សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ចូលរួម​អបអរសាទរ​នូវ​ទិវា​បុណ្យជាតិ ថ្ងៃ​៩​វិច្ឆិកា​

ភ្នំពេញ: ​ក្នុងឱកាស​ខួប​លើក​ទី​៦២ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ថ្ងៃទី​៩ វិច្ឆិកា ១៩៥៣-​ថ្ងៃ​៩ វិច្ឆិកា ២០១៥  សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​ចូលរួម​អបអរសាទរ​នូវ​ទិវា​បុណ្យជាតិ​ដ៏​អធិកអធម​នេះ ក្នុង​គោលបំណង​រំលឹក​ឡើងវិញ និង​បន្ត​លើកស្ទួយ​វីរភាព​ដ៏​ថ្លៃថ្លា​ឧ​ត្តុ​ង្គ នៃ​ព្រះរាជ​បូជនីយកិច្ច​របស់​ព្រះ​បរម​រតន​កោដ្ឋ​ព្រះបាទ នរោត្តម សីហនុ ព្រះ​បុព្វបុរស​ជាតិ ដែល​ទ្រង់​បាន​តស៊ូ​រំដោះ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​ទទួលបាន​ឯករាជ្យ​ពេញលេញ​ពី​អាណានិគម​បារាំង នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣​។​

​ទន្ទឹមនឹង​ខួប​លើក​ទី​៦២ នៃ​ថ្ងៃ​បង្កើត​កង​យុទ្ធ​ពល​ខេមរភូមិន្ទ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក៏​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​វីរភាព ការបូជា​ជីវិត ការតស៊ូ​លះបង់​របស់​កង​យុទ្ធ​ពល​ខេមរភូមិន្ទ ដែលជា​និច្ចកាល​ស្ថិតនៅ​ជាមួយ​រាជរដ្ឋាភិបាល និង​ប្រជាជន​ទូទាំងប្រទេស ក្នុង​កិច្ចការពារ​បូរណភាព​ដែនដី និង​អធិបតេយ្យភាព​ជាតិ​នៅ​គ្រប់​កាលៈទេសៈ ដែល​យុវជន​ជា​អ្នកជំនាន់ក្រោយ​តែងតែ​ចងចាំ​ជានិច្ច និង​មិនអាច​បំភ្លេចបាន​។​

​ក្នុងឱកាស នៃ​ទិវា​ប្រវត្តិសាស្ត្រ​ជាតិ​នេះ​ផងដែរ ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា សូម​ដង្ហែ​តាម​ព្រះរាជ​តំរិះ​ដ៏​ឧត្តុង្គឧត្តម នៃ​ព្រះករុណា​ព្រះមហាក្សត្រ ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម​ម សីហមុនី ដែល​ព្រះអង្គ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ឲ្យ​រួបរួមសាមគ្គី​គ្នា​ជា​ធ្លុង​មួយ​ក្រោម​ដំបូង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​រដ្ឋ​ដើម្បី​ចូលរួមចំណែក​ការពារ និង​កសាង​មាតុភូមិ​លើ​គ្រប់​វិស័យ ផ្អែកលើ​មូលដ្ឋាន​សាមគ្គីភាព ក្នុងស្ថានភាព​ដែល​សង្គមជាតិ​ទាំងមូល​កំពុងមាន​សុខសន្តិភាព និង​ស្ថិរភាព​នយោបាយ​។​

​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា សូម​គោរព​កោតសរសើរ​ផងដែរ ជូន​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​ការពារ​បូរ​ភាព​ដែនដី ការពង្រីក​វប្បធម៌​សន្តិភាព ការផ្សះផ្សា បង្រួបបង្រួម​ជាតិ ការលើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព និង​សេចក្តីថ្លៃថ្នូរ​របស់​មនុស្ស ការការពារ​សន្តិសុខ សុវត្ថិភាព ស្ថិរភាព និង​សណ្តាប់ធ្នាប់​សង្គម ការកែលម្អ​អភិបាលកិច្ច ដើម្បី​សម្រេចបាន​កំណើនសេដ្ឋកិច្ច សមធម៌​សង្គម ព្រមទាំង​ការបន្ត លើកកម្ពស់​កិត្យានុភាព​ជាតិ និង​ការអភិវឌ្ឍន៍​នៅ​គ្រប់​វិស័យ​៕​

សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ចូលរួម​អបអរសាទរ​នូវ​ទិវា​បុណ្យជាតិ ថ្ងៃ​៩​វិច្ឆិកា​

សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ចូលរួម​អបអរសាទរ​នូវ​ទិវា​បុណ្យជាតិ ថ្ងៃ​៩​វិច្ឆិកា​
ក្រុមសហភាពសហព័ន្ធ​យុវជនកម្ពុជា ចូលរួមក្នុងទិវាបុណ្យឯករាជ្យ ថ្ងៃ៩វិច្ឆិកា
( រូបភាពពីហ្វេសប៊ុកសម្តេចហ៊ុនសែន )