​ឃាតករ​បាញ់​សម្លាប់​មន្ត្រី​ការ​ពារ​ព្រៃឈើ​២​រូបនៅ​ស្រុក​ជាំ​ក្សាន្ត សមត្ថ​កិច្ច​កំណត់​មុខ​សញ្ញា​បាន​ហើយ

ខេត្ត​ព្រះ​វិហារ​ ៖ ពាក់ព័ន្ធ​នឹង​ការ​ស្រាវជ្រាវកំណត់​មុខសញ្ញា​ជន​ដៃដល់​បាញ់​សម្លាប់​មន្ត្រី​ឃ្លាំមើល និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​២​រូប ស្ថិត​​នៅ​ក្នុង​ព្រៃ​ការពារ​ព្រះ​វិហារ ចំណុច​អូរ​បាក់​.ក ភូមិ​របុញ ឃុំ​រម​កត ស្រុក​ជាំ​ក្សាន្ត ​កាលពី​ថ្ងៃ​ទី​៧ ​វិច្ឆិកា ​២០១៥​ កន្លង​ទៅ​នេះ មាន​ពន្លឺ​ហើយ ។

តាម​ប្រភព​ព័ត៌មានសុំ​មិន​បញ្ចេញ​ឈ្មោះបាន​ឲ្យ​អ្នក​សារព័ត៌មាន​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៩ ​វិច្ឆិកា ​​២០១៥​នេះ​ថា ជុំវិញ​ការ​កំណត់​មុខសញ្ញាស្វែងរក​ឃាត់ខ្លួន​ជន​ដៃដល់ដែល​បាន​បាញ់​រះសម្លាប់​មន្ត្រី​ក្រុមការងារ​ឃ្លាំមើល និង​បង្ក្រាប​បទល្មើស​ព្រៃឈើចំនួន​២​រូប ​១​-ឈ្មោះ សៀង ដា​រ៉ុ​ង អាយុ​៤៥​ឆ្នាំ ជា​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ថ្នាក់​កណ្តាល​មក​ពី​រាជធានី​ភ្នំពេញ និង​ជា​បុគ្គលិក​អង្គការ WCS និង​​​២​-ឈ្មោះ សាទ យួ​ស អាយុ​៣២​ឆ្នាំ ជា​មន្ត្រី​នគរបាល​ស្រុក​ឆែប ​កាលពី​ម៉ោង​១​រំលង​អធ្រា​ត្រឈាន​ចូល​ថ្ងៃ​ទី​៧ ​វិច្ឆិកា ​២០១៥​​ មក​ដល់​ពេល​នេះ សមត្ថកិច្ចមាន​ពន្លឺ​ និង​កំណត់​មុខសញ្ញា​ជន​ដៃដល់​បាន​ហើយ ចំណែក​ព័ត៌មាន​បន្ថែម​ទៀត សមត្ថកិច្ច​នឹង​ផ្តល់​ឲ្យ​អ្នក​សារព័ត៌មាន​ពេល​ក្រោយ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្រុមការងារ​ដែល​ត្រូវ​បានជន​មិន​ស្គាល់​មុខបាញ់​សម្លាប់​២​រូប ម្នាក់​រង​របួស និង​ម្នាក់​ទៀត​រត់គេច​ខ្លួន​រួច កាលពី​ថ្ងៃ​ទី​៧ ​វិច្ឆិកា កន្លង​ទៅ​នេះ អ្នក​រង​របួស​ម្នាក់​ឈ្មោះ ថេ​ត សោ​ភ័​ណ្ឌ ជា​មន្ត្រី​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​១០៥ មក​ដល់​ពេល​នេះ​មាន​សភាព​ធូរស្រាល​ហើយ ចំណែក​ម្នាក់​ទៀត​ឈ្មោះ ឃឹម ចិន្តា ជា​មន្ត្រី​យោធា​អង្គភាព​កងពលតូច​អន្តរាគមន៍​លេខ​៩ ដែល​បាន​រត់គេច​ខ្លួន​រួច​ពី​ការ​បាញ់​សម្លាប់​របស់​ខ្មាន់កាំភ្លើង​មិន​ស្គាល់​មុខ ​ពេល​នេះ​ក៏​បាន​ត្រឡប់​មក​កាន់​អង្គភាព​វិញ​ហើយ ៕