កម្មករ​អូស​ខ្សែភ្លើង​ម្នាក់​ត្រូវ​ចរន្តអគ្គិសនី​ឆក់​លើ​បង្គោល​ភ្លើង​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ

ខេត្តកណ្តាល ៖ យុវជន​ជា​កម្មករ​​អូស​ខ្សែ​ប្រព័ន្ធ​ភ្លើង​​ឱ្យ​ក្រុមហ៊ុន​ឯកជន​​ម្នាក់ ត្រូវ​ចរន្តអគ្គិសនី​ឆក់​​ស្លាប់ ខណៈ​កំពុង​ចាប់​ក​ញ្ចា​ប់​កាង​​សម្រាប់​ដាក់​ខ្សែភ្លើង​នៅ​លើ​បង្គោល ដែល​ហេតុការណ៍​នេះ​កើតឡើង ​កាលពី​វេលា​ម៉ោង​០៣ និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​០៨ វិច្ឆិកា ២០១៥ ស្ថិត​នៅ​ចំណុច​ចិញ្ចើម​ផ្លូវជាតិ​លេខ​១ ក្នុងភូមិ​គគីរ​ធំ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

ប្រភព​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​​ឈ្មោះ​យ៉ា​ត់ ពិសី អាយុ​២៣​ឆ្នាំ ជា​កម្មករ​អូស​ខ្សែភ្លើង មាន​ទីលំនៅ​ក្នុងភូមិ​ស្ទឹង ឃុំ​សំរោង​ធំ ស្រុក​​កៀនស្វាយ ខេត្តកណ្តាល ។

បើ​តាម​ប្រភព​ពី​កម្មករ​ដូច​គ្នា​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ពួក​គេ​បាន​​ឡើង​បង្គោល​ភ្លើង​មាន​កម្ពស់​ប្រហែល​៧​ម៉ែត្រ ​ដោយ​មាន​បំពាក់​ខ្សែក្រវាត់​ការពារ ដើម្បី​ចាប់​ក​ញ្ចា​ប់​អូស​ខ្សែភ្លើង​ដាក់​​ដែល​ជន​រង​គ្រោះជា​អ្នក​​ឡើង​លើ​គេ ។ ប្រភព​បន្ត​ថា ក្រោយ​ចាប់​
ក​ញ្ចា​ប់​រួច​ហើយ ក៏​នាំ​គ្នា​ទាញ​ខ្សែភ្លើង​ដាក់ ខណៈនោះ​ជន​រង​គ្រោះ​បាន​លូកដៃ​ទៅ​កាន់​ចំ​មុខដំណរ​ខ្សែភ្លើង​ខាងលើ ដែល​មាន​ភ្លើង បណ្តាល​ឱ្យ​ឆក់​តែ​ម្តង ។

បន្ទាប់​ពី​ដឹង​ថា ជន​រង​គ្រោះ​ត្រូវ​ឆក់​ហើយ​នោះ មេការ និង​មន្ត្រី​អគ្គិសនីម្នាក់​​ដែល​នៅ​មើល​ប្រចាំការ​២៤​ម៉ោង ​បានរ​ត់ទៅ​បិទ​បា​រែ​ត ហើយ​នាំ​គ្នា​ឡើង​ទៅ​ដោះ​ខ្សែក្រវាត់​ជួយ​ដាក់​ជន​រង​គ្រោះ​មក​ដី ហើយ​នាំ​គ្នា​សែង​ចូល​មណ្ឌល​សុខភាព​ឃុំ ដែល​នៅ​ជិត​កន្លែង​កើត​ហេតុ ដើម្បី​សង្គ្រោះ ។ ប៉ុន្តែ​ជា​អកុសល​ ពេល​បញ្ជូន​ទៅ​ដល់​មណ្ឌល​សុខភាព ជន​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ ។