អតីត​គ្រូ​ជំនួយ​ផ្តួល​គ្រូ​បង្គោល ដើម្បី​នាំ​ណាហ្គាវើល ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ

ការ​ប្រកួត​ប្រជែង​រវាង​ក្រុម​ណាហ្គាវើល និង​ក្រុម​បឹង​កេតអង្គរ ដើម្បី​ស្វែង​រក​ឱកាស​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ នៃ​ក្របខណ្ឌ​មិត្ត​ហ្វូន​ខេមបូឌាន​លីក ប្រចាំ​ឆ្នាំ​២០១៥​នេះ បាន​ធ្វើ​ឲ្យ​អតីត​គ្រូបង្គោល​ លោក ប្រាក់ សុវណ្ណារ៉ា និង​អតីត​គ្រូ​ជំនួយ លោក មាស ចាន់ណា ដែល​ធ្លាប់​ដឹកនាំ​ក្រុម​ណាហ្គាខប រួម​គ្នា​នោះ បាន​ប្រើ​បច្ចេក​ទេស​នៃ​ការ​ដឹក​នាំ​ប្រជែង​គ្នា​យ៉ាង​ខ្លាំង​ក្លា​បំផុត។

mm3

ប៉ុន្តែ​ការ​ប្រជែង​នៅ​ក្នុង​រដូវ​កាល​នេះ លោក មាស ចាន់ណា ដែល​ត្រូវ​ឡើង​ធ្វើ​ជា​គ្រូ​បង្គោល​របស់​ណាហ្គាវើល បន្ទាប់​ពី​លោក ប្រាក់ សុវណ្ណារ៉ា ចាក់​ចេញ​ទៅ​កាន់​ក្លិប​បឹង​កេត​អង្គរ នោះ បាន​ទទួល​ជ័យ​ជម្នះ​យ៉ាង​ធំ​ធេង គឺ​ការ​ដឹក​នាំ​ក្រុម​ណាហ្គាវើល ឲ្យ​ឡើង​ទៅ​ជួប​ក្រុម​ភ្នំពេញ​ក្រោន នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ បន្ទាប់​ពី​ពួក​គេ​បាន​បន្ត​មាន​ប្រៀប​លើ​បឹង​កេត ក្នុង​ការ​ប្រកួតកាត់​សេចក្តី​វគ្គ​​ខ្វែង​ជើង​ទី២ នៅ​​ពហុកីឡដ្ឋាន​ជាតិ កាល​ពី​យប់​ថ្ងៃ​សៅរ៍។

ក្រុម​ណាហ្គាវើល ធ្លាប់​​បាន​យក​ឈ្នះ​លើ​ក្រុម​បឹង​កេត ៣-១ ក្នុង​វគ្គ​ខ្វែង​ជើងទី១​ម្តង​ហើយ ប៉ុន្តែ​ការ​វាយ​បក​បាន​២​គ្រាប់​របស់​ខ្សែ​ប្រយុទ្ធ ឃួន ឡាបូរ៉ាវី នៅនាទីទី​៤៥+៣ និង ការ​​​ធ្វើ​បាន​​សម្រេច​ក្នុង​ការ​ស៊ុត​បាល់​​ពិន័យ​ចម្ងាយ​​១១ម៉ែត្រ របស់ ចាន់ វឌ្ឍនាកា នៅនាទីទី​៧៥ ក្នុង​ការ​ប្រកួតវគ្គ​ខ្វែង​ជើង​ទី​២ កាល​ពី​យប់​ថ្ងៃ​សៅរ៍​នោះ បាន​ធ្វើ​ឲ្យ​ណាហ្គាវើល ដែល​ខំ​លេង​ទប់​នោះ មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង។

mm4

សមាជិក​របស់​ក្រុម​ណាហ្គាវើល បាន​បង្ហាញ​ពី​ការ​ធ្លាក់​កម្លាំង ខណៈ​ពួក​គេ​បាន​ព្យាយាម​លេង​ទប់​ផង និង​វាយ​បក​ផងយ៉ាង​សកម្ម​នោះ ហេតុ​នេះ​អ្នក​ទស្សនា​ផ្ទាល់ ហាក់​គ្មាន​ការ​ជឿ​ជាក់​ថា ណាហ្គាវើល អាច​រក​បាន​គ្រាប់​បាល់ ដើម្បី​បន្ត​មាន​ប្រៀប​លើ​បឹង​កេត ទៀត​នោះ​ទេ ស្រប​ពេល បឹង​កេត កាន់​តែ​មាន​ទំនុក​ ក្នុងការ​រក​គ្រាប់​បាល់​ជ័យ​ជម្នះ ដើម្បី​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នោះ។

