ម៉ូតូ​ដឹកឈើ​ប្រណី​តទៅ​លក់​នៅ​វៀតណាម​រាប់រយ​គ្រឿង ​គ្មាន​សមត្ថកិច្ច​ណា​បង្ក្រាប​ឡើយ

ខេត្តរតនគិរី ៖ ម៉ូតូ​ដឹកឈើ​ប្រណីត​ប្រភេទ​ធ្នង់​រាប់រយ​គ្រឿង​ដែល​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ក្នុងស្រុក​អណ្តូង​មាស ពិសេស​ជំនាញ​រដ្ឋបាល​ព្រៃឈើ​បាន​អនុញ្ញាត​ឱ្យ​សម្រុក​ដឹក​ជញ្ជូន​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​តាម​ច្រករបៀង​មួយ​ចំនួន​ដូច​ជា​ច្រក​ផាស​តាម ហៅ​ច្រក​អូរ​សា​ថី​, ច្រក​តា​ង៉ា និង​ច្រក​ភូមិ​ចង ស្ថិត​ក្នុង​ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស ខេត្តរតនគិរី​ ។

ជាក់​ស្តែង​នៅ​វេលា​ទៀប​ភ្លឺ​ព្រឹក​ថ្ងៃ​ទី​៩ វិច្ឆិកា ២០១៥​នេះ មាន​ម៉ូតូ​ដឹកឈើ​មិន​ក្រោម​២០០​គ្រឿង​ឡើយ​ ដែល​សម្រុក​​ដឹក​ឡើង​លើ​ភ្នំ​ញ៉ា​ង មាន​ទាំង​មនុស្ស​ស្រី​និង​មនុស្ស​ប្រុស​ជា​អ្នកបើកបរ​ម៉ូតូ ដឹកឈើ​ប្រណីត​ចេញពី​បណ្តា​ស្រុក​មួយ​ចំនួន​​ដូច​ជា​ស្រុក​វ៉ើ​ន​សៃ​, ស្រុក​អូរ​ជុំ និង​ស្រុក​តា​វែង ហើយ​ត្រូវ​ដឹក​ជញ្ជូន​ឆ្លងកាត់​ដី​សម្បទាន​សេដ្ឋកិច្ច​ចំការ​កៅស៊ូ​ក្រុមហ៊ុន ហេង ប្រា​ឌ័​រ​ និង​ក្រុមហ៊ុន ហ៊​ង អាង​ម៉ាង​យ៉ាង អណ្តូង​មាស បន្ទាប់​មក​ចូល​​ទីរួមស្រុក​អណ្តូង​មាស​ ឆ្លង​កាត់​តាម​មុខ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​, អធិការដ្ឋាន​ស្រុក​, សិ​ករង​ស្រុក និង​សាលាស្រុក​អណ្តូង​មាស​ផង​ដែរ ហើយ​ឆ្លង​តាម​សាឡា​ង​បន្ត​ទៀត​ឆ្ពោះទៅ​ភ្នំ​ញ៉ាង ដោយ​មិន​ដែល​ឃើញ​មាន​សមត្ថកិច្ច​ណាមួយ​ហ៊ាន​បង្ក្រាប​ឡើយ ។

យោង​តាម​ប្រភព​ពី​អ្នក​ដឹកឈើ​តាម​ម៉ូតូ​នោះ​បាន​ប្រាប់​ថា ពេល​ដឹក​ជញ្ជូន​ឈើ​ឆ្លងកាត់​ក្រុមហ៊ុន​ដី​សម្បទាន​ខាងលើ​នោះ​មាន​សមត្ថកិច្ច​ជា​ច្រើន​ស្ថាប័ន រួម​មាន​នគ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត ក្រសួងមហាផ្ទៃ​, កងរាជអាវុធហត្ថ និង​យោធា ជា​ពិសេស​រដ្ឋបាល​ព្រៃឈើ​ចាំ​ទារ​លុយ​ពី​អ្នក​ដឹកឈើ​ទាំ​ង​អស់​នោះ ហើយ​រួម​ទាំង​អ្នកកាសែត និង​អង្គការ​ជជុះ​ជា​ច្រើន​ទៀត​ផង​ដែរ ។

ប្រជាពលរដ្ឋ​បាន​ធ្វើការ​រិះគន់​ត្រង់​ៗ​ថា នៅ​ក្នុង​ខេត្តរតនគិរី​នេះ គេ​តែងតែ​សង្កេត​ឃើញ​សមត្ថកិច្ច​បង្ក្រាប​បាន​តែ​បទល្មើស​ដឹក​ជញ្ជូន​ឈើ​តាម​រថយន្ត​ណា​ដែល​ខូច ដូច​ជា​បែក​កង់ ឬ​ក្រឡាប់​ទៅ​មុខ​លែង​រួច និង​រថយន្ត ឬ​ម៉ូតូ​ណា​ដែល​មិន​បាន​បង់លុយ ឬ​បង់​មិន​គ្រប់​ចំនួន​កំណត់​ឱ្យ​ប៉ុណ្ណោះ ។ ដូចដែល​ការ​ដឹក​ជញ្ជូន​តាម​ម៉ូតូ​យ៉ាងច្រើន​ត្រៀបត្រា​កកកុញ​នៅ​ជើងភ្នំ​ញ៉ា​ង​នា​ព្រឹក​ថ្ងៃ​ទី​៩​វិច្ឆិការ​នេះ ក៏​មិន​មានការ​បង្ក្រាប​ពី​សមត្ថកិច្ច​នោះ​ឡើយ​ដោយសា​តែ​មានការ​បង់លុយ​ឱ្យ​គ្រប់​ចំនួន​អស់ហើយ ទើប​ដំណើ​ការ​បាន​យ៉ាង​រលូន​បែប​នេះ ។

ទាក់ទិន​និង​ករណី​ខាងលើ​នេះ ភ្នាក់ងារ​«​កោះសន្តិភាព​» មិន​អាច​សុំ​ការ​បំភ្លឺ​ពី​សមត្ថកិច្ច​ណាមួយ​បាន​ទេ​នៅ​​ព្រឹក​​ថ្ងៃ​ទី​៩​វិច្ឆិកា​នេះ ៕