កម្ពុជា​​​ដណ្តើម​​​បាន​​​ជើង​​​ឯក​​​កីឡា​​​ប៉េតង់​​​ពិភព​​​លោក​​នៅ​ក្រុង​​បាងកក​ ប្រទេស​​​ថៃ

អ្នក​​​ស្រី កែ ឡេង កីឡាការិនី​​​ប៉េតង់​​​កម្ពុជា​​​បាន​​​ឈ្នះ​​​ជើង​​​ឯក​​​ពិភពលោក​​​លើក​​​ទី​​​២​​​ក្នុង​​​រយៈ​​​ពេល​បី​​​ឆ្នាំ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ ដោយ​​​ឈ្នះ​​​គូប្រកួត​​​មក​​​ពី​​​៤១​​​ប្រទេស ហើយ​ទទួល​​​បាន​​​មេដាយ​​​​មាស​​​នៅ​​​ក្នុង​​​ការ​​​ប្រកួត​​​ជើង​​​ឯក​ប៉េតង់​​​ពិភព​​​លោក​​​ផ្នែក​​​ស្ត្រី​​​នៅក្នុង​​​​ទី​​​ក្រុង​​​បាង​​​កក។

អ្នក​​​ស្រី កែ ឡេង អាយុ​​​៤៨​​​ឆ្នាំ​​​បាន​​​ឈ្នះ​​​ជើង​​​ឯក​​​ពិភព​​​លោក​​​លើក​​​ទី​​​១​​​ក្នុង​​​ឆ្នាំ​​​២០១៣ ជា​​​ស្នាដៃ​​​​មួយ​ដែល​​​មាន​​​ពិធី​​​ដង្ហែ​​​អប​​​អរ​​​អ្នក​​​ស្រី​​​នៅ​​​ពេល​​​ប្រហែល​​​ពីរ​​​ឆ្នាំ​​​ក្រោយ​​​មក​​​ដែល​​​ក្នុង​​​ពិធី​​​នោះ​​​លោក​​​នាយក​​រដ្ឋ​​​មន្ត្រី ​​​ហ៊ុន សែន បាន​​​ផ្តល់​​​ឋានៈ​​​វីរ​​​នារី​​​ដល់​​​អ្នក​​​ស្រី​​​ដោយ​​​​​សារ​​​តែ​​​ស្នា​​​ដៃ​​​ឆ្នើម​​​ផ្នែក​​​កីឡា​​​ប៉េតង់​​​។

ក្នុង​​​ការ​​​ប្រកួត​​​នៅ​​​ឆ្នាំ​​​នេះ​​​អ្នក​​​ស្រី ​​​កែ ​​​ឡេង​​​ ​​​បាន​​​ឈ្នះ​​​គូ​​​ប្រកួត​​​មក​​​ពី​​​ប្រទេស​​​ទុយនីស៊ី ប្រទេស​​បារាំង និង​​​ប្រទេស​​​ម៉ាដាហ្គាស្កា​​​ ដែល​​​បាន​​​ជាប់​​​លេខ​​​២ និង​​​លេខ​​​៣។ លោក រស់ សាលីន ​​​អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​អប់​​​រំ​​​យុវជន និង​​​កីឡា​​​ បាន​​​​​​​បញ្ជាក់​​​ឲ្យ​​​ដឹង​​​អំពី​​​ជ័យជម្នះ​​​នេះ និង​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​អ្នក​​​ស្រី កែ ឡេង បាន​​​ធ្វើ​​​ឲ្យ​​​ប្រទេស​​​មាន​​​មោទន​​​ភាព។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “ខ្ញុំ​​​មាន​​​មោទនភាព​​​ចំពោះ​​​អ្នក​​​ស្រី​​​​​​​​​ ហើយ​​​វា​​​ក៏​​​ជា​​​ឱកាស​​​មួយ​​​សម្រាប់​​​ប្រទេស​​​កម្ពុជា​​​លើក​​​ទង់​​​ជាតិ​​​របស់​​​ខ្លួន​​​ដើម្បី​​​បង្ហាញ​​​ពិភពលោក​​​ដែរ។​​​តាម​​​រយៈ​​​ជ័យ​​​ជម្នះ​​​នេះ​​​ ពិភព​​​លោក​​​​​​នឹង​​​កាន់​​​តែ​​​ស្គាល់​​​ប្រទេស​​​កម្ពុជា​​​ថែម​​​ទៀត”។

អ្នកស្រី កែ ឡេង​​​ មិន​​​អាច​​​ទាក់​​​ទង​​​បាន​​​ទេ​​​កាល​​​ពី​​​ម្សិលមិញ​​​។

ក្រោយ​​​ពី​​​ពិធី​​​មួយ​​​នៅ​​​ខែ​​​មេសា​​​ដែល​​​ប្រារព្ធ​​​អប​​​អរ​​​ជ័យ​​​ជម្នះ​​​កាល​​​ពី​​​ឆ្នាំ​​​២០១៣​​​របស់​​​អ្នក​​​ស្រី​​​ ក្រុម​​​មន្ត្រី​​​កីឡា​​​ប៉េតង់ ​​​បាន​​​និយាយ​​​ថា អ្នក​​​ស្រី​​​​​​នឹង​​​បន្ត​​​លេង​​​កីឡា​​​នេះ​​​ឲ្យ​​​​​​តែ​​​អ្នកស្រី​​​នៅ​​​មាន​​​​​​​​​កម្លាំង​​​កាយ​​​មាំមួន​​​។

អ្នកស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​នៅ​​​ពេល​​​នោះ​​​​​​ថា “ខ្ញុំ​​​នឹង​​​ចូល​​​និវត្ត​​​តែ​​​នៅ​​​ពេល​​​ណា​​​​​​ខ្ញុំ​​​មិន​​​អាច​​​លើក​​​ប៊ូល​​​បាន​​​តទៅ​​​ទៀត​ប៉ុណ្ណោះ”​​​៕និត​​​​​​​​​​​​​​​​​

The post កម្ពុជា​​​ដណ្តើម​​​បាន​​​ជើង​​​ឯក​​​កីឡា​​​ប៉េតង់​​​ពិភព​​​លោក​​នៅ​ក្រុង​​បាងកក​ ប្រទេស​​​ថៃ appeared first on ខេមបូឌា ដេលី.