​វិធី​បំបាត់​ការឈឺចាប់​តាម​ក្បួន​បុរាណ​ជប៉ុន​

​វិធី​បំបាត់​ការឈឺចាប់​តាម​ក្បួន​បុរាណ​ជប៉ុន​

​ប្រជាជន​ជប៉ុន​គេ​មាន​ក្បួន​ព្យាបាល​ជំងឺ​បែប​បុរាណ​មួយ​បែប មានឈ្មោះ​ថា​ជិន​ស៊ិន​ជ្យុត​ស៊ូ​(Jin Shin Jyutsu) ដែល​មានន័យថា​"​សិល្បៈ​របស់​អាទិទេព​ដែល​បង្កើត​លោក តាមរយៈ​អ្នក​មាន​ចំណេះដឹង​និង​មេត្តាករុណា​"​។ នៅក្នុង​ក្បួន​នេះ គេ​ប្រើប្រាស់​ដៃ​ស្ទាប​/​សង្កត់ ដើម្បី​ធ្វើឱ្យ​រាងកាយ​មាន​ថាមពល​ឡើងវិញ ហើយ​ក៏​ធ្វើឱ្យមាន​អារម្មណ៍ល្អ​ផងដែរ​។​

​មូលដ្ឋានគ្រឹះ​របស់​វិធី​ព្យាបាល​ជិន​ស៊ិន​ជ្យុត​ស៊ូ​
​វិធី​ព្យាបាល​នេះ​ស្ថិតនៅ​លើ​គន្លឹះ​ការពារ​២៦​ចំណុច​នៅ​លើ​ចរន្ត​ថាមពល ដែល​ផ្គត់ផ្គង់​ធ្វើឱ្យ​រាងកាយ​មានជីវិត​ស្រស់ស្រាយ​ឡើង​។ កាលណា​គន្លឹះ​ណាមួយ​រាំងស្ទះ នោះ​វា​នឹង​ធ្វើឱ្យ​ចរន្ត​ថាមពល​មាន​ដំណើរការ​មិន​ល្អ ធ្វើ​ឱ្យ​ទៅ​ជា​មាន​ការឈឺចាប់​។​

​ក្បួន​ព្យាបាល​នេះ​ត្រូវបាន​ប្រជាជន​ជប៉ុន​ផ្ទេរ​ពី​មួយ​ជំនាន់​ទៅឱ្យ​មួយ​ជំនាន់​ទៀត​តាម​ការនិយាយស្តី រហូត​ទាល់តែ​មាន​ជនជាតិ​អា​មេ​រី​កាំ​ង​ម្នាក់​ឈ្មោះ​ថា​Mary Burmeister បាន​រៀនសូត្រ​ពី​លោកគ្រូ​ជប៉ុន​ឈ្មោះថា​Jiro Murai បាន​ប្រមូល​ចងក្រង​ឡើង រួច​បាន​យក​ទៅ​បង្រៀន​ជា​បន្ត​។

ការ​ដែល​យកដៃ​ទៅ​ស្ទាប​ឬ​សង្កត់​លើ​គន្លឹះ​មួយ​ឬ​ច្រើន ធ្វើឱ្យ​ចរន្ត​ថាមពល​មាន​ដំណើរការ​ល្អ​ឡើង​វិញ បង្កើត​បាន​ទៅ​ជា​តុល្យភាព​ខាង​រាងកាយ ខាង​ផ្លូវចិត្ត និង​វេទនារម្មណ៍​។ គោលបំណង​ធំ​របស់​វិធី​នេះ គឺ​ធ្វើឱ្យ​យើង​មាន​សុខភាព​ល្អ និង​មាន​ភាព​ស្ងប់​។​

ទ្រឹស្តី​របស់​វិធី​ព្យាបាល​ជិន​ស៊ិន​ជ្យុត​ស៊ូ​
បើ​តាម​ក្បួន​ព្យាបាល​ជិន​ស៊ិន​ជ្យុត​ស៊ូ ម្រាមដៃ​នីមួយៗ​និង​ចំណុច​ផ្សេងៗ​នៅ​លើ​ដៃ សុទ្ធតែ​ត​ភ្ជាប់​ទៅនឹង​សរីរាង្គ​ណាមួយ​នៅក្នុង​រាងកាយ​របស់​យើង​។ ម្យ៉ាងទៀត សរីរាង្គ​នីមួយៗ​ក៏​សុទ្ធតែ​ត​ភ្ជាប់​ទៅ​នឹង​វេទនារម្មណ៍​ជាក់លាក់​ណាមួយ ផងដែរ​។ ដោយហេតុនេះ គេ​អាច​ប្រើ​ឥទ្ធិពល​ទៅលើ​សរីរាង្គ​ណាមួយ រួច​ធ្វើឱ្យ​ជ្រះ​ស្រឡះ​ពី​វេទនារម្មណ៍​ណាមួយ​បាន ដោយ​គ្រាន់តែ​សង្កត់​ទៅលើ​ម្រាមដៃ​។ ឧទាហរណ៍ គេ​អាច​ជះឥទ្ធិពល​ទៅលើ​ផ្លោក​នោម​បាន ដោយ​សង្កត់​បាតដៃ ចម្ងាយ​ប្រហែលជា​២​សម​ទៅ​ខាង​ក្នុង ជាដើម​។​

