មន្ត្រី​ស្ថានទូត​ស៊ែរ​ប៊ី​2​នាក់​ចាប់ពង្រត់​នៅ​លី​ប៊ី

ក្នុង​សេចក្តី​ប្រកាស​មួយ​ក្រសួងការបរទេស​ស៊ែរ​ប៊ី​រាយការណ៍​ថា មន្ត្រី​២​រូប​នៃ​ស្ថានទូត​ស៊ែរ​ប៊ី​ប្រចាំ​លី​ប៊ី ក្នុង​នោះ​មាន​នារី​ម្នាក់​ត្រូវ​ចាប់ពង្រត់​កាលពី​ថ្ងៃ​ទី​៨ វិច្ឆិកា ។

ដោយ​ពុំ​ផ្តល់​ភាព​លម្អិត​ស្តី​ពី​ពួក​អ្នក​ចាប់ពង្រត់​សេចក្តី​ប្រកាស​នេះ​គូសបញ្ជាក់​ថា មន្ត្រី​ទាំង​២​រូប​នេះ​នៃ​ស្ថានទូត​ស៊ែរ​ប៊ី​ត្រូវ​ចាប់ពង្រត់​នា​ព្រឹក​ថ្ងៃ​ទី​៨ វិច្ឆិកា នៅ​ទីក្រុង​ឆ្នេរសមុទ្រ SABRATHA ជាទី​តាំង​មួយ​របស់​ពួក​អ៊ិ​ស្លា​ម​និយម​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​៧០​គីឡូម៉ែត្រ ខាងលិច​រដ្ឋធានី​លី​ប៊ី​ក្រុង​ទ្រី​ប៉ូ​លី ។ យោង​តាម​ក្រុង​បែ​ល​ហ្គ្រា​ដ​ថា មន្ត្រី​ស្ថានទូត​ទាំង​២​រូប​នេះ​ដែល​ត្រូវ​ចាប់ពង្រត់​គឺ​លោកស្រី SLADJANA STANKOVIC ទទួល​បន្ទុក​ខាង​គមនាគមន៍ និង​អ្នក​បើករថយន្ត លោក JOVICA STEPIC ។

ក្រសួងការបរទេស​ស៊ែរ​ប៊ី​បញ្ជាក់​ថា បាន​រាយការណ៍​ព័ត៌មាន​នេះ​ដល់​អាជ្ញាធរ​លី​ប៊ី ហើយ​អះអាង​ថា នឹង​ធ្វើ​អ្វី​គ្រប់យ៉ាង យោង​ទៅ​តាម​សភាពការណ៍​លំបាក​នៅ​លី​ប៊ី ដើម្បី​ឱ្យ​មានការ​ដោះ​លែង​ជនជាតិ​ស៊ែរ​ប៊ី​ទាំង​២​នាក់​នេះ ។

ថ្លែង​តាម​ទូរទស្សន៍​ជាតិ RTS ប្រមុខ​ការទូត​ស៊ែរ​ប៊ី លោក IVICA DACIC បញ្ជាក់​ថា ក្បួន​រថយន្ត​របស់​បេសកកម្ម​ការទូត​ស៊ែរ​ប៊ី​មួយ​ខ្សែ​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះទៅ​កាន់​ប្រទេស​ទុ​យ​នី​ស៊ី ។ ឯកអគ្គរដ្ឋទូត​ស៊ែរ​ប៊ី​ស្ថិត​ក្នុង​រថយន្ត​មួយ ហើយ​មនុស្ស​ទាំង​២​នាក់​ដែល​ត្រូវ​ចាប់ពង្រត់​ជិះ​ក្នុង​រថយន្ត​មួយទៀត ។ មានការ​បាញ់ប្រហារ បណ្តាល​ឱ្យ​ជនជាតិ​លី​ប៊ី​ម្នាក់​រង​របួស​ត្រង់​ភ្លៅ ។

នៅ​លី​ប៊ី មេបញ្ជាការ​ម្នាក់​របស់​ក្រុមប្រឹក្សា​យោធា​នៃ​ក្រុមចម្រុះ​របស់​ពួក​ជីវពល FAJR LIBYA ដែល​ត្រួតត្រា​រដ្ឋធានី​លី​ប៊ី គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​៨ វិច្ឆិកា ប្រាប់ AFP ថា កងកម្លាំង​សន្តិសុខ​ទាំងអស់​ស្ថិត​ក្នុង​ស្ថានភាព​ប្រកាស​អាសន្ន​ក្នុង​ទីក្រុង​ក្រោយ​ការ​ចាប់ពង្រត់​នេះ​មក ហើយ​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​នានា ៕