បុរស​ខ្ពស់​ជាង​គេ​​លើ​លោក​ ​ស្លាប់​​​ត្រឹម​អាយុ​២៦

បុរស​ខ្ពស់​ជាង​គេ​​លើ​លោក​ ​ស្លាប់​​​ត្រឹម​អាយុ​២៦

បុរស​ម្នាក់​ឈ្មោះ Pornchai Saosri ដែល​ត្រូវ​បាន​គេ​គិត​ថា​ខ្ពស់​ជាង​គេ​​លើ​​លោក​​មាន​កម្ពស់​ ២,៦៩​ម៉ែត្រ​បាន​ស្លាប់​បាត់​បង់​ជីវិត​ហើយ​នៅ​ម៉ោង​ជាង​១០​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ក្នុង​ខេត្ត​សូរិន្ទ​ប្រទេស​ថៃ ពោល​គឺ​នៅ​ស្រុក​កំណើត​ខ្លួន​ឯង​តែ​ម្ដង ដោយសារ​តែ​មាន​ជំងឺ​ច្រើន​ពេក។

 

បុរស​ខ្ពស់​ជាង​គេ​​លើ​លោក​ ​ស្លាប់​​​ត្រឹម​អាយុ​២៦

 Pornchai Saosri កាល​នៅ​រស់

 

អ្នក​ស្រី Wern ​ដែល​ត្រូវ​ជា​ម្ដាយ​របស់ Pornchai ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​កូន​ប្រុស​របស់​អ្នក​ស្រី​មាន​ជំងឺ​ច្រើន​ណាស់ សឹង​តែ​ចូល​មន្ទីរពេទ្យ​រាល់​ថ្ងៃ ហើយ​ទើប​តែ​ខកខាន​មិន​បាន​ទៅ​មន្ទីរពេទ្យ​រយៈ​ពេល​៨​ថ្ងៃ​នេះ​ទេ ទើប​បណ្ដាល​ឱ្យ​រូប​គេ​ធ្វើ​ទុក​រហូត​ដល់​ស្លាប់​យ៉ាង​នេះ។ អ្នក​ស្រី Wern ​រៀប​រាប់​លម្អិត​ចំពោះ​ការ​ស្លាប់​នេះ​ថា ដំបូង​ឡើយ​អ្នក​ស្រី​ក្រោក​ពី​ព្រឹក​ទៅ​លាង​ចាន​ឱ្យ​គេ​ជា​ធម្មតា ដោយ​ទុក​កូន​ប្រុស​ម្នាក់​នេះ​នៅ​ជាមួយ​ឪពុក​ដែល​មាន​វ័យ​៦០​ឆ្នាំ។ លុះ​ដល់​ពេល​អ្នក​ស្រី​ត្រឡប់​មក​ដល់​ផ្ទះ​វិញ ក៏​ឃើញ​កូន​ប្រុស​ដេក​ស្លាប់​បាត់​ទៅ​ហើយ ដោយ​មិន​ដឹង​មូលហេតុ​នោះ​ទេ រហូត​ដល់​ប៉ូលិស​មក​ពិនិត្យ​ទើប​​សន្និដ្ឋាន​ថា​សា្លប់ដោយសារ​ជំងឺ​។

 

ដោយ​ឡែក​ពេល​ Pornchai ​មិន​ទាន់​ស្លាប់ ​គ្រួសារ​មួយ​នេះ​បាន​ទទួល​ប្រាក់​ជួយ​ពី​ខាង​អ្នក​ចិត្ត​ធម៌​នានា សរុប​ជា​លុយ​បាន ១១០ ០០០​បាត​ដែរ (ជាង​៣​ពាន់​ដុល្លារ) ហើយ​ប្រាក់​មួយ​ចំនួន​បាន​យក​មក​ធ្វើ​ផ្ទះ​បិត​បាំង​កុំ​ឱ្យ​ភ្លៀង​លិច ទិញ​ថ្នាំ​ឱ្យ​ Pornchai ​រាល់​ថ្ងៃ ហើយ​បច្ចុប្បន្ន​នៅ​សល់​ ៥០ ០០០​បាត​ទៀត ដែល​ប្រាក់​សល់​នេះ​នឹង​យក​មក​រៀប​ចំ​ពិធី​បុណ្យ​សព​តែ​ម្ដង៕

 

​ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព៖ bangkokpost