លោក ស្តើង សុខុម ៖ ការបង្វែរ បញ្ហាប្រឈម មកជាឱកាស មិនដែលកើតមាន ចំពោះមនុស្ស អវិជ្ជាទេ

សៀមរាប ៖ សាកលវិទ្យាធិការ សាកលវិទ្យាល័យឯកទេស នៃកម្ពុជា លោក ស្តើង សុខុម បានថ្លែងថា សហគមន៍ សេដ្ឋកិច្ចអាស៊ាន ចុងឆ្នាំ២០១៥ ជាឱកាសមួយថ្មីទៀត សម្រាប់ពលរដ្ឋ និងយុវជនកម្ពុជា ឈានទៅចាប់យក ឱកាសថ្មីៗបន្ថែមទៀត តែក៏មានបញ្ហាប្រឈមជាច្រើនផងដែរ សម្រាប់អ្នកដែលមិនចេះចាប់យកឱកាស ឬកែច្នៃ បញ្ហាប្រឈមទាំងនោះឱ្យទៅជាឱកាសទេនោះ ។

ស្របពេលដែលគ្រឹះស្ថានសិក្សា គ្រប់ភូមិសិក្សាបើកបវេសនកាលថ្មី សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា CUS សាខាខេត្តសៀមរាប បានធ្វើសន្និសីទ ស្តីពី « ឱកាស-បញ្ហាប្រឈម នៃអនាគត និងគន្លឹះជោគជ័យ » នៅសាល សន្និសីទ CUS សាខាខេត្តសៀមរាប ក្រោមអធិបតីភាព លោក ស្តើង សុខុម សាកលវិទ្យាធិការ នៃសាកលវិទ្យា ល័យ ឯកទេស នៃកម្ពុជានារសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ។  

ថ្លែងនៅក្នុងសន្និសីទ ស្តីពី «ឱកាស-បញ្ហាប្រឈម នៃអនាគត និងគន្លឹះជោគជ័យ» នៅសាលសន្និសីទ សាកល វិទ្យាល័យឯកទេស នៃកម្ពុជា សាខាខេត្តសៀមរាប កាលពីថ្ងៃសៅរ៍ ទី០៧ ខែវិច្ឆិកា កន្លងទៅនេះ លោក ស្តើង សុខុម បានថ្លែងថា ការធ្វើសមាហរណកម្មរបស់កម្ពុជា ទៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន ចុងឆ្នាំ២០១៥ គឺជា ឱកាសមួយថ្មីទៀត សម្រាប់ពលរដ្ឋ និងយុវជនកម្ពុជា ឈានពីឱកាសមួយ ទៅរកឱកាស១០ ឈានពីការប្រកួត ប្រជែងជាង ១៤លាននាក់ ទៅរកការប្រកួតប្រជែងជាង ៦០០លាននាក់ ។

ក្នុងសន្និសីទ ដែលមាននិស្សិតចូលរួមជិត ២០០នាក់ លោក ស្តើង សុខុម ក៏បានលើកឡើងផងដែរថា ទន្ទឹមនឹង ឱកាសដ៏ធំធេងនេះ បញ្ហាប្រឈមក៏អាចនឹងកើតមានផងដែរ សម្រាប់អ្នកដែលមិនចេះក្តាប់យកឱកាស ឬកែច្នៃ បញ្ហាប្រឈមឱ្យទៅជាឱកាសវិញទេនោះ ។

លោក ស្តើង សុខុម បានបញ្ជាក់ថា « ការក្តាប់យកឱកាស ការបង្កើតឱកាស ការបង្វែរបញ្ហាប្រឈមមកជាឱកាស មិនដែលកើតមាន ចំពោះមនុស្សអវិជ្ជាទេ ដូច្នេះក្នុងនាមយុវជនជំនាន់ក្រោយ ត្រូវតែខិតខំរៀនសូត្រ ឧស្សាហ៍ក្នុង ការងារ និងមានបុគ្គលិកលក្ខណៈសម្បត្តិល្អ »។

