ពួក​ឧទ្ទាម​យេ​ម៉ែ​ន​ហ៊ូ​ធី​ធ្វើការ​វាយលុក​ជា​ថ្មី​មួយ​នៅ​ភាគ​ខាងត្បូង​ប្រទេស

ប្រភព​ព័ត៌មាន​យោធា​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​៨ វិច្ឆិកា ថា ពួក​ឧទ្ទាម​ស៊ី​អីុ​ត​ហ៊ូ​ធី វាយ​ដណ្តើម​កាន់កាប់​ទីតាំង​នានា​នៅ​ភាគ​ខាងត្បូង​យេ​ម៉ែ​ន​នា​ឱកាស​នៃ​ប្រតិបត្តិការ​ថ្មី​មួយ​ដើម្បី​ដណ្តើម​យក​ទីក្រុង​អា​ដេ​ន ជា​កន្លែង​ដែល​រដ្ឋាភិបាល​យេ​ម៉ែ​ន ទើប​មក​បោះទីតាំង​នៅ​ទីនោះ​ឡើង​វិញ បន្ទាប់​ពី​វាយ​បណ្តេញ​ពួក​ឧទ្ទាម​ដែល​កំពុង​ត្រួតត្រា​រដ្ឋធានី​សា​ណា ។

យោង​តាម​ប្រភព​ព័ត៌មាន​នេះ​ថា នៅ​ខេត្ត LAHEJ ជាប់​ជិតខាង​ក្រុង​អា​ដេ​ន ពួក​ឧទ្ទាម​ស៊ី​អីុត ហ៊ូ​ធី និង​សម្ព័ន្ធមិត្ត​បាន​ដាក់​រាយ​កម្លាំង​លើ​កូនភ្នំ​មួយ​នៅ​ក្បែរ​មូលដ្ឋាន​អាកាសចរណ៍​យុទ្ធសាស្ត្រ AL ANAD ។ ចំណែក​ប្រភព​ព័ត៌មាន​មួយទៀត​រៀបរាប់​ប្រាប់ AFP ថា កងទ័ព​ស៊ូ​ដង់​ដែល​ចូលរួម​ក្នុង​ក្រុមចម្រុះ​អា​រ៉ាប់​នាំមុខ​ដោយ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ជួយ​ទ្រទ្រង់​ដល់​កងកម្លាំង​រដ្ឋាភិបាល​យេ​ម៉ែ​ន​បោះទីតាំង​នៅ AL ANAD នេះ ។ ការ​ដាក់​ពង្រាយ​កម្លាំង​របស់​ពួក​ឧទ្ទាម​លើ​កូនភ្នំ​នេះ​វា​ជា​គ្រោះថ្នាក់​យ៉ាង​ពិតប្រាកដ​មួយ ។

ជាមួយ​ការ​ជួយ​ទ្រទ្រង់​របស់​ក្រុមចម្រុះ​អា​រ៉ាប់ ទាំង​ជើង​អាកាស​ទាំង​ជើ​គោក និង​សម្ភារ កងទ័ព​រដ្ឋាភិបាល​យេ​ម៉ែ​ន​បាន​បើក​ការ​វាយលុក​ធំ​មួយ​កាលពី​ខែកក្កដា មក ដោយ​វាយ​បណ្តេញ​ពួក​ឧទ្ទាម​ចេញពី​ទីក្រុង​អា​ដេ​ន និង​ខេត្ត​៤​ទៀត​នៅ​ភាគ​ខាងត្បូង​ប្រទេស គឺ​ខេត្ត LAHEJ ខេត្ត DHALEH ខេត្ត ABYANE និង​ខេត្ត CHABWAS ។ ការ​ប្រយុទ្ធ​គ្នា​នានា​កើត​មាន​កាលពី​ថ្ងៃ​ទី​៧ វិច្ឆិកា នៅ​ក្រុង AL MADARIBAH ជាប់​ព្រំដែន​រវាង​ខេត្ត LAHEJ និង​ខេត្ត TAEZ ។ ពួក​ឧទ្ទាម​វាយ​ដណ្តើម​កាន់កាប់​វិញ​នូវ​ទីក្រុង DAMT ជាទី​ក្រុង​ធំ​ទី​២​នៃ​ខេត្ត DHALEH បន្ទាប់​ពី​ឡោម​ព័ទ្ធ​ទីក្រុង​នេះ​ជា​ច្រើន​ម៉ោង ហើយ​ប៉ះទង្គិច​គ្នា​ជាមួយ​កងទ័ព​រដ្ឋាភិបាល​មក ។ ការ​ប្រយុទ្ធ​គ្នា​បណ្តាល​ឱ្យ​មនុស្ស​១៦​នាក់​ស្លាប់ ។ កងកម្លាំង​ស្មោះត្រង់​នឹង​ប្រធានាធិបតី លោក​អាប​ដ៏ រ៉ា​បូ ម៉ា​ន​សួរ ហា​ឌី ដែល​ភៀសខ្លួន​ទៅ​កាន់​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ត្រូវ​បង្ខំចិត្ត​ដកថយ​ចេញពី​ទីក្រុង​នេះ ។

