រថយន្ត​ទំនើប​អត់​ពន្ធ​២​គ្រឿង​ត្រូវ​គយ​ចល័ត​ចាប់​បាន​នៅ​ខណ្ឌដូនពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ទំនើប​១​គ្រឿង ១​គ្រឿង​ពាក់​ស្លាក ខេមរភូមិន្ទ និង​មួយ​គ្រឿង​ទៀត​មិន​មាន​ស្លាក​លេខ ត្រូវ​កម្លាំង​គយ​ចល័ត នៃ​នាយកដ្ឋាន​បង្ការ និង​បង្ក្រាប​បទល្មើស នៃ​អំពើ​គេចពន្ធ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចាប់​បាន​នៅ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​កាលពី​ព្រឹក​ថ្ងៃ​ទី​៩ វិ​ច្ឆ​កា ២០១៥ ។

មន្ត្រី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដែល​បាន​ចូលរួម​ករណី​បង្ក្រាប​រថយន្ត​គ្មាន​ពន្ធ​នេះ​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ កម្លាំង​គយ​ចល័ត នៃ​នាយក​ដ្ឋាន​បង្ការ និង​បង្ក្រាប​បទល្មើស នៃ​អំពើ​គេចពន្ធ សហការ​ជាមួយ​អាវុធហត្ថ​ធ្វើការ​ឆែកឆេរ និង​ឃាត់​រថយន្ត​សេរី​ទំនើប​២​គ្រឿង​ដែល​គ្មាន​ពន្ធ​នាំ​ចូល ១​គ្រឿង​ម៉ាក Lexus GX 460 ពណ៌​ស ពាក់​ស្លាក​លេខ ខេមរភូមិន្ទ ២-៧១៩៥ នៅ​កន្លែង​លាង​រថយន្ត​​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ និង​១​គ្រឿង​ទៀត​ម៉ាក​កាម​រី ស៊េរី​ឆ្នាំ​២០១២​ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ដែល​ចត​នៅ​មុខ​ផ្ទះ ។

កន្លង​មក​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ធ្វើការ​អំពាវនាវ​ដល់​ម្ចាស់​រថយន្ត​គ្រប់​ប្រភេទ ដែល​នាំ​ចូល​គ្មាន​ពន្ធ មេត្តា​រួសរាន់​មក​បង់ពន្ធ​ឲ្យ​ទាន់​ការ​កំណត់ ចៀសវាង​ការ​ចុះ​ចាប់​ដល់​គេហដ្ឋាន និង​តាម​ដង​វិ​ថី​នានា​នាំ​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​ប៉ះពាល់​ដល់​កិត្តិយស​របស់​ខ្លួន​ផង​ដែរ ។

រថយន្ត​ស៊េរី​ទំនើប​ទាំង​២​គ្រឿង​ដែល​ចាប់​បាន​នោះ ត្រូវ​បាន​បញ្ជូន​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​គយ​ចល័ត ផ្លូវ​វេ​ង​ស្រេង ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ៕