អាដហុក​រក​ឃើញ​ភាព​មិន​ប្រក្រតី​នៃ​ការ​ចាប់​ពលរដ្ឋ​៣​នាក់​ពី​បទ​ចោទ​លួច​ដក​ដំឡូង

សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ស៊ើប​អង្កេត​រក​ឃើញ​ភាព​មិន​ប្រក្រតី​ករណី​ក្រុមហ៊ុន​ជាតិ​អភិវឌ្ឍន៍ ដែល​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន ដែល​បាន​ប្ដឹង​សមត្ថកិច្ច​ចាប់​ប្រជាពលរដ្ឋ​ចំនួន ៣​នាក់​នៅ​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ ហើយ​បញ្ជូន​ខ្លួន​ពួក​គេ​ទៅ​តុលាការ។ ដោយ​ចោទ​ប្រកាន់​ពី​បទ​លួច​ដក​ដំឡូង គឺ​ជា​រឿង​អយុត្តិធម៌​លើ​ប្រជាពលរដ្ឋ។ ប៉ុន្តែ​តំណាង​ក្រុមហ៊ុន​អះអាង​ថា ការ​ប្ដឹង​ឲ្យ​ចាប់​ប្រជាពលរដ្ឋ​នោះ ធ្វើ​ឡើង​ដោយ​មាន​ភស្តុតាង​ជាក់ស្ដែង។

សាច់ញាតិ​ពលរដ្ឋ​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ស្រុក​ថ្មពួក អំពាវនាវ​ឲ្យ​សុំ​ឲ្យ​តុលាការ​ខេត្ត​បន្ទាយមានជ័យ និង​មន្ត្រី​ពាក់ព័ន្ធ ទម្លាក់​ការ​ចោទ​ប្រកាន់​តាម​បណ្ដឹង​របស់​ក្រុមហ៊ុន​ជាតិ​អភិវឌ្ឍន៍ ហើយ​ដោះ​លែង​ពួក​គេ​ត្រឡប់​ទៅ​ផ្ទះ​សម្បែង​វិញ​ឲ្យ​បាន​ឆាប់​រហ័ស ដើម្បី​ទៅ​ប្រកប​របរ​រក​ស៊ី​ដោះស្រាយ​ជីវភាព​គ្រួសារ​ប្រចាំ​ថ្ងៃ។

កាល​ពី​ថ្ងៃ​ទី​៣០ តុលា កន្លង​ទៅ ពលរដ្ឋ​ចំនួន ៣​នាក់ គឺ​លោក ផាន់ ពេទ្យ អាយុ ២៤​ឆ្នាំ លោក ស្រាន់ ជាតិ អាយុ ២៦​ឆ្នាំ និង​លោក ម៉ៅ រឿន អាយុ ២១​ឆ្នាំ។ អ្នក​ទាំង ៣​នាក់​រស់នៅ​ភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ ត្រូវ​បាន​ក្រុមហ៊ុន​ជាតិ​អភិវឌ្ឍន៍​របស់​ចិន ប្ដឹង​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ឃាត់​ខ្លួន ដោយ​ចោទ​ប្រកាន់​លួច​ដក​ដំឡូង​របស់​ក្រុមហ៊ុន។ ក្រោយ​មក អ្នក​ទាំង ៣​នាក់ ត្រូវ​បាន​ប៉ូលិស​ខេត្ត​បន្ទាយមានជ័យ បញ្ជូន​ខ្លួន​ទៅ​តុលាការ នៅ​ថ្ងៃ​ទី​៣ វិច្ឆិកា ដើម្បី​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់។

បង​ប្រុស​ជន​ជាប់​ចោទ​ម្នាក់​ក្នុង​ចំណោម ៣​នាក់ គឺ​លោក ផាន់ ពេជ្រ ថ្លែង​ថា យុវជន​ទាំង ៣​នាក់​ដែល​ក្រុមហ៊ុន​ជាតិ​អភិវឌ្ឍន៍​ចោទ​ប្រកាន់​នោះ កាល​ពី​ថ្ងៃ​ទី​៣០ តុលា លោក​បាន​ជួល​ពួក​គេ​ឲ្យ​ទៅ​ដក​ដំឡូង​នៅ​ភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ហើយ​ក្រោយ​មក ពួក​គេ​បាន​នាំ​គ្នា​ដឹក​ដំឡូង​តាម​គោយន្ត​មួយ​គ្រឿង​ត្រឡប់​មក​ផ្ទះ​វិញ​នៅ​ពេល​យប់​ម៉ោង​ប្រមាណ ១​រំលង​អាធ្រាត្រ។ លោក​អះអាង​ថា សមត្ថកិច្ច​ស្ទាក់​ចាប់ ខណៈ​ពួក​គេ​ធ្វើ​ដំណើរ​ឆ្លង​កាត់​តាម​ផ្លូវ​នៅ​តំបន់​ដី​របស់​ក្រុមហ៊ុន​នោះ៖ «កន្លែង​ចម្ការ​ដំឡូង​ដែល​អ្នក​ទាំង ៣​នាក់​បាន​ដក​ពិត​ប្រាកដ សមត្ថកិច្ច​មិន​បាន​ទៅ​ថត​យក​ទេ បែរ​ជា​ទៅ​ថត​ទីកន្លែង​ចាស់ ហើយ​ទម្លាក់​កំហុស​ដល់​ប្អូន​របស់​ខ្ញុំ​ទៅ​វិញ»

