ម៉ូតូ​២​គ្រឿង​បុក​គ្នា​ពេញទំហឹង​​ ស្លាប់​២​នាក់​​​ របួសធ្ងន់​២​នាក់​

​ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ម៉ូតូ​២​គ្រឿង​បុក​គ្នា​ពេញទំហឹង​បណ្តាល​ឱ្យ​ស្លាប់​២​នាក់​​នៅ​នឹង​កន្លែង និង​របួសធ្ងន់​២នាក់​​ កាល​ពី​​វេលា​ម៉ោង​៥និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៩​ វិច្ឆិកា ​២០១៥
​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ​ស្ថិតនៅ​​ភូមិ​ក្បាលស្ពាន ​សង្កាត់​ព្រះ​ពន្លា​ ក្រុង​សិរី​សោភ័ណ​ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​​ទាំង​២​នាក់​​ ម្នាក់ ​​ឈ្មោះ ច្រឹ​ក ចាន់​ណា ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ រស់នៅ​ភូមិ​គោ​កប​ល្ល័​ង្ក ឃុំ​គោ​កប​ល្ល័​ង្ក ​ស្រុក​មង្គល​បូ​រី​ ​និង​ម្នាក់​ទៀត ​​ឈ្មោះ
ថៃ លៀប ភេទ​ប្រុស ​អាយុ​៤៧​ឆ្នាំ​ រស់នៅ​ភូមិ​ព្រែក​ល្ពៅ​ ឃុំ​បត់​ត្រង់ ​ស្រុក​មង្គល​បូ​រី ។

ចំណែក​​អ្នក​រង​​របួសធ្ងន់​​ទាំង​២​នាក់​វិញ ម្នាក់​​ ​ឈ្មោះ សុត ព្រាប ភេទ​ប្រុស ​អាយុ២៣​ឆ្នាំ​ ភូមិ​គោ​កប​ល្ល័​ង្ក ឃុំ​គោ​កប​ល្ល័​ង្ក ​ស្រុក​មង្គល​បូ​រី​ និង​ម្នាក់​ទៀត​​ ​ឈ្មោះ ឈឺ​ម សុលៀប ភេទ​ស្រី ​អាយុ​៣៥​ឆ្នាំ​ ភូមិ​ព្រែក​ល្ពៅ​ ឃុំ​បត់​ត្រង់ ​ស្រុក​មង្គល​បូ​រី​ ។

លោក សួន នី​ប៉ូ មន្ត្រី​នគរ​បាល​ចរាចរ​ខេត្ត​ បាន​ឱ្យ​ដឹង​ថា​​ ​​​​មុន​ពេល​កើតហេតុ គេ​ឃើញ​ ឈ្មោះ ច្រឹ​ក ចាន់​ណា ​​ជិះ​ម៉ូតូ​​ម៉ាក​​ហុងដា ​ឌុ​ប​ឈ្មោះ សុត ព្រាប ​ទិស​​​ដៅ​ពី​ជើង​​ទៅ​​ត្បូង ​ក្នុង​ល្បឿន​លឿន ​លុះ​មក​​ដល់​កន្លែង​កើតហេតុ​បាន​វ៉ា​រថយន្ត​ធុន​ធំ​ ​ក៏ជ្រុល​​ទៅ​បុក​ជាមួយ​ម៉ូតូ​​​១​គ្រឿង​ទៀត​ ​ដែល​បើក​បរ​ដោយ​​ឈ្មោះ ថៃ លៀប ​ពេញទំហឹង​បណ្តាល​ឱ្យស្លាប់២​នាក់​ និង​​របួសធ្ងន់​២​នាក់​​តែ​ម្តង ៕