ពី​ឆ្នាំ​១៩៩១ មក ជប៉ុន​ផ្តល់ជំនួយ​អភិវឌ្ឍ​ដល់​កម្ពុជា សរុប​ជាង ២,៤ កោដិ​ដុល្លារ​អាមេរិក​

ភ្នំពេញ​: ទស្សនា​វ​ដ្តី​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​បាន​ឲ្យ​ដឹងថា ទំហំ​ទឹកប្រាក់​សរុប​នៃ​ជំនួយ​អភិវឌ្ឍ​ផ្លូវការ​របស់​ជប៉ុន​មក​កម្ពុជា សរុប​មាន​ចំនួន ២,៤ កោដិ​ដុល្លារ​អាមេរិក ចាប់តាំងពី​ឆ្នាំ​១៩៩១ មក​។​

​ទស្សនា​វ​ដ្តី​ចេញផ្សាយ សម្រាប់​ខែតុលា ឆ្នាំ​២០១៥ របស់​ស្ថានទូត​ជប៉ុន ដែល​បាន​ចែក​ដល់​អ្នកសារព័ត៌មាន កាលពី​ចុង​សប្តាហ៍​មុន បាន​ឲ្យ​ដឹងថា ប្រទេស​ជប៉ុន កំពុងតែ​ឧបត្ថម្ភ​គាំទ្រ​ដល់​ការអភិវឌ្ឍន៍​ប្រទេស​កម្ពុជា​លើ​វិស័យ​ជាច្រើន​ផ្សេងៗ​គ្នា តាមរយៈ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​។ បើ​គិត​ទៅលើ​ទំហំ​ទឹកប្រាក់​សរុប​នៃ​ជំនួយ​អភិឌ្ឍន៍​ផ្លូវការ​ជប៉ុន ដែលមាន​ចំនូ​ន ២,៤ កោដិ​ដុល្លារ​អាមេរិក ចាប់តាំងពី​ឆ្នាំ​១៩៩១ មក​នោះ ប្រទេស​ជប៉ុន​ជា​ប្រទេស​ផ្តល់ជំនួយ​ធំជាងគេ​បំផុត ហើយ​បច្ចុប្បន្ននេះ ប្រទេស​ជប៉ុន កំពុង​ចំណាយ​ថវិកា​ប្រមាណ ១៥០ លាន​ដុល្លារ​អាមេរិក ជា​រៀងរាល់ឆ្នាំ​នៅក្នុង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច នៅ​ប្រទេស​កម្ពុជា​។​

​ទស្សនា​វ​ដ្តី​នោះ បាន​បន្តថា កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ចម្បងៗ​របស់​ប្រទេស​ជប៉ុន​នៅក្នុង​ប្រទេស​កម្ពុជា រួមមាន "​កិច្ចសហប្រតិបត្តិការ​ជំនួយឥតសំណង​" សម្រាប់​ការសាងសង់​អគារ និង​ការផ្គត់ផ្គង់​សម្ភារៈ "​កិច្ចសហប្រតិបត្តិការ​ជំនួយ​កម្ចី​ឥណទាន​" ដែល​ជាការ​ផ្តល់នូវ​ប្រាក់កម្ចី​ក្នុង​អត្រា​ការប្រាក់​ទាប សម្រាប់​ការជួយ​ដល់​ការរៀបចំ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ និង "​កិច្ចសហប្រតិបត្តិការ​បច្ចេកទេស​" ដែលជា​ការផ្ទេរ​នូវ​បច្ចេកទេស និង​បទពិសោធន៍ តាមរយៈ​ការបញ្ជូន​ក្រុម​អ្នកជំនាញ​ជប៉ុន មកកាន់​ប្រទេស​កម្ពុជា​។​

​ក្រៅពីនេះ​ទៅទៀត រដ្ឋាភិបាល​ជ​ប៉ុ ក៏បានផ្តល់​ជំនួយ​គម្រោង​ទ្រង់ទ្រាយ​តូច សម្រាប់​អាជ្ញាធរ​មូលដ្ឋាន និង​អង្គការក្រៅរដ្ឋាភិបាល​ផងដែរ​។​

​ប្រភព​ដដែល​បាន​បញ្ជាក់ថា កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​ប្រទេស​ជប៉ុន និង​កម្ពុជា ត្រូវបាន​ចាប់ផ្តើម​ឡើង​បន្ទាប់ពី​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ស្តីពី សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​បច្ចេកទេស​រវាង​ជប៉ុន និង​កម្ពុជា នៅ​ឆ្នាំ​១៩៥៩​។ បន្ទាប់ពី​នោះមក ដោយសារតែ​ការផ្ទុះ​ឡើង​នៃ​សង្គ្រាមស៊ីវិល នៅក្នុង​ប្រទេស​កម្ពុជា បាន​បង្ខំ​ឲ្យ​ប្រទេស​ជប៉ុន បញ្ឈប់​ការផ្តល់​ជំនួយ​មកកាន់​ប្រទេស​កម្ពុជា​មួយរយៈ ប៉ុន្តែ​ដោយមាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ប្រទេស​ជប៉ុន បានចាប់ផ្តើម​កិច្ចសហប្រតិបត្តិការ​ជំនួយឥតសំណង និង​កិច្ចសហប្រតិបត្តិការ​ប​ច្ចេកទេស​របស់ខ្លួន មកកាន់​ប្រទេស​កម្ពុជា​ជាថ្មី​ម្តងទៀត ហើយ​នៅ​ឆ្នាំ​១៩៩៩ ជប៉ុន​ក៏បាន​ចាប់ផ្តើម​ការផ្តល់​ប្រាក់​ជំនួយ​កម្ចី​ឥណទាន​ជាថ្មី​ឡើងវិញ​ផងដែរ​។​

