Mourinho ស្រពេច​ស្រពិល​ជុំវិញ​អនាគត ក្រោយ​​​ខក​ចិត្ត​លើ​ទឹក​ដី Stoke

លោក Jose Mourinho នឹង​ឈាន​ចូល​ទៅ​កាន់​ការ​សម្រាក​សម្រាប់​ការ​ប្រកួត​អន្តរ​​ជាតិ ខណៈ​ដែល​អនា​គត​របស់​លោក​ក្នុង​នាម​ជា​អ្នក​ចាត់​ការ​ទូទៅ​របស់ Chelsea ​កំពុង​​តែ​ស្ថិត​ក្រោម​ការ​តាម​ដាន​យ៉ាង​ប្រកៀក​មិន​ធ្លាប់​មាន​ពី​មុន​មក ក្រោយ​ពី​ក្រុម​របស់​លោក​បាន​រង​បរា​ជ័យ ១-០ នៅ​លើ​ទឹក​ដី​ក្រុម Stoke City។

Jose-Mourinho-014

គ្រូ​បង្វឹក​​សញ្ជាតិ​ព័រ​ទុយ​ហ្គាល់​រូប​នេះ មិន​មាន​វត្ត​មាន​​នៅ​កីឡ​ដ្ឋាន Britannia ឡើយ​កាល​ពី​ថ្ងៃ​សៅរ៍ ខណៈ​ដែល​រូប​លោក​បាន​ជាប់​ពិន័យ​ពួរ​មិន​ឲ្យ​ចូល​ក្នុង​កីឡ​ដ្ឋាន​មួយ​ប្រកួត​សម្រាប់​ការ​​រិះ​គន់​របស់​លោក​ទៅ​លើ​មន្ត្រី​រៀប​ចំ​ការ​ប្រកួត​អំឡុង​ពេល​ក្រុម​របស់​លោក​រង​បរា​ជ័យ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​នៅ​លើ​ទឹក​ដី​ក្រុម West Ham United​។

ប៉ុន្តែ ខណៈ​ដែល​លោក​បាន​ទស្ស​នា ការ​ខិត​ខំ​ព្យា​យាម​របស់​ក្រុម Chelsea ដើម្បី​រក​គ្រាប់​បាល់​​តាម​ស្មើ​ បាន​ជួប​នូវ​ការ​ខក​ចិត្ត​តាម​​ទូរ​ទស្សន៍​នៅ​សណ្ឋា​គារ​របស់​ក្រុម​ខ្លួន លោក​នឹង​​​ដឹង​ថា រយៈ​ពេល​២​សប្តាហ៍​នៃ​ការ​លើក​ឡើ​ងផ្សេង​ៗកំពុង​តែ​​កើត​ឡើង​ចំពោះ​លោក​នៅ​ពេល​នេះ​​។

វា​ជា​លើក​ទី​ ១ ​ហើយ​ក្នុង​រយៈ​ពេល​ ១៦​ ឆ្នាំ​​ដែល Chelsea បាន​រង​បរា​​ជ័យ​ក្នុង​ការ​ប្រកួត​លីក​៣​​លើក​ជាប់​ៗ​គ្នា ហើយ​​លោក​មហា​សេដ្ឋី Roman Abramovich មិន​ធ្លាប់​បាន​ឃើញ​លទ្ធ​ផល​ដ៏​ខក​ចិត្ត​បែប​នេះ​ម្តង​ឡើយ​បើ​គិត​ចាប់​តាំង​លោក​ក្លាយ​ជា​ម្ចាស់​កម្ម​សិទ្ធិ​ក្លិប​ស្ថិ​តក្នុង​ទីក្រុង​ឡុងដ៍​មួយ​នេះ​។

គ្រូ​បង្វឹក​​ជំនួយ​បី​​នាក់​ដែល​បាន​ដឹក​នាំ​ជំនួស​លោក Mourinho ដោយ​រួម​មាន​លោក Steve Holland, Silvino Louro និង​លោក Rui Faria សុទ្ធ​សឹង​បាន​បដិ​សេធ​ក្នុង​ការ​និយាយ​ទៅ​កាន់​បណ្តាញ​សារ​ព័ត៌​មាន ក្រោយ​ពី​ការ​ប្រកួត​នេះ ដែល​បាន​ធ្វើ​ឲ្យ​ក្រុម​ម្ចាស់​ការ​ពារ​តំណែង​ជើង​​ឯក Chelsea ឈរ​ក្នុង​ចំណាត់​ថ្នាក់​លេខ​​ ១៦ ក្រោយ​ពី​ការ​រង​បរា​ជ័យ ​៧​ លើក​ក្នុង​ចំណោម​ការ​​ប្រកួត ​១២ ​លើក​។

ប៉ុន្តែ អ្នក​ចាំ​ទី Asmir Begovic បាន​បញ្ជាក់​ថា កីឡាករ​របស់​ក្លិប​នេះ​នៅ​តែ​គាំ​ទ្រ​ដល់​លោក Mourinho វ័យ​ ៥២ ​ឆ្នាំ ក៏ដូច​ជា​អ្នក​គាំ​ទ្រ​ដែល​បាន​ស្រែក​បន្ទរ​ឈ្មោះ​របស់​លោក​អំឡុង​ការ​ប្រកួត​នេះ ផង​ដែរ​។

នៅ​​ពេល​ត្រូវ​បាន​ចោទ​សួរ​អំពី​អនា​គត​របស់​អ្នក​ចាត់​ការ​ទូទៅ​រូប​នេះ Begovic បាន​ឆ្លើយ​ថា៖ «​រឿង​នោះ​ស្ថិត​នៅ​ក្រៅ​​ដៃ​របស់​យើង​។ យើង​​គាំ​ទ្រ​អ្នក​ចាត់​ការ​ទូទៅ​រូប​នេះ​​។ អ្នក​អាច​មើល​ឃើញ​ការ​គាំ​ទ្រ​នោះ​ពី​ការ​បង្ហាញ​ពី​ទម្រង់​លេង​របស់​យើង​។ យើង​គិត​ថា គាត់​ជា​​គ្រូ​បង្វឹក​ដ៏​ស័ក្តិ​សម​»​៕

ប្រភព​ព័ត៌មាន៖ Channel News Asia