ស្រដៀង​គ្នា​នេះ​ដែរ សាច់ញាតិ​ម្នាក់​ទៀត គឺ​អ្នកស្រី គឿង ស្រីវួន ឲ្យ​ដឹង​ថា យុវជន​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​ទាំង ៣​នាក់​នោះ ពិត​ជា​បាន​ទៅ​ជួល​ដក​ដំឡូង​ឲ្យ​បង​ប្អូន​ឈ្មោះ ផាន់ ពេជ្រ នៅ​ភូមិ​ធ្លក ប្រាកដ​មែន។ អ្នកស្រី​អះអាង​ថា នៅ​ថ្ងៃ​កើត​ហេតុ អ្នក​ទាំង ៣​នាក់ បាន​ដឹក​ដំឡូង​ទៅ​ឲ្យ លោក ផាន់ ពេជ្រ នៅ​ឯ​ផ្ទះ ដើម្បី​យក​ទៅ​លក់​នៅ​ពេល​ព្រឹក ស្រាប់​តែ​ខាង​ក្រុមហ៊ុន​ជាតិ​អភិវឌ្ឍន៍ ប្ដឹង​សមត្ថកិច្ច​ឲ្យ​ចាប់​ខ្លួន​តែ​ម្ដង៖ «ខ្ញុំ​បាន​ប្រាប់​មិន​ឲ្យ​ពួក​គេ​ដឹក​ដំឡូង​ទៅ​ផ្ទះ​នៅ​ពេល​យប់ ខ្លាច​កើត​មាន​រឿងរ៉ាវ​អី យើង​មិន​ឃើញ ប៉ុន្តែ​ពួក​គេ​មិន​ស្ដាប់​ខ្ញុំ ហើយ​ក៏​នាំ​គ្នា​ចេញ​ទៅ ម្យ៉ាង​ដោយ​គិត​ថា​ជា​ផ្លូវ​សាធារណៈ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ តំណាង​ក្រុមហ៊ុន​ជាតិ​អភិវឌ្ឍន៍​របស់​ចិន លោក ខែម វិន មាន​ប្រសាសន៍​ទទួល​ស្គាល់​ថា ខាង​ក្រុមហ៊ុន​ពិត​ជា​បាន​ប្ដឹង​សមត្ថកិច្ច​មូលដ្ឋាន​ស្ទាក់​ចាប់​គោយន្ត​ដឹក​ដំឡូង​របស់​ប្រជាពលរដ្ឋ​ទាំង ៣​នាក់​នោះ​ប្រាកដ​មែន។ លោក​អះអាង​ថា មូលហេតុ​ដែល​ក្រុមហ៊ុន​ប្ដឹង​ឲ្យ​ចាប់​នេះ ដោយសារ​ប្រជាពលរដ្ឋ​ទាំង ៣​នាក់ បាន​លួច​ដក​ដំឡូង​របស់​ក្រុមហ៊ុន​ជាតិ​អភិវឌ្ឍន៍ នៅ​ពេល​យប់ ដោយ​ពុំ​មាន​ការ​អនុញ្ញាត​ពី​ខាង​ក្រុមហ៊ុន។ ទោះ​យ៉ាង​ណា លោក​ពុំ​បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​លួច​ដក​ដំឡូង​នៅ​ចំណុច​ណា​ពិត​ប្រាកដ​នោះ​ទេ៖ «ប្រជាពលរដ្ឋ​លួច​ដំឡូង​របស់​ក្រុមហ៊ុន​អស់​ច្រើន​ណាស់​មក​ហើយ តែ​យើង​មិន​អាច​កំណត់​បាន​ថា​អស់​ប៉ុន្មាន​ហិកតារ​នោះ​ទេ ព្រោះ​អី​ការ​លួច​នោះ​គេ​លួច​ដក​រដិបរដុប​ជាច្រើន​កន្លែង»

