កងទ័ព​ស៊ី​រី​ដណ្តើម​កាន់កាប់​ផ្លូវថ្នល់​សំខាន់​មួយ​ពី​ពួក​ឧទ្ទាម

ខណៈ​គេ​រង់ចាំ​មើល​ប្រតិកម្ម​របស់​រុ​ស្ស៊ី ប្រសិនបើ​យន្តហោះ​រុ​ស្ស៊ី​ធ្លាក់​នៅ​អេ​ហ្ស៊ី​ប​ពិតជា​ដោយ​ការ​វាយប្រហារ​ភេរវកម្ម​នោះ ក្រុង​មូ​ស្គូ​នៅ​បន្ត​ការ​វាយលុក​តាម​អាកាស​របស់​ខ្លួន​នៅ​ស៊ី​រី​។

ទីតាំង​ពួក​ឧទ្ទាម​មួយ​រង​ការ​វាយប្រហារ​កាលពី​ថ្ងៃ​ទី​៨ វិច្ឆិកា នៅ​ជិត​ក្រុង​ដា​ម៉ាស់ បណ្តាល​ឱ្យ​ជន​ស៊ី​វិល​ស្លាប់​២៣​នាក់ ។ ក្រុម​មួយ​របស់​ទូរទស្សន៍​បារាំង FRANCE-2 អាច​ធ្វើ​ដំណើរ​តាម​ផ្លូវថ្នល់​មួយ​ភ្ជាប់​ក្រុង​ដា​ម៉ាស់​ទៅ​កាន់​ភាគ​ឦសាន​ប្រទេស ក្នុង​តំបន់​យុទ្ធសាស្ត្រ​មួយ​ទើប​ដណ្តើម​យក​បាន​ពី​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។ រថយន្ត​កាំ​មី​ញ៉ុ​ង​ដឹក​ទំនិញ​នានា​អាច​បើក​តាម​ផ្លូវថ្នល់​នេះ ដែល​ទើប​បើក​ក្រោយ​១០​ថ្ងៃ​នៃ​ការ​ប្រយុទ្ធ​គ្នា ។ តាម​ដងផ្លូវ​នេះ​គេ​ឃើញ​ខ្មោច​រថយន្ត​ដែល​ឆេះ​ខ្លោច​នៅ​រ៉ា​យ​ប៉ាយ ។ កងទ័ព​ស៊ី​រី​បាន​ត្រួតត្រា​សភាពការណ៍​នៅ​តំបន់​នោះ ក៏​ប៉ុន្តែ​នៅ​ភាគ​ខាងត្បូង​ប្រទេស​កងទ័ព​រដ្ឋាភិបាល​ខិតខំ​វាយ​រុញច្រាន​ការ​វាយលុក​មួយ​របស់​ពួក​ជី​ហា​ដ ៕