បុរស​-​ស្ត្រី​​​ថៃ​១​គូ​​ឈ្លោះ​គ្នា​ផ្អើល​ច្រក​ប៉ោយ​ប៉ែ​ត ព្រោះតែ​បាត់​ប្រដាប់​បញ្ចូល​ថ្ម​ទូរស័ព្ទ

ខេត្តបន្ទាយមានជ័យ ៖ បុរស​-​ស្ត្រី​ជា​ជនជាតិ​ថៃ​២​នាក់ បាន​ផ្ទុះ​ជម្លោះ​ប្រកែក​គ្នា​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​កណ្តាល​ថ្ងៃ កាលពី​វេលា​ម៉ោង​១​រសៀល​ទី​០៩ វិច្ឆិកា ២០១៥ ដោយសារ​តែ​រឿង​បាត់​ប្រដាប់​បញ្ចូល​ទូរស័ព្ទ​មួយ​តែ​ប៉ុណ្ណោះ ។

ប្រភព​បានឱ្យ​ដឹង​ថា គូ​ជម្លោះ​ខាងលើ​គេ​ពុំ​ដឹង​ថា ជា​ប្តី​ប្រពន្ធ​ឬ​យ៉ាងណា​នោះ​ទេ ប៉ុន្តែ​ក្នុង​ហេតុការណ៍​តួ​ប្រុស​បាន​យក​អាវដៃវែង​ពណ៌​ក្រហម​រុំ​ព័ទ្ធ​ចង្កេះ​ស្ត្រី​គូ​ជម្លោះ​កាន់​ជាប់​មិន​ឱ្យទៅ​ណា ហើយ​ចោទ​នាង​នោះ​ថា លួច​ប្រដាប់​បញ្ចូល​ទូរស័ព្ទ​ខ្លួន និង​សុំ​អង្វរ​យក​វិញ ។

ជម្លោះ​នេះ​កើត​មាន​ប្រហែល​ជាង​កន្លះ​ម៉ោង ដោយ​ខាង​ស្រី​បដិសេធន៍​ថា មិនដឹង ។ ដោយ​អ្នកដំណើរ​ចេះ​តែ​ចោមរោម​មើល​ច្រើន​ឡើង​ៗ សមត្ថកិច្ច​នៅ​ច្រក​ទ្វារ​នាំ​គ្នា​ដេញ​ឱ្យ​ចេញ​ទៅ​ឈ្លោះ​គ្នា​នៅ​ដី​ថៃ ។ ទីបំផុត ជម្លោះ​ខាងលើ​បាន​ស្ងប់ស្ងាត់​ទៅ​វិញ នៅ​ក្រោយ​ខ្លោងទ្វារ​ប្រាសាទ​កំពូល​បី​នៃ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត បន្ទាប់​ពី​ស្ត្រី​គូ​ជម្លោះ​ព្រមឱ្យ​ប្រដាប់​បញ្ចូល​ទូរស័ព្ទ​ទៅ​បុរស​នោះ​វិញ​ហើយ​នាំ​គ្នា​ដើរ​បែកផ្លូវ​រៀងខ្លួន​ចូល​តាម​កាស៊ីណូ ។