​គ.ជ.ប​ គ្រោង​ចំណាយ​​​១​លាន​ដុល្លារ​សម្រាប់​ការចុះ​ឈ្មោះ​បោះ​ឆ្នោតសាកល្បងរយៈ​ពេល​១៥​ថ្ងៃ

រាជធានី​ភ្នំពេញ​ ៖​ គិត​មក​ដល់​ថ្ងៃ​ទី​៩ ​វិច្ឆិកា ​មាន​អ្នក​ចុះ​ឈ្មោះ​​​​​បោះ​ឆ្នោត​ជាង​១​ម៉ឺន​នាក់​តាម​ប្រព័ន្ធ​កុំ​ព្យូ​រ​ទ័​រសាក​ល្បង​ដែល​រៀបចំ​ដោយគណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ឬ​ហៅ​ថា (​គ​.​ជ​.​ប​)​ពី​ថ្ងៃ​ទី​១​ដល់​ថ្ងៃ​ទី​៩ ​​វិច្ឆិ​កា​។​ ស្ថាប័ន​សម្រាប់​រៀបចំ​ការ​បោះ​ឆ្នោតជាតិ​មួយ​នេះ​គ្រោង​ចំណាយ​ប្រមាណ​ចំនួន​១​លាន​ដុល្លារ​អា​មេ​រិក​សម្រាប់​អនុវត្ត​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សាកល្បង​រយៈពេល​១៥​ថ្ងៃ​ ចាប់តាំងពី​ថ្ងៃ​ទី​១ វិច្ឆិកា ។

លោក​ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត គ​.​ជ​.​ប បាន​ថ្លែងថា ​គម្រោង​ចុះ​ឈ្មោះ​ទាំង​២៥​រាជធានី​-ខេត្ត​ក្នុង​ខែវិច្ឆិកា​នេះ​ត្រូវ​បាន​អនុវត្ត​ដោយ​មន្ត្រី​ជាប់កិច្ចសន្យា​។​ ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សាកល្បង​ថ្មី​នេះ​គ​.​ជ​.​ប​អនុវត្ត​ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ ដោយ​មានការ​សហការ​ពី​អ្នកបច្ចេកទេស​ជប៉ុន​ និង​ជំនួយ​ពី​សហ​គមន៍​អឺរ៉ុប​។

គ​.​ជ​.​ប បាន​បញ្ជាក់​ថា បុគ្គលិក​ដែល​បំពេញការងារ​នៅ​កន្លែង​ចុះ​ឈ្មោះ​ផ្ទាល់​នោះ​សុទ្ធតែ​មាន​ជំនាញ​គ្រប់គ្រាន់​ក្នុង​ការ​ប្រើប្រាស់​កុំព្យូទ័រ​ និង​មានការ​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​។ ​ការ​ចុះ​ឈ្មោះ​សាកល្បង​នេះត្រូវ​បាន​មន្ត្រី គ​.​ជ​.​ប អះអាង​ថា ធ្វើ​ឡើង​ដើម្បី​ស្ទង់​មើល​ពី​ប្រសិទ្ធិ​ភាព​នៃ​ការងារ​បោះ​ឆ្នោត ​និង​ដើម្បី​សរសេរ​បញ្ចប់​បទបញ្ជា ​និង​នីតិ​វី​ធី​នៃ​ការ​បោះ​ឆ្នោត​ផង​ដែរ​។

លោក​ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​គ​.​ជ​.​ប​បាន​ឲ្យ​ដឹង​ថា គ​.​ជ​.​ប គ្រោង​ចំណាយ​ថវិកា​ចំនួន​៥៤​លាន​ដុល្លារ​អា​មេ​រិ​ក​​សម្រាប់​ទិញ​សម្ភារ និង​ចំណាយ​លើ​បុគ្គលិក​ជាប់កិច្ចសន្យា​ចំនួន​៧​ពាន់​នាក់​នៅ​ក្នុង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នាំ​២០១៦​។

​អង្គការ​ខុមហ្វ្រែល​បានសាទរ​ចំពោះ​របៀប​ចុះ​ឈ្មោះ​ថ្មី​នេះ​ ហើយ​បាន​បញ្ជាក់​ថា​ លទ្ធផល​នៃ​ការ​សាកល្បង​នេះ​នឹង​ជួយ​ឲ្យ​មន្ត្រី​បោះ​ឆ្នោត​អនុវត្ត​ការងារ​បាន​ត្រឹមត្រូវ​នៅ​ដើមឆ្នាំ​២០១៦​ខាង​មុខ​។ យោង​តាម​ការ​ប៉ាន់ស្មាន​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោតបានឱ្យ​ដឹង​ថា​ ការ​ចុះ​ឈ្មោះ​អ្នកបោះឆ្នោត​ជា​ផ្លូវការ​នៅ​ដើមឆ្នាំ​២០១៦ ខាង​មុខ ចំនួន​ប្រជាពលរដ្ឋ​ដែល​ត្រូវចុះ​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មីនឹង​មាន​រហូត​ដល់​ជាង​១០​លាន​នាក់សម្រាប់​ចូលរួម​បោះ​ឆ្នោតជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​បីដែល​គ្រោង​រៀបចំ​ឡើង​នៅ​ឆ្នាំ​២០១៧៕