ប៉ុន្តែរឿង​ដែល​មិន​គួរ​ឲ្យ​ជឿ បាន​កើត​មាន​ឡើង​នៅ​ចំពោះ​អ្នក​ទស្សនា​រាប់​ពាន់​នាក់ ខណៈ​ណាហ្គាវើល បាន​ប្រើ​​ការ​វាយ​បក ដើម្បី​ផ្តល់​​ឱកាស​ឲ្យ​​​​ខ្សែ​ប្រយុទ្ធ​ជើង​ចាស់ គួច សុកុម្ភៈ ​ស៊ុត​ទម្លុះសំណាញ់​ទី​របស់​បឹង​កេត បាន​​១​គ្រាប់ នៅនាទីទី​៨៥​ ដើម្បី​ជួយ​ឲ្យ​​ណាហ្គាវើល ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ តាម​រយៈ​ការ​យក​ឈ្នះ​លើ​បឹង​កេត ក្នុងការ​ប្រកួត​ទាំង​២​ជើងជាមួយ​​លទ្ធផល​សរុប ៤-៣ នោះ។

mm5

អ្នក​គាំ​ទ្រ​របស់​បឹង​កេត រួម​ទាំង​សមាជិក និង​លោក ប្រាក់ សុវណ្ណារ៉ា ដែល​ជា​គ្របង្គោល​របស់​បឹង​​កេត បាន​បង្ហាញ​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង ខណៈ​ការ​ព្យាយាម​រហូត​រក​ឃើញ​ឱកាស​បាន​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ទៅ​ហើយ​នោះ បែរ​ជា​ត្រូវបាន​​បញ្ចប់​ក្រោម​ការ​ស៊ុត​​បញ្ចូល​ទី​១​គ្រាប់​របស់ គួច សុកុម្ភៈ នោះ។

យ៉ាង​ណា​ក៏​ដោយ លោក សុវណ្ណារ៉ា បាន​ទទួល​យក​ការ​ចាញ់​នោះ​ដោយ​អស់​ចិត្ត ដោយ​លោក​បាន​បញ្ជាក់​ថា៖​«​នៅ​ថ្ងៃ​នេះ​ កូន​ក្រុម​របស់​ខ្ញុំបាន​ខិតខំ​លេង​អស់​ពី​សមត្ថ​ភាព​ហើយ ប៉ុន្តែ​ការ​បាត់​បង់​ឱកាស​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ដោយសារ​យើង​បណ្តោយ​ឲ្យ​ណាហ្គាវើល ឈ្នះ​យើង​រហូត​ដល់ ៣-១ ក្នុង​វគ្គ​ខ្វែងជើង​ទី​១»។

ចំណែក​លោក មាស ចាន់ណា បាន​កោត​សរសើរដល់​ការ​ខិតខំ​ប្រឹង​ប្រែង​លែង​របស់​កូន​ក្រុម​លោក ព្រោះ​ពួក​គេ​បាន​សហការ​គ្នា​យ៉ាង​ល្អ បើ​ទោះបី​ជា​ការ​ប្រកួតនេះ​មាន​ភាព​ស្វិតស្វាញ​យ៉ាង​ណា​ក៏​ដោយ។

លោក​បាន​និយាយ​ក្រោយ​ការ​ប្រកួត​ថា៖​«​នេះ​ជា​ជ័យ​ជម្នះ​ដែល​យើង​ទទួលបាន​យ៉ាង​លំបាក ហើយការ​ឈ្នះ​នៅ​ថ្ងៃ​នេះ ដោយ​សារ​ក្រុម​បឹង​កេត បាន​ទុក​ចន្លោះ​ប្រហោង​ឲ្យ​យើង នៅ​ពេល​ពួក​គេ​រីក​រាយ​ខ្លាំង​ទៅ​លើ​ការ​រក​បាន​២​គ្រាប់ ហើយ​បែរ​ជា​បន្ថយ​ល្បឿន​នៃ​ការ​ប្រកួត​នោះ ហេតុ​នេះ​ខ្ញុំ​ត្រូវ​តែ​ខិតខំ​ពង្រឹង​ក្រុម​ថែម​ទៀត ដើម្បី​ត្រៀម​ជួប​ភ្នំពេញ​ក្រោន នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ»៕