​​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យចុះ​ពង្រឹង​ការងារ​សន្តិសុខ​៣​អធិការដ្ឋាន​ និង​២វរ​សេនា​តូច

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​នគរបាល​មាន​តួនាទី​ភារកិច្ចក្នុង​កិច្ច​ការពារ​បូរណភាព​ទឹកដី ការពារ​រដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ការពារ​រាជរដ្ឋាភិបាល​កម្ពុជាដែល​ប្រជាពលរដ្ឋ​បោះ​ឆ្នោត​ជូន និង​បង្ក្រាប​ដាច់ខាត​ចំពោះ​ជន​ទុ​ច្ច​រិ​ក ឬ​គណបក្ស​នយោបាយ​ណាដែល​មាន​បំណង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ​គឺ​ត្រូវ​តែ​បង្ក្រាប​។​

ទន្ទឹម​នោះ​ដែរ​នគរបាល​ក៏​មាន​កាតព្វកិច្ច​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព​សង្គម ការពារ​ផលប្រយោជន៍​ និង​ភាព​សុខសាន្ត​របស់​ប្រជាពលរដ្ឋ ​​ប៉ុន្តែ​មន្ត្រី​នគរបាល​មិន​ត្រូវធ្វើ​ជា​មន្ត្រី​កើត​បូស​ក្លៀក​ពេល​ដែល​ចុះ​បំពេញការងារ​ជា​ប្រជាពលរដ្ឋ​នោះ​ឡើយ ។

នេះ​ជា​ការ​លើក​ឡើង​របស់លោក​ឧត្តមសេនីយ៍​អាត់ ខែ​ម ស្នង​ការ​នគរបាល​ខេត្តបន្ទាយមានជ័យ ខណៈពេល​លោក​ចុះ​ប្រជុំ​ពង្រឹង​ដល់​កិច្ច​កងកម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​ជ្រៅ​-​ម៉ា​ឡៃ វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៥-​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ ​និង​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨៩១ រយៈពេល​មួយ​ថ្ងៃ កាល​ពី​ចុង​ស​ប្តា​ហ៍​ម្សិលមិញ​នេះ​។

លោក​ឧត្តមសេនីយ៍​ស្នងការ​បាន​បញ្ជាក់​ថា​ ​​ទន្ទឹម​នឹង​កិច្ច​ការងារ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ និង​បំរើសេវា​រដ្ឋបាល​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ នគរបាល​មាន​តួនាទី​ស្នូល​ក្នុង​ការ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋដែល​រង​គ្រោះ​ដោយ​គ្រោះ​ធម្មជាតិ​ និង​ដោយ​ប្រការ​ផ្សេង​ៗ​៕