ក្រុមហ៊ុន​ជាតិ​អភិវឌ្ឍន៍ ដើម​ឡើយ​ជា​ក្រុមហ៊ុន​ក្នុង​ស្រុក​របស់​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន វិនិយោគ​ផ្នែក​ដំណាំ​កសិឧស្សាហកម្ម​លើ​ផ្ទៃ​ដី​ប្រមាណ​ជាង ២​ពាន់​ហិកតារ នៅ​ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ។ ក្រោយ​មក​នៅ​ឆ្នាំ​២០១២ ក្រុមហ៊ុន​បាន​ជួល​ដី​នោះ​ទៅ​ឲ្យ​ជនជាតិ​ចិន ធ្វើ​ការ​វិនិយោគ​ដាំ​ដំឡូង​មី​បន្ត ដោយ​បាន​រក្សា​ឈ្មោះ​ក្រុមហ៊ុន​ជាតិ​អភិវឌ្ឍន៍ នៅ​ដដែល។ បច្ចុប្បន្ន ក្រុមហ៊ុន​នេះ​បាន​ដាំ​ដំឡូងមី​នៅ​លើ​ផ្ទៃដី​ប្រមាណ ១​ពាន់​ហិកតារ​ក្នុង​ចំណោម​ផ្ទៃដី​ជាង ២​ពាន់​ហិកតារ។

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​បន្ទាយមានជ័យ ដែល​បាន​ស៊ើប​អង្កេត​ជុំវិញ​ករណី​នេះ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា នៅ​ជុំវិញ​ដី​របស់​ក្រុមហ៊ុន​ចិន នោះ មាន​ដី​របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​បន្ទាយឆ្មារ រាប់​ពាន់​ហិកតារ បាន​ដាំ​ដំឡូងមី​នៅ​ជុំវិញ​នោះ​ដែរ។ លោក​អះអាង​ថា ប្រជាពលរដ្ឋ​ទាំង ៣​នាក់​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​នោះ ពួក​គាត់​ពុំ​បាន​ទៅ​លួច​ដក​ដំឡូង​របស់​ក្រុមហ៊ុន​ចិន ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ៖ «តាម​ការ​ចង្អុល​បង្ហាញ​របស់​ប្រជាពលរដ្ឋ ថា​ខាង​ក្រុមហ៊ុន​មិន​បាន​ភស្តុតាង​ដំឡូង​ដែល​ពួក​គេ​ដក​ថ្មីៗ​នោះ​មក​បង្ហាញ​ទេ បែរ​ជា​យក​ដំឡូង​ចាស់​ដែល​ដក​ជាច្រើន​ថ្ងៃ​មក​បង្ហាញ ហើយ​ទម្លាក់​កំហុស​ប្រជាពលរដ្ឋ​ទៅ​វិញ»

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ នាយ​នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​ឃុំ​បន្ទាយឆ្មារ លោក ផែ សាវិត មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ទាំង ៣​នាក់​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​នោះ ដោយសារ​ពួក​គេ​បាន​ទៅ​លួច​ដក​ដំឡូងមី​របស់​ក្រុមហ៊ុន​ជាតិ​អភិវឌ្ឍន៍ ហើយ​ថា សមត្ថកិច្ច​បាន​នាំ​អ្នក ៣​នាក់​ទៅ​តុលាការ​តាម​បណ្ដឹង​របស់​ក្រុមហ៊ុន​ជាតិ​អភិវឌ្ឍន៍៖ «ខ្ញុំ​បាន​ចុះ​ទៅ​ទីកន្លែង​ឃើញ​ថា ដំឡូង​ដែល​ប្រជាពលរដ្ឋ​លួច​របស់​ក្រុមហ៊ុន មិន​មែន​តែ​មួយ​គោយន្ត​នោះ​ទេ គឺ​មាន​ច្រើន​ទៀត ហើយ​ដំឡូង​ដែល​ខាង​ក្រុមហ៊ុន​ចាប់​បាន​នោះ ប្រជាពលរដ្ឋ​ប្រមាណ ១​អាទិត្យ​មក​ហើយ»

ទោះ​យ៉ាង​នេះ​ក្ដី លោក ស៊ុំ ច័ន្ទគា បញ្ជាក់​ថា សមត្ថកិច្ច​បាន​ឃុបឃិត​គ្នា​ជាមួយ​ក្រុមហ៊ុន​ជាតិ​អភិវឌ្ឍន៍ ចោទ​ប្រកាន់​ប្រជាពលរដ្ឋ​ដោយ​គ្មាន​ហេតុផល​ពិត​ប្រាកដ​នោះ​ទេ។ ប្រជាពលរដ្ឋ​ទាំង ៣​នាក់ ត្រូវ​បាន​តុលាការ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​៣ វិច្ឆិកា កន្លង​ទៅ។ លោក ស៊ុំ ច័ន្ទគា នឹង​បញ្ជូន​សំណុំ​រឿង​ចាប់​ខ្លួន​នេះ ទៅ​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ដើម្បី​ឲ្យ​តុលាការ​ផ្ដល់​យុត្តិធម៌ និង​ដោះ​លែង​ប្រជាពលរដ្ឋ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។