គណបក្ស​លោកស្រី​អ៊ួ​ង សាន់​ស៊ូ​ជី ដណ្តើម​បាន​ជ័យជម្នះ​យ៉ាង​ធំធេង​ក្នុង​ការ​បោះ​ឆ្នោត​សភា​ភូមា​ដល់​ជាង​70%

គណបក្ស​របស់​មេដឹកនាំ​ប្រឆាំង​ភូមា លោកស្រី​អ៊ួ​ង សាន់​ស៊ូ​ជី ប្រកាស​កាលពី​ថ្ងៃ​ទី​៩ វិច្ឆិកា ពី​ជ័យជម្នះ​យ៉ាង​ធំធេង​បំផុត​ក្នុង​ការ​បោះ​ឆ្នោត​សភា​កាលពី​ថ្ងៃ​ទី​៨ វិច្ឆិកា ដោយ​ទទួល​បាន​កៅអី​សភា​ជាង​៧០% ។

លោក WIN HTEIN អ្នកនាំពាក្យ​របស់​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ LND ថ្លែង​ថា យើង​ឈ្នះ​ដល់​ទៅ​ដណ្តើម​បាន​កៅអី​ជាង​៧០% ក្នុង​ទូ​ទាំង​ប្រទេស ។ ក៏​ប៉ុន្តែ​គណៈកម្មាធិការ​បោះ​ឆ្នោត​នៅ​ពុំ​ទាន់​ប្រកាស​ពី​លទ្ធផល​ដំបូង​ៗ​នៅឡើយ ។

នៅ​ឯ​យ៉​នៃ​ទីស្នាក់ការ​គណបក្ស LND នាទី​ក្រុង​រ៉​ង់​ហ្គូ​ន លោកស្រី​ស៊ូ​ជី ថ្លែង​ថា វា​ជា​ការ​ប្រញាប់ប្រញាល់​បន្តិច ដើម្បី​សម្តែង​ការ​អបអរសាទរ​ចំពោះ​បណ្តា​បេក្ខជន​របស់​គណបក្ស LND ដែល​ដណ្តើម​បាន​ជ័យជម្នះ ។

ក្រោយ​ការ​បោះ​ឆ្នោត​នេះ លទ្ធផល​ដំបូង​ៗ​សង្ឃឹម​ចេញ​ចាប់ពី​ថ្ងៃ​ទី​៩ វិច្ឆិកា ទៅ ក៏​ប៉ុន្តែ​លទ្ធផល​ជា​ស្ថាពរ​ត្រូវ​ប្រកាស​ច្រើន​ថ្ងៃ បន្ទាប់​ពី​នេះ ។ គណៈកម្មាធិការ​បោះ​ឆ្នោត​ប្រកាស​រួច​ហើយ ពី​អត្រា​អ្នកចូលរួម​បោះ​ឆ្នោត​ដល់​ទៅ​៨០% ក្នុង​ចំណោម​អ្នកបោះឆ្នោត​ជាង​៣០​លាន​នាក់ ។

មនុស្ស​ជា​ច្រើន​លាន​នាក់​ស៊ូទ្រាំ​ស្ថិត​នៅ​មុខ​បណ្តា​ការិយាល័យ​បោះ​ឆ្នោត​ដែល​បិទ​តាម​ម៉ោង​កំណត់​នា​ចុង​រសៀល​ថ្ងៃ​ទី​៨ វិច្ឆិកា ។ ពេល​រាត្រីកាល​មក​ដល់ លោកស្រី​អ៊ួ​ង សាន់​ស៊ូ​ជី មាន​រហស្សនាម​ថា អ្នក​ម៉ែ​ស៊ូ បាន​ស្នើ​ដល់​បណ្តា​អ្នកគាំទ្រ​លោកស្រី ដែល​ប្រមូលផ្តុំ​គ្នា​នៅ​មុខ​ទីស្នាក់ការ​គណបក្ស​ឱ្យទៅ​រង់ចាំ​ស្តាប់​លទ្ធផល​នៅ​ឯ​ផ្ទះ ។ លោកស្រី​ស៊ូ​ជី មាន​ប្រសាសន៍​ថា ពេល​លទ្ធផល​ធ្លាក់​មក ខ្ញុំ​ចង់ឱ្យ​លោក​អ្នក​ទទួលលទ្ធផល​នេះ ក្នុង​ភាព​ស្ងប់ស្ងាត់ ៕