សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យបង្ក្រាប​ក្រុម​ចែកចាយ​គ្រឿងញៀន និង​កាច់​.​ក​ម៉ូតូ​បាន​៤​នាក់

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​សហការ​ជាមួយ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ បាន​ចុះ​បង្ក្រាប​មុខសញ្ញា​ប្រើប្រាស់ និង​ចែកចាយ​នូវ​សារធាតុ​ញៀន​, កាច់​សោ​.​ក​ម៉ូតូ និង​ដើរ​អុកឡុក​នៅ​ក្នុង​មូលដ្ឋាន​ជា​ប្រចាំ បាន​ចំនួន​៤​នាក់ ដែល​ហេតុ​ការ​បង្ក្រាប​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​៩ វិច្ឆិកា ២០១៥ នៅ​ចំណុច​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង​ក្នុងបូរីសន្តិភាព២ ស្ថិត​ក្នុង​ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៤​នាក់​ដែល​ត្រូវ​ចាប់​ឃាត់ខ្លួន​មាន ១-​ឈ្មោះ សំ ស​ក្ត​ណា ភេទ​ស្រី អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​, ២-​ឈ្មោះ ឱ​ក រ៉ូ​បាន ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​, ៣-ឈ្នោះ សម្បត្តិ កែវ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ និង​៤-ឈ្មោះ សុខ ច​ន្តា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ។ ទាំងអស់​គ្នា​ស្នាក់​នៅ​ភូមិ​កើតហេតុ​ខាងលើ ។ ព្រមទាំង​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​ដូច​ជា ម្ស៉ៅ​ក្រាម ពណ៌​ស ចំនួន​៧​កញ្ចប់​តូច ប្រដាប់​ជក់​មួយ​ចំនួន​ប្រដាប់​កាច់​សោ​.​ក​ម៉ូតូ អក្សរ​តេ​១ និង​កន្ត្រៃ​២​ផង​ដែរ ។

ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ​ទាំង​៤​នាក់ និង​វត្ថុ​តាំង​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