ទារក​តូចៗ ត្រូវការ “​ត្រជាក់ ឬ​ក្តៅ​”?

ទារក​តូចៗ ត្រូវការ “​ត្រជាក់ ឬ​ក្តៅ​”?

​យើង​មិន​អាច​កំណត់​ថា​តើ ទារក​ចូលចិត្ត​ក្តៅ ឬ​ត្រជាក់​ទេ គឺ​វា​អាស្រ័យ​ទៅលើ​សុខភាព និង​បរិស្ថាន​រស់នៅ​ជុំវិញខ្លួន​។ ដូច្នេះ ឪពុក​ម្តាយ​គ្រប់រូប​គួរ​ចង់ចាំ​ថា ការ​ត្រជាក់ ឬ​ក្តៅ​ពេក សុទ្ធ​តែ​ធ្វើ​ឲ្យ​កូន ជួប​បញ្ហា​ទាំងអស់​។​

​ពេល​ទារក​រងារ​
​ទារក ដែល​មិន​អាច​ធន់ នឹង​ភាព​ត្រជាក់​បាន ភាគច្រើន គឺ​នៅ​ស្ងៀម​ទ្រឹង​។ ពេល​ទារក​រងារ គេ​មិន​មាន​ចំណាប់អារម្មណ៍ ក្នុងការ​ទទួលទាន ហើយ​ក៏​គ្មាន​កម្លាំង​យំ​ដែរ នេះហើយ គឺជា​បញ្ហា​ធំ​។ ថាមពល​របស់​ទារក ត្រូវបាន​ប្រើប្រាស់​អស់ហើយ ដើម្បី​ធ្វើឲ្យ​រាងកាយ​គេ មាន​កម្តៅ​ល្មម​។ ទារក​នឹង​កាន់តែ​មាន​គ្រោះថ្នាក់ ដោយ​ការ​រងារ (​ដូចជា ត្រជាក់​ដៃ ត្រជាក់​ជើង ញ័រ​ខ្លួនប្រាណ ឬ​កន្ត្រាក់​)​។ ពេល​ទារក​មិន​អាច​ទ្រាំ នឹង​ការ​ត្រជាក់​នេះ​បាន អ្នក​គួរតែ​យក​គេ មក​អោប​ជាប់​នឹង​ទ្រូង ដើម្បី​ផ្តល់​កម្តៅ​ឲ្យ​ទារក​។ បន្ទាប់​ពី​ទារក​កក់ក្តៅ​ហើយ  អ្នក​គួរតែ​គ្រប​គេ ជាមួយនឹង​ក្រណាត់ ឬ​ភួត​ក្រាស់​ល្មម​។​

​ពេល​ទារក​ក្តៅ​ខ្លាំង​ពេក​
​ពេល​ទារ​កមាន​អារម្មណ៍​ថា​ក្តៅ ខ្លួនប្រាណ ឬ​សក់​ក្បាល​របស់​គេ នឹង​សើម ហើយ​បើក​ញើស​តាម​ក ខ្នង និង​ទ្រូង​។ ពេលខ្លះ សម្ពាធ​បេះដូង អាច​លោត​លឿន ហើយ​ពេល​ខ្លះ ក៏​មាន​ក្តៅខ្លួន​ផងដែរ​។ អ្នក​គួរតែ​ដោះ​សម្លៀកបំពាក់ របស់​ទារក​ចេញ​ឲ្យអស់ ដើម្បីឲ្យ​គេ​បានត្រជាក់​បន្តិច​។

​ប្រសិនបើ​អ្នក​គ្រប​ទារក ឬ​ស្លៀកពាក់​គេ​តឹង ឬ​ជិត​ពេក វា​អាច​នឹង​ធ្វើឲ្យ​ទារក ក្តៅ ឬ​បែកញើស​។ ករណី​ធ្ងន់ធ្ងរ វា​អាច​ធ្វើ​ទារក ជួប​បញ្ហា​ផ្សេងៗ ដូចជា ជំងឺ​ដោយសារ​ក្តៅ​ខ្លាំង​ពេក ស្បែក​ស្ងួត ពង​បែក បេះដូង​ដើរ​ញាប់ ក្អួត ពិបាក​ដកដង្ហើម និង​ខ្វះ​ជាតិ​ទឹក​។ ករណីនេះ ទារក ទាមទារ​ការ​មើលថែទាំ​ជាពិសេស ដោយ​ក្រុម​គ្រូពេទ្យ​ជំនាញ​។

​ដូច្នេះ ឪពុក​ម្តាយ​គ្រប់រូប ត្រូវមាន​ការប្រុងប្រយ័ត្ន ក្នុងការ​ស្លៀក​សម្លៀក​បំពាក់​ទារក ឲ្យបាន​ត្រឹមត្រូវ សាក​សម​នឹង​បរិស្ថាន​ជុំវិញ​ខ្លួន ដូចជា ពេល​បើក​ម៉ាស៊ីនត្រជាក់ ត្រូវ​គ្រប​ទារក​ឲ្យ​ជិត​បន្តិច តែ​ពេល​អាកាសធាតុ​ក្តៅ​ខ្លាំង ត្រូវ​បន្ធូរ ឬ​ដោះ​ក្រណាត់​គ្រប ឬ​ភួយ ​ចេញ​។​

​យ៉ាងណាមិញ គ្រូពេទ្យ​មួយចំនួន បាន​ណែនាំ​ថា ពេល​គេង សីតុណ្ហភាព​ដែល​ល្អ​សម្រាប់​ទារក គឺ​ចន្លោះ​ពី ១៨ ទៅ ២៤ អង្សារ​សេ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។