មាន​ពាក្យ​ចចាមអារ៉ាម​ថ្មី​ៗ​ពី​ការ​ដាក់ទោស​អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​កូរ៉េ​ខាងជើង​ម្នាក់

មាន​ពាក្យ​ចចាមអារ៉ាម​ថ្មី​ៗ​ពី​ការ​ដាក់ទោស​មេដឹកនាំ​ជាន់ខ្ពស់​មួយ​រូប​របស់​កូរ៉េ​ខាងជើង បន្ទាប់​ពី​ការ​ចេញផ្សាយ​បញ្ជី​ឈ្មោះ​បណ្តា​អ្នកចូលរួម​ក្នុង​ពិធី​បញ្ចុះសព​សេនាប្រមុខ RI UL SOL ដែល​ទទួលមរណភាព​ដោយសារ​ជំងឺមហារីក​សួត​កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ ហើយ​ពិធី​បញ្ចុះសព​នោះ​ត្រូវធ្វើ​នា​ថ្ងៃ​ទី​១១ វិច្ឆិកា ។

ក្នុង​បញ្ជី​ឈ្មោះ​អ្នកចូលរួម​សំខាន់​ៗ១៧០​រូប ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៨ វិច្ឆិកា ដោយសារ​ព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង ដោយ​ឈ្មោះ​ពីលើ​គេ​គឺ​មេដឹកនាំ​កំពូល​លោក​គី​ម ជុង​អ៊ុ​ន តែ​ក្នុង​បញ្ជី​នេះ​ពុំ​មានឈ្មោះ​របស់​ទីប្រឹក្សា​ដ៏​ខ្លាំង​ម្នាក់​ក្នុង​ចំណោម​ទីប្រឹក្សា​ខ្លាំង​ៗ​របស់​លោក​គី​ម ជុង​អ៊ុ​ន ។ លោក CHOE RYONG HAI សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយ​របស់​បក្ស​ពលករ​កូរ៉េ​ចាត់ទុកជា​មនុស្ស​ជំនិត​បំផុត​របស់​មេដឹកនាំ​កូរ៉េ​ខាងជើង ពុំ​ឃើញ​មានឈ្មោះ​ក្នុង​បញ្ជី ។

ទោះបីជា​លោក​ឈឺ ក៏​លោក CHOE ត្រូវ​មានឈ្មោះ​ក្នុង​បញ្ជី​នេះ​ដែរ រួច​បើ​តាម​ពួក​អ្នកឯកទេស​ថា​ការ​បាត់ឈ្មោះ​លោក​ពុំ​មែន​ជា​លទ្ធផល​នៃ​ការ​ច្រឡំ​មួយ​ឡើយ ។

លោក CHEONG SEONG CHANG អ្នកវិភាគ​នៃ​វិទ្យាស្ថាន SEJONG ក្រុង​សេ​អ៊ូ​ល​ធ្វើ​អត្ថាធិប្បាយ​ថា វា​ពុំ​អាច​មាន​បែប​នេះ បើ​គ្មាន​ការ​ដក​តំណែង​សំខាន់​របស់​លោក​ទេ​នោះ ។ ខ្ញុំ​សង្ស័យ​ថា លោក CHOE អាច​មានរឿង​ធ្ងន់ធ្ងរ​មួយ​ដូច​ជា​រឿងអាស្រូវ​ពុក​រលួយ​ធំ ឬ​ការ​បរិហារកេរ្តិ៍​ជាដើម ។

រីឯ​អ្នកនាំពាក្យ​ម្នាក់​របស់​ក្រសួង​បង្រួបបង្រួម​កូរ៉េ​ខាងត្បូង ក៏​មានការ​សង្ស័យ​លើ​អវត្តមាន​នេះ​ដែរ ។ អ្នកនាំពាក្យ​រូប​នេះ លោក JEONG JOON HEE និយាយ​ថា យើង​ចាត់​ទុក​រឿង​នោះ​ថា ពិតជា​ខុស​ពី​ទម្លាប់​ពុំ​ធ្លាប់​ឃើញ​ពី​មុន​ៗ​មក ។

តាម​រូបភាព​នានា​របស់​ទូរទស្សន៍​រដ្ឋ​កូរ៉េ​ខាងជើង លោក CHOE ក្នុង​បុណ្យសព​កាលពី​ថ្ងៃ​ទី​៨ វិច្ឆិកា ក៏​ពុំ​បានឃើញ​រូប​លោក​ដែរ ខណៈ​ពិធី​បុណ្យសព​ចូលរួម​ដោយ​លោក​គី​ម ជុង​អ៊ុ​ន និង​បណ្តា​នាយទាហានជាន់ខ្ពស់​ក៏​ដោយ ៕