បណ្តា​អ្នក​ទទួលខុសត្រូវ​មូលដ្ឋាន​គូសបញ្ជាក់​ថា កង​យន្តហោះ​របស់​ក្រុមចម្រុះ​នា​រសៀល​ថ្ងៃ​ទី​៨ វិច្ឆិកា បាន​ធ្វើការ​វាយប្រហារ​យ៉ាង​ខ្លាំងក្លា​លើ​បណ្តា​ទីតាំង​កាន់កាប់​ដោយ​ពួក​ឧទ្ទាម​ក្នុង​តំបន់​នេះ ។

នៅ​ខេត្ត MARIB ខាងកើត​រដ្ឋធានី​សា​ណា ទាហាន​រដ្ឋាភិបាល​១៦​នាក់​បាន​ត្រូវ​ស្លាប់ ហើយ​៦​នាក់​ទៀត​រង​របួស​កាលពី​យប់​ថ្ងៃ​ទី​៨ វិច្ឆិកា ពេល​រថយន្ត​ពួក​គេ​បើក​កិន​គ្រាប់​មីន​១​គ្រាប់​ផ្ទុះ ។ ការ​ផ្ទុះ​គ្រាប់​មីន​នេះ​កើត​មាន​តាម​ផ្លូវថ្នល់ ពី​ជំរំ​យោធា SAHN ទៅ​ភាគ​ពាយ័ព្យ ទីក្រុង MARID ទីប្រជុំជន​ខេត្ត​មានឈ្មោះ​ដូច​គ្នា​នេះ ។ ទីក្រុង​នោះ​កាន់កាប់​ដោយ​កងកម្លាំង​ស្មោះត្រង់​រដ្ឋាភិបាល ដែល​ជួប​ការ​លំបាក​ក្នុង​ការ​វាយ​រុលទៅមុខ​ឆ្ពោះទៅ​កាន់​រដ្ឋធានី​សា​ណា ស្ថិត​ក្នុង​ដៃ​ពួក​ឧទ្ទាម ។

នៅ​ទីក្រុង​ជាប់មាត់​សមុទ្រ DHOUBAB ជិត​ច្រក​សមុទ្រ​យុទ្ធសាស្ត្រ BAB AL MANDEB ពួក​ឧទ្ទាម​ដណ្តើម​កាន់កាប់​មូលដ្ឋាន​យោធា​មួយ ក្រោយ​ការ​ប្រយុទ្ធ​គ្នា​ដែល​បណ្តាល​ឱ្យ​ពួក​ឧទ្ទាម​ស្លាប់​១១​នាក់ ហើយ​កងកម្លាំង​ស្មោះត្រង់​រដ្ឋាភិបាល​បាត់បង់​មនុស្ស​៦​នាក់ ។

ជម្លោះ​នៅ​ប្រទេស​យេ​ម៉ែ​ន​មាន​សភាព​ខ្លាំងក្លា​ចាប់តាំងពី​ខែមីនា​មក ពេល​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ធ្វើ​ប្រមុខ​ក្រុមចម្រុះ​អា​រ៉ាប់ ក្នុង​គោលបំណង​រារាំង​ការ​រុលទៅមុខ​របស់​ពួក​ឧទ្ទាម​គាំទ្រ​ដោយ​អុ​ី​រ៉​ង់ ដែល​កាន់កាប់​រដ្ឋធានី​សា​ណា និង​ផ្នែក​មួយ​ធំ​នៃ​ប្រទេស​យេ​ម៉ែ​ន ។ ពួក​ឧទ្ទាម​ហ៊ូ​ធី និង​សម្ព័ន្ធមិត្ត​គឺ​បណ្តា​កងឯកភាព​យោធា ដែល​នៅ​ស្មោះត្រង់​នឹង​អតីត​ប្រធានាធិបតី​លោក អា​លី អាប់​ដាល់​ឡា​ហ៍ សា​ឡេ​ហ៍ អាច​ជា​ពិសេស​ដណ្តើម​កាន់កាប់​ក្រុង​អា​ដេ​ន បង្ខំ​ឱ្យ​ប្រធានាធិបតី​រត់​ភៀសខ្លួន​ពី​ទីនោះ​មុន​ពេល​ត្រូវ​វាយ​បណ្តេញ​កាលពី​ខែកក្កដា ។

អ្នក​ទទួលខុសត្រូវ​យោធា​ជាន់ខ្ពស់​ម្នាក់​និយាយ​ថា ជាមួយ​ការ​វាយ​រុលទៅមុខ​ជា​ថ្មី​នេះ​ពួក​ហ៊ូ​ធី និង​សម្ព័ន្ធមិត្ត​ប៉ុនប៉ង​វិល​ត្រឡប់​មក​កាន់​ក្រុង​អា​ដេ​ន​វិញ ៕