​ប្រភព​ខាងលើ​បាន​បន្តថា ចំណុច​ដ៏​គួរ​ឲ្យ​កត់សម្គាល់​របស់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​របស់​ប្រទេស​ជប៉ុន គឺ​ទីមួយ​ប្រទេស​ជប៉ុន​យកចិត្តទុកដាក់​លើ​ការផ្តល់​ជំនួយ​គាំទ្រ​លើ​វិស័យ​ធំៗ​ជាច្រើន មានដូចជា វិស័យ​អភិវឌ្ឍ​សង្គម និង​អភិបាលកិច្ច​រួមមាន​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ សុខុមាលភាព និង​ការផ្គត់ផ្គង់​ទឹកស្អាត វិស័យ​កសិកម្ម ប្រព័ន្ធធារាសាស្ត្រ ការលើកកម្ពស់​ទំហំ​វិនិយោគ និង​កំណែទម្រង់​នីតិរដ្ឋ ជាដើម​។ ទី​ពីរ ប្រទេស​ជប៉ុន ក៏បាន​ចូលរួម​យ៉ាង​ស្វិតស្វាញ​ក្នុង​ដំណើរការ​បណ្តុះបណ្តាល​វិស័យ​ធនធានមនុស្ស​នៅ​កម្ពុជា​ផងដែរ​។​

​ប្រភព​បាន​បន្ថែមថា គម្រោង​សំខាន់ៗ​របស់​រដ្ឋាភិបាល​ជប៉ុន ដែល​កំពុងតែ​ត្រូវបាន​អនុវត្ត​សព្វថ្ងៃ រួមមាន ការជួសជុល​ផ្លូវជាតិ​លេខ​១ និង​លេខ​៥ ការសាងសង់​ស្ថានីយ​ពហុ​បំណង​កំពង់ផែ​ក្រុងព្រះសីហនុ ការផ្តល់​ជំនួយ​ដល់​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក និង​ជំនួយ​ក្នុងការ​ផ្សព្វផ្សាយ​ក្រមរដ្ឋប្បវេណី និង​ក្រមនីតិវិធី​រដ្ឋប្បវេណី ជាដើម​។​

​ទស្សនា​វ​ដ្តី​នោះ បាន​ឲ្យ​ដឹងផង​ដែរ​ពី​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ជប៉ុន និង​កម្ពុជា ថា ពាណិជ្ជកម្ម​រវាង​ប្រទេស​ជប៉ុន និង​ប្រទេស​កម្ពុជា មានការ​កើន​ឡើងជា​លំដាប់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ដែល​បច្ចុប្បន្ននេះ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ មានការ​កើនឡើង​ខ្ពស់​ដល់​ទៅ ៦​ដង​ក្នុង​រយៈពេល ១០​ឆ្នាំ កន្លងមកនេះ​។

​ប្រទេស​ជប៉ុន គឺជា​ប្រទេស​ដៃគូ​នាំចូល​ធំ​លំដាប់​ទី​៨ នៃ​ប្រទេស​កម្ពុជា ហើយ​ចំនួន​ទឹកប្រាក់​នៃ​ការនាំ​ចូល​ពី​ប្រទេស​ជប៉ុន មកកាន់​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​២០១៣ មាន​ចំនួន​ប្រមាណ​២០៤ លាន​ដុល្លារ​អាមេរិក​។ ក្នុងនោះ ផលិតផល​នាំចូល​ចម្បងៗ រួមមាន រថយន្ត គ្រឿង​ម៉ាស៊ីន និង​សាច់សត្វ ជាដើម​។ ដោយឡែក ចំនួន​ទឹកប្រាក់​នៃ​ការនាំ​ចេញពី​ប្រទេស​ទៅកាន់​ប្រទេស​ជប៉ុន មាន​ចំនួន ៥៧៩ លាន​ដុល្លារ​អាម​រិ​ក​។ ផលិតផល​នាំចេញ​ចម្បងៗ មានដូចជា សម្លៀកបំពាក់ ស្បែកជើង និង​ឧបករណ៍​សម្ភារៈ​អគ្គិសនី​។ សម្រាប់​ទឹកប្រាក់​វិនិយោគ​របស់​ជប៉ុន នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​២០១៣ មាន​ចំនួន ៥៨​លាន​ដុល្លារ​អាមេរិក​។ វិស័យ​វិនិយោគ​ភាគច្រើន គឺ​ផ្តោតលើ​ឧស្សាហកម្ម​នាំចេញ ដែល​នាំមុខគេ​នៅក្នុង​ប្រទេស​កម្ពុជា រួមមាន ឧស្សាហកម្ម​កាត់ដេរ និង​ឧស្សាហកម្ម​ស្បែកជើង ហើយ​ជាងនេះទៅទៀត នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ក៏មាន​ការចាប់ផ្តើម​ដា​ក់​ទុន​លើ​ឧស្សាហកម្ម​ដែក​រណប​លួស រថយន្ត​(Wire Harness) ក្បាលម៉ាស៊ីន​ខ្នាតតូច ផ្សារ​ទំនើប​ធំៗ និង​គ្រឿងបន្លាស់​នាឡិការ ជាដើម​។​

​សូមបញ្ជាក់ថា ការវិនិយោគ​ពី​ប្រទេស​ជប៉ុន មិន​ត្រឹមតែ​បានរួម​ចំណែក​ដល់​ការធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ជីវភាព​របស់​ប្រជាជន​កម្ពុជា តាមរយៈ​ការបង្កើត​ឪ​កាស​ការងារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បាន​ជួយ​ជំរុញ​ដល់​ការអភិវឌ្ឍន៍ ពិពិធ​កម្ម​នៃ​វិស័យ​ឧស្សាហកម្ម នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​៕​