កុមារីអាយុ៤ឆ្នាំរត់​ឆ្លងថ្នល់​តាម​ឪពុក ត្រូវ​រថយន្តបុក​រង​របួសធ្ងន់​

កំពង់ចាម:  កុមារី​អាយុ​៤​ឆ្នាំ​ម្នាក់ បាន​រងរបួស​ធ្ងន់ ក្នុង​គ្រោះថ្នាក់​ចរាចរ ខណៈដែល​នាង​រត់ឆ្លងថ្នល់​តាម​ឪពុក ត្រូវ​រថយន្តបុក​។​ហេតុការណ៍​នេះ​បានកើត​​ឡើង​កាលពី​ព្រឹ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្សារ​ភ្នំ​ដិ​ល ស្ថិតក្នុង​ភូមិ​ភ្នំ​ដិ​ល ឃុំ​តាំង​ក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម​។​

​កុមារី​រងគ្រោះ​មានឈ្មោះ យ៉ុ​ន លក្ខិណា អាយុ​៤​ឆ្នាំ រស់នៅ​ចំណុចកើតហេតុ​ខាងលើ​ចំណែក​ភាគី​រថយន្ត​ឈ្មោះ ខន ខេន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​​មាន​ទីលំនៅ​ភូមិ​កងកេង ឃុំ​ដា ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។​

​មុនពេល​កើតហេតុ គេ​បាន​ក្មេងស្រី​រងគ្រោះ បាន​រត់​ឆ្លងថ្នល់​តាម​ឪពុក ខណៈនោះមាន​រថយន្ត​ម៉ាក​សាំង​យ៉ុង ពណ៌​.​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2Q8112 បើក​មក​ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំណុច​ខាងលើ​ចាប់​ហ្វ្រាំង​មិនទាន់​ក៏​បុក​ក្មេងស្រីរងគ្រោះ ពេញទំហឹង​បណ្តាល​ឲ្យ​ដួល​រងរបួស​ធ្ងន់​។​ក្រោយពី​បាន​​បើក​បុក​ក្មេងស្រី​បណ្តាល​ឲ្យ​រងរបួស​រួច អ្នកបើក​បរបាន​លើក​កុមារី​រងគ្រោះ និង​ឪពុក​កុមារីរងគ្រោះ​ដាក់​រថយន្ត​ផ្សេងទៀត​ដឹក​ទៅ​មន្ទីរពេទ្យ​ធ្វើការ​សង្គ្រោះ ដោយ​ទុករថយន្ត​បង្ក​នៅ​កន្លែងកើតហេតុ​។​

​លោក សុខ សូល អធិការរង​នគរបាល​ស្រុក​បាធាយ​បាន​ឲ្យ​ដឹងថា ក្រោយ​កើតហេតុសមត្ថកិច្ច​បាន​យក​រថយន្ត​មក​ទុក​នៅ​អធិការដ្ឋាន​ដើម្បី​បំពេញ​សំណុំឯកសារ​តាម​នីតិវិធី​រង់ចាំ​ភាគី​ទាំងសងខាង​ចូលមក​បំភ្លឺ​។ ចំណែក​សុវត្ថិភាព និងជោគវាសនា​របស់​កុមារី​រងគ្រោះ គេ​ពុំទាន់​ដឹង​នៅឡើយ​ទេ​។​

​លោក សំ ណា​ល់ អធិការនគរបាល​ស្រុក​បាធាយ​បាន​អំពាវនាវ​ឲ្យ​អាណាព្យាបាលកុមារ​ទាំងអស់​ត្រូវមាន​ការប្រុងប្រយ័ត្ន មិនត្រូវ​មានការ​ធ្វេសប្រហែសបណ្តោយ​ឲ្យ​កុមារ​ឆ្លងផ្លូវ​តែម្នាក់ឯង​នោះទេ​។ ក្នុងនោះ​លោក​បានបញ្ជាក់ថា កុមារ​អាយុ​៦​ឆ្នាំ​ចុះ ស្ថិតនៅ​ក្នុងបន្ទុក​ឪពុកម្ដាយ​ជា​អ្នកទទួលខុសត្រូវ​៕​