ដើម្បីបង្កើនឱកាស តាមរយៈចំណេះដឹងនេះ លោក ស្តើង សុខុម បានគូសបញ្ជាក់ថា សាកលវិទ្យាល័យ របស់ លោក បានប្រកាន់យកនូវគោលការណ៍ធានាគុណភាពបណ្តុះបណ្តាល ដោយអនុឡោម តាមយន្តការ បណ្តុះ បណ្តាលចំនួន ៣ រួមមាន ៖

១- ការជ្រើសរើសធាតុចូល Inputs ដែលមានគុណភាព (រួមមានការជ្រើសរើសបាន និស្សិតមានសមត្ថភាព និង វិន័យ សាស្រ្តាចារ្យ បុគ្គលិកសិក្សា ដែលមានគុណវុឌ្ឍខ្ពស់ សម្ភាររូបវន្ត និងបរិក្ខាសិក្សាសមស្រប)។

២- គុណភាព នៃការគ្រប់គ្រងដំណើរការ បណ្តុះបណ្តាល (Quality of Train ing Management) ដែលផ្តើម ចេញពីប្រសិទ្ធភាព និងភាពស៊ីសង្វាក់គ្នា នៃបណ្តាតួអង្គ Inputs ទាំងអស់ ក្នុងបេសកកម្ម ឆ្ពោះទៅសម្រេចគោល ដៅរួម នៃការបណ្តុះបណ្តាលដែលមានគុណភាព ធានាបានភាពមានមុខរបរ និងមានការងារធ្វើខ្ពស់ របស់និស្សិត ក្រោយពីបញ្ចប់ការបណ្តុះបណ្តាល មានន័យថា សាស្រ្តាចារ្យ និស្សិត រដ្ឋបាល សិក្សា សេវាកម្មគាំទ្រ និង អ្នកពាក់ ព័ន្ធទាំងអស់ សុទ្ធតែបានយល់ច្បាស់ ពីតួនាទីភារកិច្ចរៀងៗខ្លួន និង ប្តេជ្ញាបំពេញឲ្យបានល្អឆ្ពោះទៅគោលដៅ រួម ។

៣- ការតម្រង់ទិស និងបំពេញបន្ថែមដល់និស្សិត ដែលទើបបានបញ្ចប់ការសិក្សា នូវគុណវុឌ្ឍិសមស្រប ដោយ ត្រូវបន្ថែមពីលើសមត្ថភាពវិជ្ជាជីវៈ នូវបុគ្គលិក លក្ខណៈសម្បត្តិ ដែលសក្តិសមបំផុត សម្រាប់ការងារ និង មុខរបរ នីមួយ ៗ។

សាកវិទ្យាធិការ ក៏បានឲ្យដឹងផងដែរថា ក្នុងចំណោមសាកលវិទ្យាល័យធំៗ សាកលវិទ្យាល័យឯកទេស នៃ កម្ពុជា មានថ្លៃសិក្សាសមរម្យ និងមានការរីកចម្រើនខ្លាំង ដោយមានសាខា និងទីតាំងចំនួន៨ និង មានកំណើននិស្សិត ដល់ជិតពីរម៉ឺននាក់ ព្រមទាំងមានដៃគូរក្នុង និងក្រៅប្រទេសជិត៥០០ ដើម្បីបង្កលក្ខណៈឲ្យនិស្សិតចុះកម្មសិក្សា ហាត់ការ រកការងារធ្វើ ការបង្កើតមុខរបរជាដើម ៕

លោក ស្តើង សុខុម ៖ ការបង្វែរ បញ្ហាប្រឈម មកជាឱកាស មិនដែលកើតមាន ចំពោះមនុស្ស អវិជ្ជាទេ

លោក ស្តើង សុខុម ៖ ការបង្វែរ បញ្ហាប្រឈម មកជាឱកាស មិនដែលកើតមាន ចំពោះមនុស្ស អវិជ្ជាទេ

លោក ស្តើង សុខុម ៖ ការបង្វែរ បញ្ហាប្រឈម មកជាឱកាស មិនដែលកើតមាន ចំពោះមនុស្ស អវិជ្ជាទេ

លោក ស្តើង សុខុម ៖ ការបង្វែរ បញ្ហាប្រឈម មកជាឱកាស មិនដែលកើតមាន ចំពោះមនុស្ស អវិជ្ជាទេ