ខាងក្រោម​នេះ​គឺជា​តារាង​ស្តីពី​ទំនាក់ទំនង​រវាង​ម្រាមដៃ​ជាមួយនឹង​សរីរាង្គ និង​វេទនារម្មណ៍​មួយចំនួន​។​

មេដៃ​
សរីរាង្គ​៖ លំពែង និង​ក្រពះ​
​វេទនារ​ម្មណ៍​៖ ការធ្លាក់​ទឹកចិត្ត ការ​ថប់​អារម្មណ៍​
​រោគសញ្ញា​៖ ភាព​មួម៉ៅ ឈឺ​ពោះ ឈឺក្បាល បញ្ហា​លើ​ស្បែក​។​

ចង្អុល​ដៃ​
សរីរាង្គ​៖ ប្លោកនោម និង​តម្រងនោម​
​វេទនារ​ម្មណ៍​៖ ការ​វង្វេងវង្វាន់ ការភ័យខ្លាច​
​រោគសញ្ញា​៖ បញ្ហា​ក្នុង​ការរំលាយ​អាហារ និង​ពោះវៀនតូច ឈឺ​សាច់ដុំ ឈឺ​ធ្មេញ ឈឺ​ខ្នង​។​

ម្រាម​កណ្តាល​
សរីរាង្គ​៖ ប្រមាត់ ថ្លើម​
​វេទនារ​ម្មណ៍​៖ ឆាប់​ខឹង កំហឹង​
​រោគសញ្ញា​៖ ឈឺ​មួយ​ចំហៀង​ក្បាល បញ្ហា​ក្នុង​គំហើញ បញ្ហា​ក្នុង​ចលនា​ឈាម​រត់ មាន​អា​រម​ញ​មណ៍​ថា​អស់កម្លាំង ឈឺ​ក្បាល​ខ្លាំង ឈឺ​ពេល​មាន​រដូវ​សម្រាប់​ស្ត្រីៗ​។​

នាង​ដៃ​
សរីរាង្គ​៖ ពោះវៀន​ធំ សួត​
​វេទនារ​ម្មណ៍​៖ ទុក្ខព្រួយ ភាពអវិជ្ជមាន
​រោគសញ្ញា​៖ បញ្ហា​ក្នុង​ការរំលាយ​អាហារ ហឺត បញ្ហា​ក្នុង​ការដកដង្ហើម​។​

ប្រសិទ្ធភាព​របស់​វិធី​ព្យាបាល​ជិន​ស៊ិន​ជ្យុត​ស៊ូ​
មិន​មាន​ការសិក្សា​វិទ្យាសាស្ត្រ​ណាមួយ​ដែល​បញ្ជាក់ថា​វិធី​ព្យាបាល​ជិន​ស៊ិន​ជ្យុត​ស៊ូ​ត្រឹមត្រូវ ឬ​យ៉ាងណា​នោះទេ​។ ក៏​ប៉ុន្តែ​ប្រជាជន​ជប៉ុន​គេ​បាន​អនុវត្ត​វិធី​ព្យាបាល​នេះ​ជា​ច្រើន​សតវត្ស​រួចមកហើយ ហើយ​វា​បានធ្វើឱ្យ​គេ​រស់នៅ​បាន​ប្រកប​ដោយ​សុខភាព​ល្អ និង​មាន​សុភមង្គល​ផងដែរ​។​

អ្នក​អាច​ពិនិត្យមើល​ប្រសិទ្ធភាព​របស់​វិធី​នេះ ដោយ​សាកល្បង​ការព្យាបាល​ណាមួយ​។ ឧទាហរណ៍ បើកាលណា​អ្នក​មាន​ការ​ថប់​អារម្មណ៍ មាន​អារម្មណ៍​ថា​មួម៉ៅ ឬ​កើត​ហឺត សូម​ច្របាច់​នាងដៃ​តិចៗ​ឱ្យបាន​៣​នាទី​។ តើ​បាន​លទ្ធផល​យ៉ាងណាដែរ​?

ប្រែ​សម្រួល​ដោយ​សាស្ត្រាចារ្យ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។