏​ព្រោះតែ​ថៃ​ធ្លាប់មាន​ហេតុការណ៍​បែបនេះ កើតឡើង​ម្តង​រួចទៅហើយ​។ នោះ​គឺ កាលពី​ការបោះឆ្នោត​មី​យ៉ាន់​ម៉ា​២០១០ មាន​ប្រជាជន​មី​យ៉ាន់​ម៉ា​ជាង​មួយ​ម៉ឺន​នាក់ បាន​សម្រុកចូល​ទៅកាន់​ប្រទេស​ថៃ ដ្បិត​ខ្លាចក្រែង​មាន​សង្គ្រាម​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​៕